ការងារ​នៃ​លោក Sylvain Vogel


Sylvain Vogel’s World of Extreme Linguistics
ដំណើរ​ផ្សង​ព្រេង​នៃ​ភាសាវិទូ​ជាតិ​បារាំង​ម្នាក់​ក្នុង​ការ​កត់​ត្រា​ភាសា​នៃ​ជនជាតិ​ព្នង​​នៅ​ប្រទេស​កម្ពុជា​​ដែល​ជិត «ស្លាប់»​

Vogel និង Nchhööp ឆ្លងស្ទឹងមួយនៅមណ្ឌលគិរី, រូបភាព​ដោយ៖ Peter Maguire

ចំណាប់អារម្មណ៍នៃ​លោក ស៊ីលវ៉ាំង ហ្វូហ្គឹល ចំពោះភាសា​នៃ​ជនជាតិ​ដើម​ភាគ​តិច និង​ភាសា​ដែល​ងាយ​រង​គ្រោះ​នៅ​ប្រទេស​អាហ្គានីស្ថាន និង​នៅ​ប្រទេស​កម្ពុជា​ប្រហែល​ជា​ដោយ​សារ​ខ្លួន​លោក​ក៏​ជា​សមាជិក​នៃ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​និយាយ​ភាសា​អាល្លឺម៉ង់​នៅ​តាម​​ជនបទ​នៅ​​ប្រទេស​បារាំង ដែល​ភាសា​ និងវប្បធម៌​នោះ​កំពុង​រង​គ្រោះ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​​​នៅ​ឆ្នាំ១៩៧៧ លោក​ចាប់​ផ្ដើម​​បង្រៀន​ភាសា​បារាំង​នៅ​វិទ្យាល័យ​យោធា​នៅក្រុង​កាប៊ុល ប្រទេស​អាហ្គានីស្ថាន។ នៅទីនោះ លោកក៏​ចាប់​ផ្ដើម​រៀន​​​ភាសា​ពែក្ស (Persian) និង​ប៉ាស្តូ (Pashtu)។ ក្រៅពីការ​សម្រាក​​រយៈពេល​ពីរ​ឆ្នាំ (១៩៨៣-១៩៨៥) លោកចំណាយ​ពេល​ភាគ​ច្រើន​ពី​ឆ្នាំ ១៩៧៧-១៩៩១ នៅ​ប្រទេស​អាហ្គានីស្ថាន និង​ប៉ាគីស្ថាន នាំ​ឱ្យ​លោក​ជាប់​ចិត្ត​​យ៉ាង​ពិសេស​ជា​មួយ​សង្គម​នេះ។ ពួកគេ​ជា​ក្រុម​មនុស្ស​ដែល​រក្សា​ឯករាជ្យ​របស់​ពួក​គេ​តាម​គ្រប់​មធ្យោបាយ ដែល​ឱ្យ​តម្លៃ​ដល់​សេចក្ដី​ក្លាហាន ការ​សងសឹក បដិសណ្ឋារកិច្ច សប្បុរសធម៌​ដល់​អ្នក​បរាជ័យ និង​កិត្តិយស។ លោក​ពន្យល់ថា «ភាគច្រើន​នៃសិលធម៌, បុគ្គលិកលក្ខណៈ និង​តម្លៃ​របស់​ខ្ញុំធំធាត់​នៅ​ទីនេះ។»

បន្ទាប់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ បាលូជីស្ថាន (Balûchistân) លោកហ្វូហ្គឹល​បាន​ត្រឡប់​ទៅ​ទីក្រុង​ប៉ារីស៍​នៅ​ឆ្នាំ១៩៩១ ដើម្បី​ការ​ពារ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ក្រោម​ចំណង​ជើង​ថា «លក្ខណៈនៃ​កិរិយា​ស័ព្ទ​ក្នុង​ភាសា​ប៉ាស្តូ (Aspects of the Pashto verb)»។ បន្ទាប់​មក​លោកបាន​ប្រឡង​ចូល​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​​បារាំង [មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ – Centre national de la recherche scientifique (CNRS)] ដោយ​ទទួល​បាន​លេខ​មួយ។ ទោះ​ជា​យ៉ាង​ណា ប្រធាន​ផ្នែក​មនុស្ស​សាស្ត្រ​នៃ​ស្ថាប័ន​នេះ​មិន​បាន​អនុញ្ញាត​ឱ្យ​លោក​ចូល​ធ្វើ​ការ​នោះ​ទេ ដោយ​អះអាង​ថាភាសា​ប៉ាស្តូជា​ភាសា​ស្លាប់ ដូច្នេះ​វា​គ្មាន​ផ្ដល់ប្រយោជន៍​អ្វី​នោះទេ។ លោក​ហ្វូហ្គឹលទទួល​បាន​មេដាយ​សម្រិត​មួយ​ជា​ការ​លួង​ចិត្ត​ បន្ទាប់​មក​ក្រសួង​ការ​បរទេស​បារាំង​បាន​ស្នើ​ឱ្យ​គាត់​មក​បង្រៀននៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោក​សាស្ត្រាចារ្យ Gerard Fussman នៅ​ College de France និយាយ​ថា «មូលហេតុ​ដែល​គ្មាន​ស្ថាប័ន​ស្រាវជ្រាវ​បារាំង​ណា​មួយ​ទទួល​យក​អ្នក​ភាសាវិទ្យា​​ដែល​មាន​សមត្ថភាព​​ល្អ​បែប​នេះ ប្រហែល​អាច​ក្លាយ​ជា​ប្រធាន​បទ​សិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍»។

