អំពី​ពាក្យ វម៌្ម និង វរ្ម័ន


បើ​ជន​ជាតិ​ខ្មែរ​ចារ​​សិលាចារឹក បុព្វ​បុរស​ខ្មែរ​បុរាណ​សរសេរ​ថា «–វម៌្ម» ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​ស្គាល់​និង​ប្រើ​ជា «–វរ្ម័ន Varman» ទៅ​វិញ ? តាម​សម្ដេច​សង្ឃរាជ ជួន ណាត «វរ្ម័ន» ជា​ភាសា​សំស្ក្រឹត (វម៌ន) មាន​ន័យ​ថា​ក្រោះ​ ឬ​អាវ​ក្រោះ​(សម្រាប់​ពាក់​ការពារ​ដើម​ទ្រូង ឬ​ខ្លួន) ឬ​ជា​អ្នក​ការ​ពារ ។ វា​ជា​នាម​ដែល​មិន​ទាន់​បំបែក ឬ​ជា​ពាក្យ​ដើម (Infinitive) ។ លោក​ ឈឹម ក្រសេម ក៏​បាន​បញ្ចេញ​មតិ​លើ​ពាក្យ «វរ្ម័ន» នេះ​ដែរ ។ ដោយ​លោក​បាន​ពន្យល់​ថា ពាក្យ «វរម័ន» ដែល គេ​ប្រើ​នា​ពេល​សព្វ​ថ្ងៃ (នៅ​សម័យ​អាណា​ព្យាបាល​បារាំង) ពី​ដើម​ខ្មែរ​យើង​សរសេរ​ជា «វម៌្ម» ឬ «ពម៌្ម» បន្ទាប់​មក​តាម​ពង្សាវតារ​ជាន់​ក្រោយ​ (អង្គរ) សរសេរ​ជា «ព៌ា» ឬ «ពាណ៌» ដូច​យ៉ាង ​ព្រះ​នាម​​ស្ដេច​មួយ​អង្គ​ថា «សុរិយោពាណ៌» ដែល​នេះ​គឺ ​«សុរិយវម៌្ម​» ឬ ​«សុរិយពម៌្ម» ។

បើ​តាម​ អ្នក​ស្រី​បណ្ឌិត ពៅ សាវរស ថា​ពាក្យ «វម៌្ម»​ នេះ​អ្នក​ប្រាជ្ញ​បារាំង​បុរាណ (មាន​ Louis Finot G.coedès… etc) ចាប់​អារម្មណ៍​ក៏​ភ្ជាប់​ភ្លាម​ទៅ​នឹង​អក្សរ​តាមិល (Tamil) គឺ Varman ដាច់​ខាត ។ ដោយ​សារ​ពួក​គាត់​គ្មាន​ពេល​ពិចារណា​លើ​ឯកសារ​ដ៏​ច្រើន​អនេក​នោះ​ទេ ។ រី​ឯ​ពាក្យ​ដែល​ខ្មែរ​បុរាណ​បាន​ខ្ចី ​(វម៌ន) មក​ប្រើ​ត្រឹម​តែ​ «វម៌្ម» ប៉ុណ្ណោះ ដែល​ពាក្យ​នេះ អាច​អាន​ថា វ័រព័រ bar,b>>ដូច​គ្នា​នឹង​ពាក្យ ធម៌ ពណ៌ គភ៌ និង​ព្រះ​នាម សុរិយោពម៌ (មហាក្សត្រ​ខ្មែរ​នៅ​ដើម​សតវត្ស​ទី​១៧) ។ បើ​តាម​ភាសា​ខ្មែរ​មាន​តែ​ប៉ុណ្ណឹង​ចំណែក​នៅ​ក្នុង​វចនានុក្រម​របស់​អ្នក​ស្រី, varma ​ថា​ជា​ភាសា​សំស្ក្រឹត ។

រី​ឯ​ក្នុង​វចនានុក្រម​ភាសា​សំស្ក្រឹត varman មានន័យ​ថា ស្រោម​សំបុត្រ​ (envelope) ឬ​អាវ​ក្រោះ​ការ​ពារ (defensive armour) ។ បើ​តាម ​ឬ​គ្វេទ ថា​ varman ជា ក្រោះ (shelter) ការ​ពារ (defense) និង​ការ​ថែរក្សា​ការ​ពារ ​(protection) ដែល​ជា​ញឹក​ញាប់​គេ​ប្រើ​នៅ​ខាង​ចុង​នាម​ក្សត្រិយ៍ ឬ​ជា​ឈ្មោះ​នៃ​រូប​មន្ត​គាំ​ពារ និង​អ្នក​បួស​សួង​ពិសេស ហើយ​ varman ជា​ពាក្យ​នៅ​ក្នុង​សមាសធាតុ​ពាក្យ (in compound for) varman បើជា varma វិញ​សម្គាល់​ភេទ​ស្រី​ ។

