អំពីពាក្យ វម៌្ម និង វម៌្មទេវ


ដូច​បាន​បង្ហាញ​ពី​ខាង​លើ​ហើយ ថា​នាម​របស់​ព្រះ​មហាក្សត្រ​សម័យ​អង្គរ​តែង​តែ​បញ្ចប់​ដោយ​ពាក្យ «ទេវ Deva» ទាំង​អស់ ។ ប៉ុន្តែ បុព្វ​អ្នក​ប្រាជ្ញ​បារាំង​បាន​កាត់​ពាក្យ «ទេវ» នេះ​ចោល​ហើយ​ដាក់​ត្រឹម​តែ​ពាក្យ «វរ្ម័ន» នៅ​ខាង​ចុង ដូច​ដែល​លោកអ្នក​ឃើញ​នា​ពេល​បច្ចុប្បន្ន ។ ប្រការ​នេះ​ធ្វើ​ឲ្យ​អ្នក​អាន​ ឬ​អ្នក​សិក្សា​មួយ​ចំនួន​មាន​ការ​ងឿង​ឆ្ងល់ ​ឬ​ភ័ន្ត​ច្រឡំ នៅ​ពេល​អាន​ផ្ទាំង​សិលាចារឹក​ដើម ពេល​នោះ​គេ​ក៏​មិន​អាច​បែង​ចែក​បាន ចំពោះ​នាម​របស់​មន្ត្រី​ទាំង​ឡាយ ​និង​របស់​ព្រះ​រាជា ។ ពី​ព្រោះ​តែ​នៅ​សម័យ​​អង្គរ ងារ «វម៌្ម» ត្រូវ​បាន​គេ​បំបាត់​ឲ្យ​ដល់​មន្ត្រី​ទាំង​ឡាយ​ឋានៈ​ ចាប់​ពី​មេ​តម្រួត​ពល​ថ្នាក់​ស្រុក​ឡើង​ទៅ ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ គេ​មិន​បាន​យល់​អំពី​អ្វី​ជា «ទេវ​រាជា» (កម្រតេង​​ ជគត ​​​​​​​ត រាជ) ដែល​បាន​ផ្ដើម​សម្ពោធ​ឡើង ចាប់​ពី​រាជ្យ​ព្រះ​បាទ «​ជយ​វម្ម៌ ទី​២» ឆ្នាំ​៨០២ គ.ស. ។

តាម​ចារឹក​ស្តុក​កក់​ធំ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ផ្លាស់​រាជ​ធានី​អស់​ជា​ច្រើន​ដង ប្រយោជន៍​​បង្ក​រ​លក្ខណៈ​​ងាយ​ស្រួល​ដល់​កិច្ច​បង្រួប​បង្រួម​ជាតិ ធ្វើ​សន្តិភាព​និង​ឯកភាវូបនីយកម្ម​នយោបាយ ចុង​ក្រោយ​បង្អស់ ​ព្រះ​អង្គ​បាន​អញ្ជើញ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ «ហិរណ្យទាម» ដែល​ជា​អ្នក​ប្រាជ្ញ​មាន​ចំណេះ​វិជ្ជា ខ្ពង់​ខ្ពស់​ខាង​មន្ត​អាគម មក​ធ្វើ​ពិធី​បន្ថែម​ (វិធី​លេហ=Supplementary Ceremony) ប្រឡេះ​ ប្រទេស​កម្ពុជា (Kambujadeśa) កុំ​ឲ្យ​វិល​ទៅ​នៅ​ក្រោម​អំណាច​របស់​ជ្វា​ទៀត​ និង​ធ្វើ​ឲ្យ​មាន​តែ​ព្រះ​មហាក្សត្រ (ជយ​វម៌្ម ទី​២) មួយ​អង្គ​ប៉ុណ្ណោះ​ជា «ស្ដេច​ចក្រពត្តិ» ឬ «ចក្រ​វត៌ិន)» (Soverign ruler=Cakravartin) ដោយ​ព្រាហ្មណ៍​នោះ សេក​មន្ត​អាគម​គាថា​ខាង​សាសនា (Magic-religious) តាម​គម្ពីរ​វិនាសិខ (Vinā’sikha) ប្រតិស្ឋាន កម្រ​តេង ជគត តរាជ (Kamraten jagat ta rāja=the master of the Universe who is the King or Dieu-roi) គឺ «ទេវ​រាជា» ។ ពី​ព្រោះ បើ​តាម​ភាសា​ខ្មែរ​បុរាណ កម្រ​តេង​​ជគត​ = អាទិទេព ឬ​ ​ទេវ, តរាជ​ = ដែល​ជា​ព្រះ​មហាក្សត្រ ឬ​ ព្រះ​រាជា ។ បន្ទាប់​មក ព្រាហ្មណ៍ «ហិរណ្យ​ទាម​ » និង​ព្រះ​រាជា​បាន​បញ្ញត្តិ​ឲ្យ បច្ឆាជន​នៃ​វង្ស​របស់ ព្រាហ្មណ៍ «សិវកៃវល្យ» តែ​មួយ​គត់​ជា​អ្នក​គ្រប់​គ្រង​ថែរក្សា «កម្រតេង ជគត តរាជ» និង​មាន​នាទី​ប្រតិបត្តិ​ពិធី​សាសនា​តាម​ធម្មភាព ដែល​ខ្លួន​បាន​រៀន​ចេះ​ពី​ព្រាហ្មណ៍​ «​ហិរណ្យ​ទាម» ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​នេះ​ឯង ត្រូវ​បាន​ទទួល​ឋានៈ​ជា អគ្គរាជ​បុរោហិត (អាចាយ៌្យ ប្រធាន​ ​ឬ​
ហោត​រតអគ្រ) របស់​ព្រះ​រាជា​ផង​ដែរ ។

