ព្រះរាជសារ​ព្រះ​រាជា​ខ្មែរ​ផ្ញើ​ទៅ​ព្រះ​ចៅអធិរាជ​ជប៉ុន


ខាង​ក្រោម​នេះ​ជា​រូប​ភាព​ស្កេន​​ព្រះ​រាជសារ​ (ចម្លង​ជា​ថ្មី​ដោយ​ជនជាតិ​ជប៉ុន) របស់​ព្រះ​រាជា​ខ្មែរ (ព្រះ​ស្រី​សូរ្យ​ពម៌) ផ្ញើ​ជូន​ព្រះ​ចៅ​អធិរាជ​ជប៉ុន (ញិប៉ុន) ។ បើ​តាម​អត្ថបទ​​នៃ​សំបុត្រ​នេះ​ដែល​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ចិន ​វា​មាន​កាល​បរិច្ឆេទ​រវាង​ខែ​ឧសភា និង​មិថុនា (ខែ​ពិសាខ) ​នៃ​ឆ្នាំ ១៦០៥ នៃ​គ.ស. ។ មាន​អត្ថបទ​​មួយ​បាន​សិក្សា​ល្អិត​ល្អន់​ពីរឿង​នេះ​ ដោយ​មាន​ទាំង​ការសរសេរ​​​ចម្លង​ឡើង​វិញ​ជា​សំណេរ​សូរ​វិទ្យា (បែប​ចាស់), ការ​បក​ប្រែ​ជា​ភាសា​បារាំង និង​មាន​រូប​ភាព​អម​មក​ជា​មួយ​ផង​ដែរ ។ អត្ថបទ​នេះ​មាន​ចុះ​ផ្សាយ​ក្នុង​ ទស្សនាវដ្ដី​សាលា​បារាំង​ចុង​បូព៌​ លេខ​ ២៣​ ឆ្នាំ​ ១៩២៣ ទំព័រ​ ១២៨ – ១៣០ ។

ព្រះរាជសារ​នេះ​​ថ្លៃង​​អំណរ​គុណ​ចំពោះ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដែល​បាន​បញ្ចូន​អំណោយ​ជា​ដាវ​ធំ​វែង (តំណាង​មិត្ត​ភាព) និយាយ​ពី​រឿង​ចៅ​សំពៅ​ជនជាតិ​ជប៉ុន​មួយ​​ដែល​ព្រះ​រាជា​លោក​សុំ​​យក​មក​ប្រើ​ជា​ខ្ញុំ​ ក៏​​ដូច​ជា​​សំណូម​ពរ​ឲ្យ​​​តែង​តាំង​នាយ​សំពៅ​ជប៉ុន​ចូល​មក​ជួញ​នៅ​ស្រុក​ខ្មែរ​​ឲ្យ​មាន​កាន់​ត្រា​ត្រឹម​ត្រូវ​តាម​ច្បាប់​ ព្រោះ​កាល​មុន​មាន​សំពៅ​ចូល​មក​ច្រើន​​ គ្មាន​ច្បាប់​ទម្លាប់ នាវិក​អស់​នោះ​ឈ្លៀត​ឱកាស​ធ្វើ​ជា​ចោរ​កំហែង​រាស្ត្រ​ខ្មែរ ។

រូប​ព្រះ​រាជ​សារ​ (ស្កេន) ដក​ស្រង់​ពី​អត្ថបទ​នៃ​ទស្សនាវដ្ដី​សាលា​បារាំង​ចុង​បូព៌​

រូប​ព្រះ​រាជ​សារ​ (ស្កេន) ដក​ស្រង់​ពី​អត្ថបទ​នៃ​ទស្សនាវដ្ដី​សាលា​បារាំង​ចុង​បូព៌​

ខ្ញុំ​បាន​ព្យាយាម​សាក​ល្បង​សរសេរ​ជា​អក្សរ​​ខ្មែរ​វិញ​ដោយ​យោង​តាម​ឯកសារ​ខាង​លើ​ទាំង​ស្រុង ។