តាម​ការ​ពិត អ្នក​ប្រាជ្ញ​ខ្មែរ​បុរាណ​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ សុខុម លើ​បញ្ហា​ភាសា​សំស្ក្រឹត ទើប​លោក​ទាំង​នោះ អាច​និពន្ធ​ជា​អត្ថបទ​កំណាព្យ​សំស្ក្រឹត​បាន​យ៉ាង​ល្អ រហូត​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​សំស្ក្រឹត​ជាតិ​ឥណ្ឌា​សព្វ​ថ្ងៃ កមលេស្វរ ភត្តឆយ៌ៈ (KAMALESWAR BHATTACHARYA) អះ​អាង​ថា អត្ថបទ​ទាំង​នោះ​មាន​អត្ថន័យ​អត្ថរូប និង​អត្ថរស​ល្អ​វិសេស មិន​ចាញ់​ស្នា​ដៃ​របស់​អ្នក​ប្រាជ្ញ​នៅ​ស្រុក​ឥណ្ឌា ដែល​ជា​ម្ចាស់​ភាសា​ផ្ទាល់ នា​សម័យ​ជា​មួយ​គ្នា​នោះ​ឡើយ ។ ដូច​ជា អត្ថបទ​កំណាព្យ​សំស្ក្រឹត​មួយ​ផ្ទាំង​ដ៏​ធំ​-វែង ចារឹក​នា​ឆ្នាំ​៩១៦ នៅ​ប្រាសាទ​ប្រែ​រូប ជា​បទ​ មនោហរៈ ដែល​គេ​មិន​ដែល​ឃើញ​មាន​សោះ​នៅ​ស្រុក​ឥណ្ឌា​។

ហេតុ​នេះ ការ​ខ្ចី​ពាក្យ​ឥណ្ឌា «វម៌ន» មក​សរសេរ​ជា «វម៌្ម» ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​វិភត្តិ​បែប​នេះ មិន​មែន​ជា​ការ​ ខុស ​នោះ​ទេ ត្បិត​សំស្ក្រឹត​តែង​មាន​ការ​ផ្លាស់​ប្ដូរ​វិភត្តិ​ទៅ​តាម​ បុរិសៈ និង​កាល​ស្រប​តាម​ក្បួន​វេយ្យាករណ៍​ជាក់​លាក់​ដែល​ការ​នេះ​មិន​ខុស​គ្នា​ពី​ក្បួន​វេយ្យាករណ៍​ភាសា​ឥណ្ឌូ-អឺរ៉ុប​នោះ​ទេ ។ បើ​តាម​លោក​ ព្រហ្មចារីយ សាស្ត្រាចារ្យ​ភាសា​សំស្ក្រឹត នៅ​ពុទ្ធិក​មហាវិទ្យាល័យ​ព្រះ​សីហនុរាជ ថា varman ជា​នាម​ដើម (Infinitive) ក្នុង​ភាសា​សំស្ក្រឹត ។ ប្រសិន​បើ​គេ​យក​ពាក្យ​នេះ​មក​ប្រើ​សម្រាប់​ហៅ​ឈ្មោះ​មនុស្ស វា​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ វិភត្តិ​ជា​ចាំ​បាច់ ដើម្បី​តម្រូវ​ការ​ក្បួន​វេយ្យាករណ៍ varman ត្រូវ​ក្លាយ​ជា varmma វម៌្ម (ទម្រង់​បុរាណ) ឬ Varma វម៌ (ទម្រង់​ថ្មី) ឬ varma វម៌្មា (សម្រាប់​ភេទ​ស្រី )​។

ដូច្នេះ ប្រការ​ដែល​ខ្មែរ​សព្វ​ថ្ងៃ​សរសេរ និង​ហៅ​ពាក្យ វរ្ម័ន តាម​គេ ​(បារាំង) យ៉ាង​នេះ មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​បុព្វ​បុរស ធ្លាប់​បាន​ប្រើ​ប្រាស់​ពាក្យ​នេះ​ជា​យូរ​មក​ហើយ​ថា វម៌្ម ឬ​ ពម៌ (នៅ​ចុង និង​ក្រោយ​សម័យ​អង្គរ) ។ ហេតុ​នេះ​គប្បី​អ្នក​ស្រាវជ្រាវ​ខ្មែរ​ទាំង​អស់​គ្នា ជួយ​ពិចារណា​ឡើង​វិញ ។

***

ដកស្រង់ ៖ កំណត់​សម្គាល់ និង​ការ​ប្រើ​ប្រាស់ នាម​ព្រះ​មហាក្សត្រ​ខ្មែរ នា​​សម័យ​បុរាណ តាម​រយៈ​សិលាចារឹក
Note on the Name of Ancient Khmer King and Its Orthographical Usage: Through Inscriptions

ដោយ ៖ វង់ សុធារ៉ា, សាស្ត្រាចារ្យ​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា នៃ​សកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អំពី​សិលាចារឹក​ខ្មែរ and tagged , , , , . Bookmark the permalink.

2 Responses to អំពី​ពាក្យ វម៌្ម និង វរ្ម័ន

  1. achharia ថា:

    រៀបរាប់ដូចវែងឆ្ងាយមេ្ល៉ះតាម៉ាប់ វរ្ម័ន មកពីពាក្យអង្លេសថា warman ប្រែថាអ្នកចំបាំង ។
    ដូច ស្ករ ដែរដែលក្លាយពីបាលីថា សក្ខរា មកពីពាក្យអង្លេស sugar បារាំងហៅតាមថា sucre ។
    ខ្ញុំលឺគេថាទេណា តិចលោមែនទៅ ហេហេ… 😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s