យាយៗសំពត់យាយប្រឡាក់****


ខ្ញុំ​ជឿ​ថា​នរណា​ៗ​ក៏​ធ្លាប់​ឃើញ​វីដេអូ​ផ្សព្វផ្សាយ និង​អប់រំ​នេះ​ដែរ ជា​ពិសេស​ត្រង់ឈុត​ដែល​ចៅ​ស្រី​និយាយ​ពាក្យ «អាចម៍» ពេញ​ៗមាត់​។ អ្នកខ្លះពេល​ឃើញ​វីដេអូនេះ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​ដូរ​ទៅ​ប៉ុស្តិ៍​ផ្សេង​ព្រោះ​មិន​ចង់​ឮ​ពាក្យនេះ ជាពិសេស​ពេល​ហូប​បាយ។ អ្នកខ្លះទៀត​មើល​ហើយ​សើច​ធម្មតា​ ព្រោះ​​អស់​សំណើច​នឹង​វីដេអូ​នេះ​ប្រើប្រាស់​ពាក្យ​​នេះ​ពេញ​ៗមាត់​ពេក។ ចំពោះ​ខ្ញុំ​ៗគិត​ថា​វីដេអូ​មួយ​នេះ​ ខុស​ប្លែក​ពី​វីដេអូ​ផ្សេងៗ​ទៀត​ដែល​និយាយ​លើ​ប្រធាន​បទ​ដូច​គ្នា វា​​និយាយ​ត្រង់​ ចំចំណុច​ មិន​លាក់​លៀម ហើយ​ដូច​ស្ថាន​ភាព​ពិត​ៗ​​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ក៏​អាច​ពញ្ញាក់​អារម្មណ៍​​ទស្សនិកជន​ឲ្យ​យល់​ពី​ផល​វិបាក​នៃ​ការ​បន្ទោរបង់​ពាសវាល​ពាស​កាល​នោះដែរ។

បច្ចុប្បន្ននេះ​ អ្នករស់​នៅ​ទីក្រុងគ្រប់ផ្ទះទាំងធំ​ទាំង​តូច​សុទ្ធ​តែ​ប្រើប្រាស់​បង្គន់​អនាម័យ​ គ្រាន់តែមាន​ទំនើប​ធំ​តូច​ទៅ​តាម​ទ្រព្យ​ធន​រៀងៗ​ខ្លួន។ ទោះ​ជា​យ៉ាង​ណាក្ដី​ នៅ​តាម​ទី​ជនបទ​អ្នក​ស្រុក​មិន​ទាន់​មាន​បង្គន់​អនាម័យ​ប្រើគ្រប់ផ្ទះ​នោះទេ។ ខ្ញុំមិន​បាច់​លើក​ឧទាហរណ៍​ណា​ឆ្ងាយ​នោះទេ គឺ​និយាយ​អំពី​ស្រុក​កំណើត​ខ្ញុំ​ផ្ទាល់​តែ​ម្ដង សព្វថ្ងៃខ្ញុំមក​រស់​នៅ​ទីក្រុង​ចំណែក​ឯ​ផ្ទះ​នៅ​ស្រុកកំណើត​នោះ​មាន​អ្នក​នៅ​ចាំ​ឲ្យ​តែមិន​មាន​បង្គន់​អនាម័យ​នោះ​ទេ រាល់​ពេល​មាន​បុណ្យ​ទាន​​ត្រូវ​ទៅ​ស្រុក​ម្ដង បើ​កុន​ខ្លាំង​ប្រាកដ​ជា​រត់ទៅ​គុម្ព​ត្រប់​ គុម្ព​ចេក​ហើយ។ ដោយ​សារ​តែ​យើង​គិត​ថា​ យើង​មិន​ទៅ​រស់​នៅ​​ស្រុក​កំណើត​វិញ​ទើប​យើង​មិន​បាន​សង់​បង្គន់​អនាម័យ​ទុក​​ប្រើប្រាស់​ពេល​ទៅ​ម្ដងៗ ឯ​អ្នក​នៅ​ជា​មួយ​ប្រហែល​ជា​គាត់​ចូល​ចិត្ត​ទម្លាប់​បែប​ធម្មជាតិ​ច្រើនជាង​ក៏​មិនដឹង?

