ក្រុមប្រាសាទព្រះពិធូរ


ក្រុមប្រាសាទ​ព្រះ​ពិធូរ​ ស្ថិត​នៅ​ម្ខាង​ផ្លូវ ទល់​មុខ​ប្រាសាទ​ទេព​ប្រណម្យ ឬ​នៅខាង​ជើង ប្រាសាទឃ្លាំងជើង និងក្រុមសួរព័ត្រ​ខាង​ជើង ។ ក្រុម​នេះ​មាន​ប្រាសាទ​ចំនួន ៥ ក្នុង​នោះ​ ៤ មានរូបរាង​ស្រដៀង​គ្នា ជា​សំណង់​មាន​ទ្វារ​ចូល​ពី​បួន​ទិស​​សង់​លើ​ឃឿន​ច្រើន​ជាន់ ឯ​មួយ​ទៀត​តូច​ជា​គេ ​មាន​រាង​ជា​រោង​ទ្រវែង ។ ប្រាសាទ​ ៤ ជា​ប្រាសាទ​ព្រហ្មញ្ញសាសនា ឯ​ប្រាសាទ​មួយ​នៅ​ខាង​កើត​បំផុត​ជា​ប្រាសាទ​ពុទ្ធ​សាសនា​ដែល​ប្រហែល​ជា​ត្រូវ​បាន​សង់​ក្រោយ​គេ ។ ខ្ញុំ​នឹង​រៀប​រាប់​ប្រាសាទ​​ទាំង​អស់​ម្ដង​មួយ​ៗ តាម​លំដាប់​ ។

ប្លង់​ក្រុម​ព្រះពិធូរ

ប្លង់​ក្រុម​ព្រះពិធូរ កែ​ដោយ ទេព សុវិចិត្រ

ប្រាសាទ​កោរ​សក់​ ​សង់​ពី​ថ្ម​ភក់​​ មាន​ទ្វារ​ចូល​ពី​បួន​ទិស​ សង់​លើ​ឃឿន​​៣ជាន់ ។ ប្រាសាទ​នេះ​មាន​កំពែង​ទំហំ ៤៥ ម៉. x ៤០ ម៉. ព័ទ្ធ​ជុំ​មាន​ដោយ​មាន​ទ្វារ​ចូល​ពី​ខាង​លិច​ និង​ខាង​កើត ​និង​មាន​កសិន្ធុ​ទឹក​ព័ទ្ធ​ជុំ​វិញ ។ នៅខាង​លិច​ប្រាសាទ ជា​ស្ពាន​ហាល​មួួយ​មាន​បង្កាន់​ដៃ​ជា​នាគ ។ ប្រាសាទ​នេះ​មាន​សិលាចារឹក​លេខ ៥៤៤ និង ៥៤៥ ។ ខាង​ក្រោម​នេះ​ជា​បណ្ដុំ​រូប​នៃ​ប្រាសាទ​កោរ​សក់ (បារាំង​ចុះ​លេខ​ថា ប្រាសាទ​ T) ៖

ចេញ​ពី​ច្រក​ទ្វារ​​ខាង​កើត​នៃ​​កំពែង​ ប្រាសាទ​កោរ​សក់ យើង​ឃើញ​កំពែង​មួយ​ទៀត​ ៣៥ ម៉. x ២៨ ម៉. មានទ្វារ​ចូល​ពីគ្រប់​បួន​ទិស និង​មាន​កសិន្ធុទឹកព័ទ្ធ​ជុំវិញដែល​ជា​កសិន្ធុ​តែ​មួយ​និង​ ប្រាសាទ​កោរសក់ ។ ប្រាសាទ​ជម ​​​សង់​ពី​ថ្ម​ភក់ មាន​ទ្វារ​ចូល​ពី​គ្រប់​បួន​ទិស សង់​លើ​ឃឿន​៣ជាន់ ។ ប្រាសាទ​នេះ​មាន​ផ្ដែរ​​ចំនួន​ ៤ ល្អ​ស្អាត​ចំនួន ៣ ឯ​មួយ​ទៀត​ធ្វើ​មិន​ទាន់រួច ។ ប្រាសាទ​ជម មាន​រូបរាង​ទម្រង់​ដូច​ ប្រាសាទ​កោរសក់​ ទាំង​ស្រុង គ្រាន់​តែ​មាន​ទំហំតូច​ជា​បន្តិច ។ ខាង​ក្រោម​នេះ​ជា​បណ្ដុំ​រូប​នៃ​ប្រាសាទ​ជម (បារាំង​ចុះ​លេខ​ថា ប្រាសាទ​ U) ៖

នៅ​ខាង​ជើង ប្រាសាទ​ជម គឺ​ប្រាសាទ​ដូន​មា ។ ប្រាសាទ​នេះ​សង់​ពី​ថ្ម​ភក់ មាន​ទ្វារ​ចូល​ពី​គ្រប់​បួន​ទិស មាន​រោង​ទ្រវែង​តភ្ជាប់​ពី​ទិស​ខាង​កើត សង់​លើ​ខឿន​បី​ជាន់​ ។ រោង​ទ្រវែង​នេះ​ប្រហែល​ជា​ត្រូវ​បាន​សាង​សង់​បន្ថែម​នៅ​ពេល​ក្រោយ ។ នៅ​ខាង​លិច​ប្រាសាទ មាន​ជា​រាន​ហាល​មួយ​បែរ​ទៅ​ខាង​លិច ។ ប្រាសាទ​នេះ​មាន​សិលាចារឹក​លេខ ៨៤១ ។ ខាង​ក្រោម​នេះ​ជា​បណ្ដុំ​រូប​នៃ​ប្រាសាទដូន​មា (បារាំង​ចុះ​លេខ​ថា ប្រាសាទ​ V) ៖

