វត្ត​ពិភ័ទ្ទរង្សី (ចិនដំដែកខាង​ជើង)


វត្ត​ពិភ័ទ្ទរង្សី ហៅថា វត្ត​ចិន​ដំដែក​ខាង​ជើង ស្ថិត​នៅ​​ជាប់​បណ្ដោយ​​ផ្លូវសាធារណរដ្ឋបារាំង និងផ្លូវឧកញ៉ាអ៊ុម សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ នៅខាងត្បូងវត្ត រំលងផ្លូវឧកញ៉ាអ៊ុ​ម មាន​វត្ត​មួយ​ទៀតឈ្មោះវត្ត ព្រះពុទ្ធឃោសាចារ្យ ហៅថា វត្ត​ចិនដំដែកខាងត្បូង ។ ឈ្មោះហៅក្រៅ វត្ត​ទាំងពីរនេះ បើយោងតាមពង្សាវតារ គឺពេល​មក​តាំងរាជធានីនៅភ្នំពេញក្នុងរាជ្យ​ស្ដេចពញាយ៉ាត កន្លែងម្ដុំនេះជាព្រែកដែលចិនរកស៊ីដំដែក ។ វត្ត​នៅខាងត្បូងសម្បូរណ៍ដោយសំណង់ថ្មី មានចេតិយមួយនៅចំពីខាងកើតវិហារ មានសរសេរអក្សរថៃ ។ លោកអាចារ្យ (ភាសា​ថៃបានន័យថា គ្រូ) Kangvol Khatshima បាន​ប្រាប់​ខ្ញុំ​ជាសង្ខេប​អំពី​ចារឹក​ជា​អក្សរ​ថៃ​នោះថា ៖ ជាសិលាចារឹកភាសាថៃនៅវត្តចិនដំដែក និយាយទាក់ទងនឹងចៅពញាបឌិន ទទួលព្រះរាជឪងការនៃព្រះបាទណាំងក្លៅ (រាមាទី៣ របស់ថៃ) អោយមកបង្ក្រាបវៀតណាមដែលមកបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជទេស លោកចៅពញាបានមកឃើញព្រះវិហារបាក់បែកទ្រុតទ្រោមជាច្រើន ហើយបានអោយសាងសង់ព្រះវិហារនេះឡើងសាជាថ្មី ។ ចារឹក​នៅ​ចារ​នៅ​ឆ្នាំ ១៨៤២ ។

វិហារ​វត្ត​ពិភ័ទ្ទរង្សី

វិហារ​វត្ត​ពិភ័ទ្ទរង្សី

វិហារ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ

វិហារ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ

អត្ថបទ​នេះ​ខ្ញុំ​និយាយ​តែ​ពី​វត្ត​ពិភ័ទ្ទរង្សី ជា​ពិសេស​ផ្ដោត​លើ​វិហារ​ចំណាស់​ដែល​កសាង​តាំង​ពី​ចុង​សតវត្សទី ២០ ។ ព្រះវិហារ​បែរ​មុខ​ទៅកើត មាន​ទ្វារ​ចំនួន ៤ (ម្ខាង ២ នៅទិសកើត-លិច) និង​បង្អួច ១៤ (ម្ខាង​ ៧ នៅទិសជើង-ត្បូង)។ ផ្នែកបាំងសាច មានសសរ​ខាងកើត និងលិច​មាន​សរុប ១០ (ម្ខាង ៥) ឯជើងត្បូងមានសរុប ១៦ (ម្ខាង ៨) ។ ខាងក្នុងវិហារ​មាន​សសរ ២ ជួរសរុប ១២ ។ ព្រះវិហារ​នេះ​មាន​ខ្លោងទ្វារ ៤ នៅគ្រប់ទិសធំៗ ទាំង ៤ ព័ទ្ធដោយ​របងជុំវិញ ។ ទីធ្លាខាង​ក្នុង​​សម្បូណ៌ដោយ​ចេតិយ​ច្រើនប្រភេទ ខុសសម័យកាលគ្នា ព្រមទាំងមានចេតិយភូមាដែរ ។ ឯ​ខាង​ក្រៅរបង​វិញ មាន​របង​មួយ​ជាន់ទៀត មាន​ខ្លោងទ្វារ​តែ​ខាង​លិច និងខាង​ត្បូង គឺបែរ​ទៅ​រក​ផ្លូវ ។ ធ្លាខាង​ក្រៅ​នោះ​មាន​ សាលាឆាន់ កុដិ តូបយាយជី ប៉ាឆាតម្កល់សព ចេតិយ និង ពុទ្ធិកបឋមសិក្សាមួយដែលលែងដំណើរការ ។

បើតាម​ផ្ទាំង​ចារឹក​នៅលើជញ្ជាំងខាង​កើត​នៃព្រះ​វិហារៗ ​នេះ​ត្រូវ​បាន​កសាង​នៅ ព.ស. ២៤៣០ (គ.ស. ១៨៨៦) ចុល្លសករាជ ១២៤៩ ឆ្នាំកុរ អដ្ឋសក្ស ក្រោម​ការ​ផ្តួច​ផ្តើម​នៃ​សម្ដេច​ព្រះ​មហាឧបរាជបរមបពិត (ហ្លួងរាជានុកោដ្ឋ) និងឧកញ៉ាពិភទ្ទភោគា (តាន់ ឡុក) មាន​កូនប្រុសស្រីឈ្មោះ ប៊ុនហូវ, ប៊ុនប៉ារ… បានសាងព្រះជីរ៍ ១អង្គ, ព្រះស្ពាន់ ៥អង្គ, ព្រះចូលនិព្វានស្ពាន់ ១អង្គ និងដងទង់ ២ រួចរាល់ ព.ស. ២៤៣៣ ធ្វើបុណ្យបញ្ចុះសីមា ៧ ថ្ងៃ ហើយធ្វើបុណ្យសន្ធឹកសន្ធាប់ទៀត សុំ​ឲ្យ​កើត​ទាន់ព្រះ​សិអារ្យមេត្រីយ៍ ។ នេះ​ជា​កាត់​ត្រួស​ៗ ​ពី​អត្ថបទ​ចារឹក​ទាំង​មូល ដោយ​ខ្ញុំ​មិន​អាច​មាន​បាន​នូវឃ្លា​ខ្លះ ។