(1) ​សំតេច​ព្រះ​រាជ​ឱង្ការ រ​បរមបពិត្រ ​ក្រុង​កំម្វុជ្ជា​ធិបតី​ ស្រីយសោធរ​ ព្រះ​មហានគរ ឥន្ទប្រស្ឋ​
(2) រដ្ឋ​រាជធានី មេត្រី​ស្រលេញ​​មក​ដល់​ ញិប៉ុន [កកចូ] ថា​ ញិប៉ុន [កកចូ] ឲយ​ចៅ​សំពៅ [កាន្នងោ]
(3) ចៅ​សំពៅ ​[មិងហុង] នាំ​ម​ព្រះ​រាជ​សារ​ នុ​​​ដាវ​ធំ​វែង​២០ ជា​បនាការ​ទៅ​ថ្វាយ​ សំតេច​ព្រះ​រាជ​ឱង្ការ
(4) បរមបពិត្រ​ នោះ​ ក៏​មាន​ព្រះ​ហ្ឬទៃ​​ត្រេក​អរ​ពេក្យ យល​ ញិប៉ុន [កកចូ] ស្រលេញ​​ព្រះ​​អង្គ​ សំតេច
(5)​ ព្រះ​រាជ​ឱង្ការ​ បរមបពិត្រ​ ស្រលេញ​​ផ្ទៃ​ក​រោម កំម្វុជ្ជា​ធិបតី ឯង​ជា​មេត្រី ទៅ​មោក​ព្យិត
(6) ​ហោង [មុយ្និ] ថា​ កាល​ ញិប៉ុន [កកចូ] ឲយ​​ចៅ​សំពៅ [កាន្នងោ] នុ​​ចៅ​សំពៅ​ [មិងហុង] នាំ​បនាការ​
(7) ទៅ​ថ្វាយ ​សំតេច​​ព្រះ​រាជ​ឱង្ការ បរមបពិត្រ​ តែង​សំបុត​សារ​​ឲយ​មោក​មាន​​ជ្មោះ
(8) ចៅ​សំពៅ [កាន្ន​ងោ] ហេយ​ឲយ​ ចៅ​សំពៅ [យាយិយាមង] នាំម​​សារ​មេត្រី​មោក​ផោង​តល​ ញិ
(9) ប៉ុន [កកចូ] ឲយ​ត្យិង​កុំលុង​សារ​នោះ​​ជា​ស្រេច​ហេយ​ ចៅ​សំពៅ​ [ហៃគួន] ថ្វេ​​ជា​សំបុត​​ចិន​
(10) ព្វុំ​ឲយ​​សសេរ​​ជ្មោះ​ ចៅ​សំពៅ​ [យាយិយាមង] នៅ​កុំលុង​សារ​នោះ​លេយ​ លុះ​ ចៅ​សំពៅ [យាយិយាមង]
(11) ទៅ​​តល​​បាន​​ទូល ព្រះ​ករុណា​ ថា​ កុំលុង​ … (អាន​មិនដាច់) ​សារ​នោះ​ព្វុំ​​ចិញ​​ជ្មោះ​ ចៅ​សំពៅ [យាយិយាមង]
(12) ផោង ទេប​​ព្រះ​បន្ទូល​ត្រាស​​ឲយ​​ថ្វេ​​សារ​​ឲយ​ ចៅ​សំពៅ [យាយិយាមង] នាំម​​មោក​​តល​
(13) ញិប៉ុន្ន [កកចូ] ឲយ​​​ត្យិង​ហេយ​ ឲយ​​បង្គប​​​តាម​ក្រិត​​ស្រុក​ ញិប៉ុន [កកចូ] ឯង​ហោង ទាំង​នេះ​
(14) ព្វុំ​​ឲយ​ ញិប៉ុន [កកចូ] គិត​ឯង​​លេយ ទោះ​ ញិប៉ុន [កកចូ] ស្រលេញ​​ផ្ទៃ​ក​រោម​​ កុំម្វុជ្ជា​ ចង
(15) ​ជា​មេត្រី​ទៅ​មោក​ពិត្យ កុំម្បី​​ឲយ​​មាន​សំពៅ​ ញិប៉ុន ទៅ​ជួញ​ច្រេន​​តល​​ផ្ទៃ​ក​រោម​
(16) កុំម្វុ​ជា​ លេយ​តបត​ ញិប៉ុន ទៅ​ជួញ​នោះ​ស្យិង​ថ្វេ​​ទុក្ខ​គេ​ បៀទ​រាស្ត្រ​ បួន​​យោក​​ទ្រព្យ
(17) ​គេ ​ថ្វេ​ទុក្ខ​ច្រេន​ ឲយ​មាន​តែ​សំពៅ​កាន្ន​​ព្រះ​រាជសារ​ពី ញិប៉ុន [កកចូ] ឲយ​​ទៅ​តែ​សំ
(18) ពៅ​មួយ សំពៅ​ពី្យរ​ក្ដី ឲយ​ចៅ​សំពៅ​ជា​ធំ​ ឃ្នោះ​ ញិប៉ុន​ ទាំង​នោះ ទៅ​ឲយ​​មាន​ត្រា​ពី
(19) ញិប៉ុន [កកចូ] ឲ្យ​ទៅ​ទេប​ ចៅ​ញិប៉ុន [កកចូ] ស្រលេញ​ កំម្វុជ្ជ ចង​ជា​មេត្រី​ទៅ​មោក​​
(20) ព្យិត​ហោង ។ [មុយ្និ] ថា ​ចៅ​សំពៅ​ [យាយិយាមង] មក​តល​ ញិប៉ុន [កកចូ] ហេយ ឲយ​ ញិ
(21) ប៉ុន [កកចូ] ឲយ​តំនេរ​ ចៅ​​សំពៅ [យាយិយាមង​] វិញ​ទៅ តបត ចៅ​សំពៅ​ [យាយិយាមង] នេះ
(22) ​ជា​ខ្ញុំ​អាសា ព្រះ​បាទ​សំតេច​ព្រះ​រាជ​ឱង្ការ​ បរមបពិត្រ ក្រុង​កំ​ម្វុជ្ជាធិបតី ហេយ​ ។

