ប្រតិមាពាជីមុខ​ក្នុង​សិល្បៈខ្មែរ


មក​ដល់​សព្វ​ថ្ងៃ​នេះ គេ​ប្រទះ​ឃើញ​ប្រតិមា​​ចំនួន​៣​ ដែល​មាន​រាង​ជា​មនុស្ស​និង​ក្បាល​ជា​សេះ (ពាជីមុខ = មុខសេះ)។ ប្រតិមា​ទាំង​៣​នោះ មាន​ពីរ​រក្សា​ទុក​នៅ​សារមន្ទីរជាតិ​ភ្នំពេញ (រូប​ទី​១ និង២) និង​មួយទៀត​រក្សា​ទុក​នៅ​សារមន្ទីរជាតិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​ហ្គីម៉េ ក្រុងប៉ារីស៍ (រូប​ទី​៣)។

(ពីឆ្វេងមកស្ដាំ) គោកត្រប់, នាងខ្មៅ, សម្បូណ៌ព្រៃគុក

​រូប​ទី​១​ មាន​ប្រភព​មក​ពី​គោក​ត្រប់​ ខាង​ត្បូង​ភ្នំពេញ។ គេ​គិត​ថា​រូប​នេះ​ជា​រូប​សាង​ឡើង​នៅ​មុន​សម័យ​អង្គរ[១]។ រូប​ទី២ មាន​ប្រភព​មក​ពី​ប្រាសាទ​នាង​ខ្មៅ​ ខេត្ត​តាកែវ។ គេ​គិត​ថា​រូប​នេះ​​សាង​ឡើង​នៅ​​កំឡុង​ភាគ​ដំបូង​នៃ​សតវត្ស​ទី១០[២]។ រូប​ទី​៣ មាន​ប្រភព​មក​ពី​ក្រុម​ប្រាសាទ​សម្បូណ៌​ព្រៃគុក ខេត្ត​កំពង់ធំ។ គេ​គិត​ថា​រូប​នេះ​សាង​ឡើង​នៅ​​​កំឡុង​៣​ភាគ​៤​ នៃ​សតវត្ស​ទី១០[៣]។

តាម​ព័ត៌មាន​ដែល​មាន​បិត​​នៅ​ជិត​ជើង​ទម្រ​រូប​ចម្លាក់​​ក្នុង​សារមន្ទីរ​ ក៏​ដូច​ក្នុង​សៀវភៅ​​ L’art du Cambodge ancien: Les collections du musée national de Phnom Penh ហៅរូប​នេះ​ថា​ជា វិស្ណុ-កល្កិន (រូបទី១ និងទី២) ពោល​គឺ​ជា​អវតារ​ចុង​ក្រោយ​នៃ​ព្រះ​នរាយណ៍​ដែលចុះ​​មាន​បំផ្លាញអធម៌​នៅ​ចុង​បំផុត​នៃ​កលិយុគ (យុគ​​បច្ចុប្បន្ន)[៤],[៥]។ គំនិត​នេះ​មិន​ខុស​គ្នា​ពី​គំនិត​នៅ​ក្នុង​សាសនា​នានា​ដូច​ជា ភ្លើង​ឆេះកប្ប ថ្ងៃចុងក្រោយ (Judgement Day-Apocalypse) នោះទេ។ នៅពេល​នោះ នឹង​មាន​អ្នក​សង្គ្រោះម្នាក់​មក​សង្គ្រោះសាវ័ក​របស់គេ។ ឯ​សៀវភៅ L’art Khmer dans les collections du musée Guimet ហៅរូប​នេះ​ ហយគ្រីវ (រូបទី៣) ជា​អវតារ​មួយ​ទៀត​នៃ​ព្រះ​នរាយណ៍​ ដែល​​ចុះ​មក​សម្លាប់​យក្ស​មធុ-កៃដភ ដែល​លួច​គម្ពីរ​វេទ​ពី​ព្រះព្រហ្ម ពេល​ទើប​បង្កើត​លោក[៦]។ ចំណែក​សៀវភៅ Masterpieces of the National Museum of Cambodia មាន​បង្ហាញ​តែ​រូប​​ទី១ ហើយ​​​បាន​និយាយ​ដល់អវតារ​ពីរ​នៃ​ព្រះនរាយណ៍​ដែល​ពាក់ព័ន្ធ​នឹង សេះ ពោលគឺ ហយគ្រីវ (ហយសរីស) និងកល្កិន នេះឯង។ ទោះ​ជា​យ៉ាង​ណា​ សៀវភៅ​នេះ​មិន​បាន​បញ្ជាក់ថា​រូប​នេះ​ជា​រូប​មួយ​ណា​ឱ្យ​ប្រាកដ​ទេ ពីព្រោះ​តែ​គ្មាន​កេតភណ្ឌ​សម្គាល់[៧]។

ចម្លាក់ផ្ដែរនៅបន្ទាយស្រី

រូប​ខាង​លើ​ជា​ចម្លាក់​នៅ​លើ​ផ្ដែរមុខខាង​លិច​នៃ​ខ្លោង​ទ្វារ​ទី១ នៃ​​ប្រាសាទ​បន្ទាយស្រី។ នៅ​ចំកណ្ដាល​រូប​នេះ​ បង្ហាញ​​រូប​មនុស្ស​មាន​មុខ​ជា​សេះ ដៃបួន ដៃពីរ​ខាង​មុខចាប់បោច​សក់​​យក្ស​ពីរ​នាក់​។ ខ្ញុំ​គិត​ថា ឈុត​នេះ​បង្ហាញ​កន្លែង​ដែល​ ហយគ្រីវ សម្លាប់យក្ស​មធុ-កៃដភ តែម្ដង។ មាន​រូប​ស្រដៀង​គ្នា​មួយ​ទៀត ជា​ចម្លាក់​លើ​ផ្ដែរ​​នៅ​ទ្វារ​ខាង​លិច​នៃ «បណ្ណាល័យ» ខាង​ត្បូង​នៃ​​ប្រាសាទ​បន្ទាយ​ពីរ​ជាន់​នៅ​កោះកេរ[៨]។