ផ្ទាំង​ចារឹក​អំពី​ការ​កសាង​វិហារ

ផ្ទាំង​ចារឹក​អំពី​ការ​កសាង​វិហារ

ក្រោយ​ពី​សាង​សង់​វិហារ​ក៏​​មាន​ការ​ជួល​ជុល​ជា​បន្ត​បន្ទាប់​មិន​ដាច់ ដូច​ជា​នៅ​ឆ្នាំ ១៩៣៦ គេ​បាន​ជួល​ជុល​ដំបូល (?) និង​ដាក់​ហោជាង​ថ្មី បើតាម​លេខ​ដែល​មាន​បង្ហាញ​នៅ​លើ​ហោជាង​ខាង​លិច ។ ការ​ជួស​ជុល​មាន​រហូត​មក​លើក​លែង​តែ​សម័យ​សង្គ្រាម ។

អំពី​ស្ថាបនិក​វិហារ​នេះគឺ លោកឧកញ៉ាភិព័ទ្ទភោគា តាន់ (គឹម)ឡុក (១៨៤០ – ១៩២៣) ក្រោម​ព្រះ​រាជ​តម្រិះ​ព្រះ​រាជានុកោដ្ឋ (ព្រះ​បាទ​ស៊ីសុវត្ថិ ១៨៤០ – ១៩២៧) កាល​លោក​​គង់​នៅ​ជា​ ព្រះ​មហាឧបរាជ ព្រោះ​រាជ​ដំណាក់​លោក​កាលនោះ ស្ថិត​នៅ​ម្ដុំៗ នោះដែរ ។ លោក​ឧកញ៉ានេះ បើ​មើល​តាម​ឈ្មោះ​គឺ​ ជា​កូនចៅ​ចិន ហើយ​ម៉្យាង​ទៀត​តំបន់​ម្ដុំ​វត្ត​ស្រះចក និង​កំពង់ផែបច្ចុប្បន្ន​នេះ ជា​តំបន់​​សហគមន៍​ចិន​យូរ​មក​ហើយ ដូច​មាន​ឈ្មោះ​ ចិន​ដំដែក​ ជា​ភ័ស្តុតាង​ស្រាប់ ។ ក្រោយ​ លោកឧកញ៉ាអស់បុណ្យទៅ កូនលោកឈ្មោះ តាន់ ប៊ុនប៉ា (១៨៧១ – ១៩៥២) ក៏ឡើង​តងារ​ជា​ លោកឧកញ៉ាពិភទ្ទភោគា រហូតដល់​លោក​អស់បុណ្យ (?) នៅ​ឆ្នាំ ១៩៥២ ។ ចេតិយ​គ្រួសារ​ស្ថាបនិក​វិហារ​នេះ សព្វ​ថ្ងៃតាំង​នៅ​ទិស​អាគ្នេយ៍វិហារ សង់​នៅ​ដើម​ឆ្នាំ ១៩៦៩ លាប​ពណ៌​លឿងរាង​ជា​ប្រាង្គ គឺ​ផ្នែកខាង​ក្រោម​ជា​បន្ទប់​បួន​ជ្រុង​ស្មើ​កម្ពស់​ ១ ម៉ែត្រ បន្តុប​ពី​លើ​ដោយ​ប្រាង្គរូប​ដូច​ប្រាសាទ​បុរាណ ។ ខាង​ក្រោម​នេះ​ ជា​រូប​មួយ​ចំនួន​​ទៀត​នៅ​ក្នុង​​ទី​ធ្លា​វត្ត​ទាំង​មូល ។

អត្ថបទ​នេះជា​អត្ថបទ​សង្ខេប​នៃ​បទ​បង្ហាញ​អំពី «ព្រះ​វិហារ​ និង​គ្រឿង​លម្អ​ព្រះ​​វិហារ​វត្ត​ពិភ័ទ្ទរង្សី» ដោយ​ម្ចាស់​ទំព័រ​ផ្ទាល់ ស្រប​ទៅ​តាម​ការ​សិក្សា​មុខ​វិជ្ជា «សំណង់​ប្រពៃណី» បង្រៀន​ដោយ​លោក​សាស្ត្រាចារ្យ ព្រាប​ ចាន់​ម៉ារ៉ា នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ រាជ​ធានី​ភ្នំពេញ ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ស្ដេច, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia, Exploring Phnom Penh and tagged , , , , , , , . Bookmark the permalink.

3 Responses to វត្ត​ពិភ័ទ្ទរង្សី (ចិនដំដែកខាង​ជើង)

  1. -DiaNote- ថា:

    អស់បុណ្យនេះ បានន័យថា “ស្លាប់” ឬក៏ “ឈប់ធ្វើការ”? សូមជួយពន្យល់ផង

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s