ជា​ការ​ពិត​ទៅ​ គួរ​ឲ្យ​ខ្មាស​អៀន​ដែរដែល​យើង​ជា​ម្ចាស់​ផ្ទះ​បែរ​ជា​មិន​សាង​សង់​បង្គន់​អនាម័យ​ទុក​ប្រើប្រាស់ បើ​ទោះ​ជា​ត្រូវ​ប្រើប្រាស់​ម្ដង​ម្កាល​ក្ដី។ តើ​មូលហេតុ​អ្វី​បាន​ជា​ប្រជា​ជន​មិន​និយម​សង់​បង្គន់​អនាម័យ? ប្រហែល​ដូច​ដែល​យើង​ចូលចិត្ត​និយាយ​លេង​ថា «វា​ជា​ជី​ធម្មជាតិ​» ក៏មិន​ដឹង​បាន​ជា​អ្នក​រស់​នៅ​តាម​ជនបទ​ខ្លះគាត់​មិន​ធ្វើ​បង្គន់​ ហើយ​បន្ទោរបង់​តាម​វាល​ដើម្បី​ផ្ដល់​ជីវជាតិ​ឲ្យ​ដី​សម្រាប់​ដាំ​ដំណាំ​វិញ។ នេះ​ប្រហែល​ជា​មូលហេតុ​មួយ​ តែក៏មាន​មូលហេតុ​ផ្សេង​ទៀត​ដែរ ប្រជាជន​ភាគ​ច្រើន​យល់​ថា​ការ​សងសង់​បង្គន់​ត្រូវ​ចំណាយ​ប្រាក់ច្រើន ហើយ​ពិបាក​ថៃទាំ​ តែ​ការ​ពិត​វា​មិន​ដូច្នោះ​ទេ ហើយ​​ក៏​អាច​ជួយ​អ្នក​ប្រើ​ប្រាស់​ឲ្យ​ជៀសផុត​ពី​បញ្ហា​មួយ​ចំនួន​ផង​ដែរ។ ម៉្យាងទៀត នៅ​តំបន់​ខ្លះ​ដែល​រដ្ឋមាន​គម្រោង​​សាង​សង់​បង្គន់​អនាម័យ​ឲ្យ​ប្រជាជនៗគាត់​សុខ​ចិត្ត​រង់​ចាំ​ដោយ​មិន​សង់​បង្គន់​ដោយ​ខ្លួន​ឯង​នោះទេ ដូច្នេះ​ក្នុង​កំឡុង​ពេល​រង់ចាំ​នេះ​ គាត់​បន្ត​បន្ទោរ​បង់​ពាស​វាល​ពាស​កាល​តាម​ទម្លាប់​។

ជាការ​ពិត​ទៅ ការ​បន្ទោរ​បង់​តាម​វាល​នេះ​ផ្ដល់​ផល​វិបាក​ជា​ច្រើន​ដល់​ប្រជាជន​​ដែល​មិន​មាន​បង្គន់​អនាម័យ​​ប្រើប្រាស់ វា​អាច​បង្ករ​ឲ្យ​មាន​មេរោគ​ឆ្លង​ជា​ពិសេស​ជំងឺ​រាគរូស​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ប្រសិន​​បើ​មិន​អាច​ទទួល​ការ​ព្យាបាល​បាន​ទានពេល។ ជាង​នេះ​ទៅ​ទៀត វា​ក៏​អាច​បង្ករ​ផល​ប៉ះពាល់​ដល់​ទ្វារ​​បន្ទោរ​បង់​ដែរ ព្រោះ​ការកកិត​នឹង​ស្លឹក​ឈើ​​ជា​ញឹក​ញយ។ លើស​ពី​នេះ វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កុមារ​ដែរ ដែល​ជា​ញឹកញយ​ យើង​ឃើញ​ក្មេង​ៗមួយ​ចំនួន​មាន​រូបរាង​តូច​មិន​សមស្រប​នឹង​អាយុរបស់​ពួកគេ។

បើ​តាម​ទិន្នន័យ​​ឆ្នាំ​២០១៥ របស់​ធនាគារ​ពិភពលោក ប្រជាជន​​កម្ពុជា​តែ​ ៤២%​ ប៉ុណ្ណោះ​ដែល​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹម​ត្រូវ​ ដូច្នេះ​ប្រជា​ជន​ ៥៨%​ ឬ​ប្រមាណ​ ៨​លាន​នាក់នៅ​តែ​បន្ត​បន្ទោរ​បង់​តាម​វាល​ ដោយ​គ្មាន​អ​នាម័យ​ និង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​​ដែល​បណ្ដាល​ឲ្យ​ខាត​បង់​ទាំង​ពេល​វេលា និង​ថវិកា។ ទោះ​ជា​យ៉ាង​ណា​ រដ្ឋាភិបាល​កម្ពុជា​អះអាងថា​ប្រជាជន​កម្ពុជា​នឹង​មាន​បង្គន់​អនាម័យ​នៅ​គ្រប់​ផ្ទះ​ត្រឹម​ឆ្នាំ​២០២៥ (នៅ​៨​ឆ្នាំ​ទៀត សង្ឃឹម​ថា​គោលដៅ​នេះ​នឹង​សម្រេច​ដូច​ការ​គ្រោងទុក)។

មក​ដល់​ឆ្នាំ ២០១៧ នេះ​ហើយគ្មាន​អ្វី​គួរ​ឲ្យ​ខ្មាស​អៀន​នោះទេ រឿង​ត្រូវ​និយាយ​គួរ​តែ​និយាយ​ដើម្បី​បាន​ជា​ប្រយោជន៍​ទាំង​អស់​គ្នា។ ការ​សាង​សង់​បង្គន់​មិន​​ចំណាយ​ប្រាក់​ច្រើន​នោះទេ ហើយ​ងាយ​ស្រួល​ក្នុង​ការ​ថែទាំ​ទៀត លើស​ពី​នេះ​វា​ក៏​អាច​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ផុត​ពី​ជំងឺ​ឆ្លងនានា​ដែល​ប៉ះពាល់​ដល់​សុខភាព ថវិកា និងពេលវេលា។ និយាយ​ចឹង ខ្ញុំ​នឹង​ទៅ​សង់​បង្គន់​អនាម័យ​មួយ​ទុក​នៅ​ស្រុក​កំណើត​ដែរ​ហើយ។

សេចក្ដី​ប្រកាស៖ អត្ថបទ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​​ដោយ​យុទ្ធនាការ​សង្គម​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​ខ្វះ​ខាត​បង្គន់​អនាម័យ​នៅ​កម្ពុជា។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ទូទៅ and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s