ចំណែក​ព្រះ​រាជា ដែល​សោយ​រាជ្យ​ជា​បន្ត​បន្ទាប់​មក​ក៏​យក​តម្រាប់​តាម​មាគ៌ា​របស់​ព្រះ​អង្គ រហូត​ដល់​រាជ្យ ព្រះ​បាទ​ «ហស៌វម៌្ម​​ ទី​៣» និង «ជយ​វម្ម៌ ទី​៦» ទើប​យើង​លែង​ឃើញ​មាន​និយាយ​ដល់ «កម្រ​តេង ជគត តរាជ» ហើយ​រាជ​បុរោហិត​ដែល​មាន​នាទី​ជា «ហោតរត​អគ្រ» ក៏​មិន​មែន​ជា​បច្ឆាជន​របស់​​ «សិវកៃ​វល្យ»​ ​ដែរ តែ​ជាគ្រួសារ​មួយ​នៃ​វណ្ណៈ​ទី​៣ «កម៌្មាន្តរ» ដែល​មាន​ដើម​កំណើត​នៅ​ ភូមិ​វ្នុរទ្នង (ស្រុក​វ្នុរទ្នង=ទួល​ថ្នង់?) ស្រុក​សឡា (វេសយសឡា) ។ បុព្វ​បុរស​នៃ​សន្ដាន​នោះ «វ្រះ​កម្រ តេង​អញ​វិន្ទុ​ទេវ» ជា​បុរោហិត​នៅ​ឯ​ ប្រាសាទ​ស្រី​ជលាង្គេស្វរ (ប្រាសាទ​ព្រះ​ធាតុ​ទឹក​ឆា ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម) និង​បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​ទៀត ជា​បុរោហិត​នៅ​ទី​សក្ការ​បូជា​ដទៃ​ទៀត តាំង​ពី​រាជ្យ​ព្រះ​បាទ «ជយវម៌្ម ទី​៣» ។ នៅ​ក្នុង​ត្រកូល​​នោះ​គ្រប់​ជំនាន់ មាន​អ្នក​ល្បី​ល្បាញ ជា​រាជ​បុរោហិត​សំខាន់​ៗ សម្រាប់​ព្រះរាជា ដែល​រហូត​ដល់​ដំណាច់​សតវត្ស​ទី​១១ មាន​
«វា​គី​ស្វរ​បណ្ឌិត»​ និង​ «ទិវាករ​បណ្ឌិត» ដែល​ជា​អ្នក​បាន​ដឹក​នាំ​ធ្វើ​ពិធី​បូជា​សំខាន់​ៗ នៅ​ក្នុង​រាជ្យ​ព្រះ​បាទ «ឧទយាទិត្យ​វម៌្ម​​​​​ ទី​២» «ហសិវម៌្ម ​ទី​៣» និង​ជា​ពិសេស ជា​អ្នក​ធ្វើ​ពិធី​រាជាភិសេក ព្រះ​បាទ​«ជយវម៌្ម ​ទី​៦» «ធរណិន្ទ្រវម៌្ម ​ទី​១» និង «​សូរ្យវម៌្ម​​ ទី​២» ​ឡើង​សោយ​រាជ្យ​​ ។ ទោះ​ជា​មាន​ការ​ប្រែ​ប្រួល​ខ្លះ នៅ​ចុង​សតវត្ស​ទី​១១ ​យ៉ាង​នេះ​ក្ដី​ ក៏​នាម​របស់​ព្រះ​រាជា​ ដែល​បញ្ចប់​ដោយ​ពាក្យ «វម៌្ម​ទេវ» មិន​បាន​ប្រែ​ប្រួល ឬ​ត្រូវ​គេ​បោះ​បង់​ចោល​ដែរ ។