ភស្តុតាង​សិលាចារឹក​ក៏​មាន​បង្ហាញ​ពី​ការ​គោរព​ ហយគ្រីវ ដែរ។ សិលាចារឹក K.436​ ឃ្លា​ទី៣​ សរសេរ​ថា «សូម​ជោគជ័យ​មាន​ដល់​ទេព​ដែល​មាន​បទ្ម​ (ផ្កាឈូក) ចេញ​ពី​ក្នុង​ផ្ចិត, សូម​ជោគជ័យ​មាន​ដល់​​ទេពដែលបង្ក្រាបមធុ និងកៃដភ ដែល​មាន​ក្ដី​សណ្ដោស​ដល់​ ទេព​បង្កើត​លោក»[៩]។ ត្បិត​ថា​សិលាចារឹក​នេះ​មិន​បាន​ហៅ​ព្រះ​ទាំង​នេះ​ដោយ​ចំ​​ឈ្មោះ​យ៉ាង​ណា​ក្ដី ក៏ឃ្លា​និមួយ​ៗបាន​បង្ហាញ​រួច​ជា​ស្រេច តួ​យ៉ាង​ដូច​ជា «ទេព​ដែល​មាន​បទ្ម (ផ្កាឈូក) ចេញ​ពីក្នុងផ្ចិត» គឺគ្មាននរណា​ក្រៅពីព្រះនរាយណ៍​នៅ​ពេល​ដែល​ព្រះអង្គផ្ទុំ​នោះទេ។ ទេព​ដែល​បង្ក្រាប​យក្ស​ទាំងពីរ​នេះ គឺ ហយគ្រីវ ទេពក្បាលសេះ​នេះ​​ឯង។ ចំណែក​ឯ​ទេព​បង្កើត​លោក គឺព្រះព្រហ្ម​ ដែល​ទទួល​ក្ដី​សណ្ដាស​ពី ហយគ្រីវ ដែល​បាន​សម្លាប់យក្ស​ទាំង​ពីរ​យក​គម្ពីរ​វេទ​មក​វិញ។

ហយគ្រីវ

បើទៅ​មើល​រូប​នេះ​នៅ​ឯ​ស្រុក​ឥណ្ឌា ក៏​ឃើញ​ថារូប​ ហយគ្រីវ​ នេះ​ជា​មនុស្ស​ក្បាល​សេះ​មាន​ដៃ​បួន ឯខ្លួន​នោះ​មាន​ពណ៌​ខៀវ​ដូច​ព្រះនរាយណ៍​ដែរ (រូប​គំនូរ​​ខាង​​ឆ្វេង)។

ក្នុង​វចនានុក្រម​សំស្ក្រឹត ពាក្យ «ហយគ្រីវ» មានន័យ​ថា​ត្រង់​ថា «ដែល​មាន​ក​ជាសេះ» (ហយ = សេះ, គ្រីវ = ក)។ ម៉្យាង​ទៀត កល្កិន​ ដែល​ចុះ​មក​នៅ​ចុង​កលិយុគ​នោះ គឺ​ជា​មនុស្ស​ប្រុស​ជិះ​សេះ​ស មិនមែន​ជា​មនុស្ស​ក្បាល​សេះ​នោះទេ។ នៅឥណ្ឌា គំនូរ​ និង​ចម្លាក់​នៃ​រូប​ទាំង​ពីរ​នេះ​ គេ​ចែក​គ្នា​ដាច់​យ៉ាង​ច្បាស់។ តាម​ការ​ពិនិត្យ​មើល​ចម្លាក់​នៅ​លើ​ផ្ដែរ​ប្រាសាទ​បន្ទាយ​ស្រី ពិនិត្យ​មើល​លើ​ភស្តុតាង​សិលាចារឹក និង​​ប្រៀបធៀប​រូប​នៅ​ឥណ្ឌា ខ្ញុំ​យល់​ស្រប​នឹង​ លោក Pierre Baptiste ដែល​ហៅ​ប្រតិមា​មនុស្ស​ក្បាល​សេះ​នេះជា​ប្រតិមា «ហយគ្រីវ» មិន​មែន​ «កល្កិន​»។

*****

ឯកសារពិគ្រោះ៖
[១] [២] [៤] [៥]Dalsheimer, N. (2001). L’art du Cambodge ancien: Les collections du musée national de Phnom Penh. École française d’Extrême-Orient. Paris: Magellan & Cie. p. 51-52, p. 112-113.
[៣] [៦] Baptiste, P. et Zéphir, T. (2008). L’art Khmer dans les collections du musée Guimet. Paris: Édition de la Réunion des musées nationaux. p.156-160.
[៧] Jessup, H. I. (2006). Masterpieces of the National Museum of Cambodia. FOCKI. Hong Kong: Orientations. p. 28-29
[៨] Parmentier, H. (1939. L’art khmer classique: Monuments du quadrant nordest. Paris: PEFEO, p. 101
[៩] Coedès, G. (1952). Inscriptions du Cambodge. Tome IV. Hanoi: EFEO. p. 20-24

*****

អាន​បន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ទេពកថា, ទេពកថាព្រហ្មញ្ញសាសនា, អត្ថបទ វប្បធម៌ និង អរិយធម៌, អត្ថបទ​ បុរាណ​វិទ្យា, អំពី​សិលាចារឹក​ខ្មែរ and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s