ទៅ​ខាង​​ជើង ប្រាសាទ​ដូន​មា គឺ​ប្រាសាទ​សណ្ដក​យក្ស ។ ប្រាសាទ​នេះ​រាង​ជា​រោង​ទ្រវែង​បែរ​ទៅ​ទិស​ខាង​កើត ។ ប្រាសាទ​នេះ​ចែក​ចេញ​ជា​បី​ផ្នែក ​ខាង​លិច​បំផុត​ជា​បន្ទប់​មាន​ទ្វារ​បញ្ឆោត​​នៅទិស​ខាង​លិច បើក​នៅ​ខាង​កើត​ត​ភ្ជាប់​ដោយ អន្តរាល? (antaraala) ។ អន្តរាល​នេះ​មាន​​មាន​ទ្វារ​នៅ​ខាង​ជើង និង​ខាង​ត្បូង​ ដែល​មាន​ក្បាច់​ចម្លាក់​លើ​ហោជាង និង​ហោជាង​រោង​ច្រៀក​យ៉ាង​ល្អ​ប្រណិត ។ នៅជាប់​នឹង អន្តរាល នៅខាង​កើតគឺ​ ជារោង​ទ្រវែង​ចំហរ​ខាង​កើត គ្មាន​ដំបូល (អាច​ជា មណ្ឌប) ។ ​ក្រោម​នេះ​ជា​បណ្ដុំ​រូប​នៃ​ប្រាសាទ​សណ្ដក​យក្ស (បារាំង​ចុះ​លេខ​ថា ប្រាសាទ​ Y) ៖

ប្រាសាទ​ទាំង​ ៤ ខាង​លើ​ប្រហែល​ជា​ត្រូវ​បាន​សាង​សង់​នៅក្នុង​ ចុង​ស.វ.ទី ១១ ឬដើម​ស.វ.ទី ១២ អាស្រ័យ​ទៅ​លើ​រចនាបថ​លើ​ផ្ដែរ ។ នៅ​ខាង​កើត​បំផុត​ ជា​ប្រាសាទ​ថ្ម​ភក់​ មាន​ទ្វារ​ចូល​ពី​គ្រប់​បួន​ទិស សង់​លើ​ឃឿន​​ពីរ​ជាន់ ហៅថា​ប្រាសាទ​តាទួត ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​ពុទ្ធ​សាសនា ដោយ​មាន​ចម្លាក់​ព្រះពុទ្ធ​រូប​ចំនួន​ ៤០ អង្គ​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ខាង​ក្នុង​​ទាំង​បួន​ទិស ។ ប្រាសាទ​នេះ​មាន​ទំហំ​ធំ​ជាង​គេ ដោយឃឿន​ខាង​ក្រោម​មាន​ប្រវែង ៤០ ម៉. តែមិន​មាន​កំពែង​នោះទេ ។ កសិន្ធុ​ប្រាសាទ​ជាប់​ជា​មួយ​កសិន្ធុ​ប្រាសាទ​ជម នៅខាង​លិច ឯ​នៅ​ខាង​កើត​កាត់​ផ្ដាច់​ដោយ​ច្រក​មួយ​ ដែល​យាម​ដោយ​ដំរី​ធ្វើ​ពី​ថ្មភក់​ចំនួន​ ២ ក្បាល ។ មានលាង​រានទ្រវែង​នៅ​ពី​មុខ​ប្រាសាទ ប្រហែល​ជា​លាន​ឧបោសថដូច​ដែល​ឃើញ​មាន​ ប្រាសាទ​ទេពប្រណម្យ ប្រាសាទ​តុប​ខាង​លិច​ ជាដើម ។ ប្រាសាទ​នេះ​មាន​សិលាចារឹក​លេខ ៥៤៣ និង ៥៤៤ ។ ខាង​ក្រោម​នេះ​ជា​បណ្ដុំ​រូប​នៃ​ប្រាសាទ​តាទួត (បារាំង​ចុះ​លេខ​ថា ប្រាសាទ​ X) ៖

រូប​ទាំង​អស់​នេះ​ ខ្ញុំ​ថត​តាំង​ពី​ដើម​ឆ្នាំ ២០១៤ មកម៉្លេះ តែកាលនោះ​មិន​ទាន់​ស្គាល់​ឈ្មោះ​ប្រាសាទ​ទាំង​ ៥ ជា​ភាសា​ខ្មែរ​ក៏​ពន្យារ​មករហូត លុះ​ដល់​ពេល​ស្គាល់​ហើយ​ក៏​មិន​ចេះ​កែ​បន្ថែម ទម្រាំ​និង​បាន​ ប្អូន សុវិចិត្រ ជួយ​កែ​លម្អ​ទើប​បាន​សម្រេច​ជា​កូន​អត្ថបទ​តូច​មាន​នេះ ។ សុំ​លោក​អ្នក​ស្រាវជ្រាវ អ្នក​ជំនាញ​ឯកទេស អ្នកមគ្គុទ្ទេសន៍​ ដែល​មាន​ចំណេះ​ដឹង​ល្អិត​ល្អន់​ផ្នែក​នេះ កុំ​ប្រកែ​ប្រកាន់​នឹង​កំហុស​អចេតនា​ទាំង​ប៉ុន្មាន​ដែល​អាច​កើត​មាន និង​សុំ​ជួយ​កែ​លម្អ​ដោយ​មេត្រីភាព ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s