នេះ​ជា​​ទឡ្ហីករណ៍​​មួយ បង្ហាញ​អំពី​មូល​ហេតុ​នៃ​ការ​ប្រើ​ពាក្យ «ទេវៈ» របស់​ព្រះ​រាជា​ខ្មែរ​នៅ​សម័យ​អង្គរ ។ ចំណែក​បញ្ហា​មួយ​ទៀត ដែល​គួរ​លើក​យក​មក​ពិចារណា​ដែរ​នោះ គឺ​ពាក្យ «-វម៌្មទេវ» នេះ យើង​ឃើញ​មាន​ប្រើ​តាំង​ពី​សម័យ​មុន​អង្គរ​មក​ម្ល៉េះ គឺ​ប្រហែល​ជា​ក្នុង​រាជ ព្រះ​បាទ​ «ជយវម្ម៌​ ទី​១​» ស្ទួន នៅ​អំឡុង​ពាក់​កណ្ដាល​ទី​២ នៃ​សតវត្ស​ទី​៨ ដែល​សិលាចារឹក​ពីរ​ជា​ភាសា​សំស្ក្រឹត ស្ដី​អំពី​ព័ត៌មាន​របស់​ព្រះ​អង្គ ត្រូវ​បាន​គេ​បាន​រក​ឃើញ​នៅ​​ ប្រាសាទ​ព្រះ​ធាតុ​ព្រះ​ស្រី ក្នុង​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ដែល​មាន​កាល​បរិច្ឆេទ​ឆ្នាំ ៧៧០ គ.ស ។ មួយ​ទៀត​នៅ​ ល្បើក​ស្រុត​ ទិស​ឦសាន​នៃ​ ខេត្ត​ក្រចេះ ​ចម្ងាយ​ប្រមាណ​៤០​គ.ម ដែល​មាន​កាល​បរិច្ឆេទ​ឆ្នាំ​៧៨១ គ.ស. ។

បើ​តាម​ចារឹក​ទាំង​ពីរ​នេះ យើង​មិន​អាច​អះ​អាង​ថា នាម​ព្រះ​អង្គ​ភ្ជាប់​ដោយ​ពាក្យ «ទេវ» នៅ​ខាង​ចុង​នោះ​ទេ ។ ប៉ុន្តែ​ដោយ​ផ្អែក​លើ​ភស្តុតាង​នៃ​សិលាចារឹក​ពីរ​ទៀត នៅ​ក្នុង​អំឡុង​សតវត្ស​ទី​៨​នោះ​ដែរ មួយ​នៅ ​ព្រៃ​ចារឹក ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃ​វែង ដែល​មាន​អក្សរ​តែ​ពីរ​បន្ទាត់​ប៉ុណ្ណោះ​ជា​ភាសា​ខ្មែរ ​បាន​ចារឹក​នាម​ព្រះ​រាជា​មួយ​ព្រះ​អង្គ​នាម «វ្រះ​កម្រតេង ​អញ ​ឝ្រីជយវម៌្មទេវ​»​ ដែល ​លោក​ Cœdès​ សន្និដ្ឋាន ថា​ប្រហែល​ជា​ព្រះ​បាទ «ជយវម៌្ម ​ទី​១​» ស្ទួន ។

ចារឹក​មួយ​ទៀត​នោះ ដែល​ខ្ញុំ​ទើប​នឹង​រក​ឃើញ​កាល​ពី​ចុង​ឆ្នាំ​១៩៩៧ នៅ​លើ​កំពូល ​ភ្នំ​ពោធិញាណ (ភ្នំ​ដែល​នៅ​ខាង​កើត​ជាប់​និង​ ភ្នំ​បាយ៉ងកោ) ស្រុក​គិរីវង់​ខេត្ត​តាកែវ ជា​ភាសា​សំស្ក្រឹត លាយ​ខ្មែរ ។ អត្ថបទ​ផ្នែក​ភាសា​ខ្មែរ​ មាន​នាម​ព្រះ​រាជា​មួយ​អង្គ​គឺ «វ្រះ​កម្រតាង​​ អញ គ្រីជយវម៌្មទេវ» ដែល​យើង​សន្និដ្ឋាន​ថា នោះ​ពិត​ជា​នាម​របស់​ព្រះ​បាទ​ «ជយវម៌្ម​​ ​ទី​១»​ ​ស្ទួន ត្បិត​ចារឹក​នេះ​មាន​កាល​បរិច្ឆេទ​នៅ​អំឡុង​សតវត្ស​ទី​៨​​ដែរ តែ​គួរ​ស្ដាយ​នោះ​គឺ យើង​មិន​អាច​ដឹង​ឆ្នាំ​ពិត​ប្រាកដ​ព្រោះ​តែ​អក្សរ​ខាង​ដើម​ដាច់​បាត់ នៅ​សល់​តែ​ផ្នែក​ពាក្យ​កណ្ដាល ដែល​អាច​ឲ្យ​ដឹង​ថា វា​ត្រូវ​នឹង​មហាសករាជ ៦០០​ប្លាយ ។