ពាក្យ​នៅ​កណ្ដាល​ដែល​អាច​មិន​ដាច់​

ថា​កុំ​លុង … សារ​នោះ​ព្វុំ

សម្គាល់ ពាក្យ​​ក្នុង […] ជា​ឈ្មោះ​ លើក​លែង​តែ​ពាក្យ [មុយ្និ] ដែល​ពិបាក​យល់​ន័យ ។ [កាន្នងោ] គឺ Kango ។ [មិងហុង] មិន​មាន​ក្នុង​សំណេរ​ប្រែ​ជា​ចិន ។ [យាយិយាមង] គឺ Yajiemon ។

ពន្យល់​ពាក្យ​

ពាក្យ​ក្នុង​សំបុត្រ ពាក្យ​សព្វ​ថ្ងៃ
(1)ស្រីយសោធរ ឈ្មោះ​រាជធានី​ខ្មែរ​សម័យ​អង្គរ​​ប្រទាន​ដោយ​ព្រះ​បាទ​ឝ្រី​យសោវម៌ (៨៨៩-៨៩៩/៩១០?) នៅ​មាន​ប្រើ​​នៅ​ស.វ.​ទី ១៧ នៅឡើយ
(2)[កុកចូ] ជា​ពាក្យ​សរសេរ​ត្រាប់​​សូរ​ពាក្យ​ជប៉ុន 國中 (តែមាន​ន័យ​ថាប្រទេស​ចិន ឬ​ក៏​គេ​ចង់​មាន​​​ន័យ​តែ​ត្រឹម​​ថា ប្រទេស?)
(3)បនាការ បណ្ណាការ
(4)ពេក្យ ពេក ។ ពាក្យ​នេះ​ជាន់​នោះ​មាន​ន័យ​ត្រឹម​ថា «ណាស់​» មិន​មែន​មាន​ន័យ​ថា​ «ជ្រុល​» ដូច​សព្វ​ថ្ងៃ​នេះ​ទេ
(5)ផ្ទៃ​ករោម ផ្ទៃ​ក្រោម ជា​រាស្ត្រ​ប្រជាមន្ត្រី​ទាំង​ពួង, អ្នក​ទាំង​អស់​ដែល​​នៅ​ក្រោម​អំណាច​ស្ដេច​​
(៦)មុយ្និ ជា​ពាក្យ​ផ្ដើម​កថាខណ្ឌ​ថ្មី? ក្នុង​សំណេរ​ប្រែ​ជា​បារាំង​ថា «​de plus-ជាង​នេះទៅទៀត, បន្ថែម​លើ​នេះ​ទៀត»
(8)តល ដល់
(9)ត្យិង ដឹង
(9)កុំលុង កំឡុង, ក្នុង
(16)តបត ត្បិត
(16)ស្យិង សឹង
(16)បួន ពួន
(18)ឃ្នោះ ខ្នោះ
(21)តំនេរ ដំណើរ

ខ្ញុំ​គិត​ថា​​ប្រិយ​មិត្ត​អាច​អាន​បាន​យល់​សេចក្ដី​ខ្លះ​ បើ​មិនទាំង​អស់​ ព្រោះ​សំណេរ​នេះ​វា​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ​ទោះ​ថា​ឃ្លោង​ឃ្លា​មាន​ខុស​ប្លែក​គ្នា​ពី​បច្ចុប្បន្ន​ម្ដេច​ក្ដី ទើប​ខ្ញុំ​មិន​បញ្ចូល​វគ្គ​បក​ប្រែ​​ទៀត ព្រោះ​នាំ​ឲ្យ​វែង​ឥត​អំពើ ។ ប្រសិន​ជា​លោក​អ្នក​ចង់​អាន​អត្ថបទ​នេះ​ទាំង​ស្រុង​ សូម​​ចូល​អាន និង​ទាញ​យក ដោយ​ឥត​គិត​ថ្លៃ ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ស្ដេច, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s