នេះ​សរ​ឲ្យ​ឃើញ​ថា ធម្មភាព «ទេវ​រាជា» មិន​មែន​ជា​លទ្ធិ​មួយ​ថ្មី​ស្រឡាង ដែល​ទើប​បង្កើត​ឡើង​នៅ​ ឆ្នាំ​៨០២​គ.ស. ដោយ​ព្រះ​បាទ «ជយវម៌្ម ​ទី​២» ឬ​ក៏​ត្រូវ​ព្រះ​អង្គ​នាំ​យក​មក​ពី​ ស្រុក​ជ្វា ដូច​លោក Bosch បាន​និយាយ​ថា នៅ​ ស្រុក​ជ្វា ​មាន​ទេវ​រាជា ស្រដៀង​គ្នា​នេះ​ដែរ ឬ​មួយ​ក៏​យក​តម្រាប់​តាម​ចាម្ប​ នោះ​ទេ ។ អាច​និយាយ​បាន​ថា ព្រលឹង​នៃ​ទេវ​រាជា មាន​ការ​ជាប់​ទាក់​ទង​នឹង​ប្រពៃណី​នៃ​ការ​គោរព​បូជា​ចំពោះ​អាទិទេព​នៅ​លើ​កំពូល​ភ្នំ ធម្មជាតិ ឬ​ភ្នំ​សិប្បនិម្មិត ដែល​បាន​តាំង​ពី​យូរ​យារ​មក​ហើយ (អាច​ដើម​គ.ស. សម្រាប់​ខ្មែរ​= នគរ​ភ្នំ!) សម្រាប់​បណ្ដា​រដ្ឋ​ដែល​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍ លោក​សាស្ត្រាចារ្យ R.C. Majumdar ក៏​យល់​ឃើញ​យ៉ាង​នេះ​ដែរ ។ ចំណែក​ព្រះ​បាទ​«ជយវម៌្ម ទី​២» គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​លទ្ធិ​នេះ​មាន​លក្ខណៈ​កាន់​តែ​ច្បាស់​ឡើង (Realization) តែ​ប៉ុណ្ណោះ​ ។

ហេតុ​ដូច្នេះ ការ​បន្ថែម​ពាក្យ «ទេវ» បន្ទាប់​​ពី​ពាក្យ «​វម៌្ម» បែប​នេះ ​គឺ​ជា​នយោបាយ​ចាំ​បាច់​មួយ​របស់​ព្រះ​រាជា ក្នុង​កំណែ​ទម្រង់​របប​​គ្រប់​គ្រង ប្រយោជន៍​ប្រមូល​ផ្ដុំ​ទឹក​ដី ប្រជារាស្ត្រ ការ​ជឿ​ទុក​ចិត្ត មហា​កម្លាំង​សាមគ្គី​ និង​អំណាច​របស់​ព្រះអង្គ ​ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​វិបត្តិ​ផ្ទៃ​ក្នុង ដោយ​ការ​បាក់​បែក​​ និង​កោលាហល ក្រោយ​ពីក្រុម​ចោរ​បរទេស​(ជ្វា)​ឈ្លាន​ពាន ។

***

ដកស្រង់ ៖ កំណត់​សម្គាល់ និង​ការ​ប្រើ​ប្រាស់ នាម​ព្រះ​មហាក្សត្រ​ខ្មែរ នា​​សម័យ​បុរាណ តាម​រយៈ​សិលាចារឹក
Note on the Name of Ancient Khmer King and Its Orthographical Usage: Through Inscriptions

ដោយ ៖ វង់ សុធារ៉ា, សាស្ត្រាចារ្យ​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា នៃ​សកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អំពី​សិលាចារឹក​ខ្មែរ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s