លោកហ្វូហ្គឹល​ បាន​ផ្លាស់​មក​ភ្នំពេញ និង​ចាប់​ផ្ដើម​រៀន​ភាសា​ខ្មែរ និង​បង្រៀន​ក្នុង​ពេល​ជា​មួយ​គ្នា។ នៅ​ពេល​ទំនេរ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ខ្ពង់រាប​ភាគឦសាន​នៃ​ប្រទេស​កម្ពុជា ពោលគឺ​ខេត្ត​​មណ្ឌល​គិរី​ដ៏​ឆ្ងាយ។ គាត់​បាន​ដើរ​រុករក​ព្រៃ​​ ដោយយក​តាម​ខ្លួន​នូវ​កាំ​ភ្លើង​មួយ​ដើម មុង ស្រាក់​ម្ហូប និង​ថ្នាំ​បន្សុទ្ធ​ទឹក។ គាត់​មាន​អារម្មណ៍​ដូច​នៅ​​ផ្ទះ​កំណើត​នៅ​ពេល​ដែល​គាត់​នៅ​ក្នុង​ព្រៃ​ដ៏​ក្រាស់ ចំណែក​ឯ​ជនជាតិ​ដើម​ភាគ​តិច​ព្នង (ដែល​ប្រជាជន​នៅ​លោក​ខាង​លិច​ហៅ​ជា​រួម​ថា ម៉ុងតាញ៉ា-Montagnards) ​បាន​ទាក់អារម្មណ៍​គាត់​យ៉ាង​ខ្លាំង។

ទ្រមាក់ដំរី ខ្រឹមខ្លួល (Khrem Kluol) នឹង​ខ្សែទាក់ដំរី​​, រូប​ថត​ដោយ៖ Peter Maguire

ដូច​ជនជាតិ​ប៉ាស្តូ​ដែរ ជនជាតិព្នង​មាន​ភាសា និង​​ប្រព័ន្ធ​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ពួកគេ​មិនសូវ​ជា​ចូលចិត្ត​ជនជាតិ​ខ្មែរ និង​ជនជាតិ​វៀតណាម​ប៉ុន្មានទេ (?) [harbored thinly-veiled contempt for both the Cambodians and Vietnamese]។ កាល​ពី​មុន​ជនជាតិ​​ព្នង​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ដូច​ជនជាតិ​ដទៃ​​ទៀត​ក្នុង​លោក ដោយ​ការ​កាប់​ឈើ ការ​បរបាញ់ ការ​ធ្វើ​កសិកម្ម និង​ការ​ចាប់និងផ្សាំ​ដំរី។ ពួកគេ​រស់​នៅ​ក្នុង​ព្រៃ​ជា​មួយ​ដំរី ខ្លាដំបង ខ្លារខិន ខ្លាឃ្មុំ ពស់វែង និងមូស​ដែកគោល។

មុន​សង្គ្រាម​វៀណាម មាន​ប្រជាជន​ប្រមាណ​មួយ​លាន​នាក់​រស់​នៅ​តំបន់​ខ្ពង់​រាប​នៅ​ចន្លោះ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។ ពួកគេ​ចែក​ជា​កុលសម្ព័ន្ធ ប្រមាណ​ជា​៣០ ដែល​មាន​ភាសា​ផ្ទាល់ខ្លួន គោរព​ព្រះ​ផ្សេងៗគ្នា និង​រស់​នៅ​តាម​របៀបរបប​របស់​ពួក​គេនិមួយៗ។ នៅ​ពេល​ដែល​ទីក្រុង​ភ្នំពេញ និង​សៃហ្គនធ្លាក់ក្នុង​កណ្ដប់​ដៃពួកកុម្មុយនីស្ត​នៅ​ឆ្នាំ១៩៧៥ មនុស្ស​ប្រុស​ប្រហែល​ជា​ពាក់កណ្ដាល​នៃ​ចំនួន​មនុស​ប្រុស​សរុប​នៃ​ក្រុម​កុល​សម្ព័ន្ធ​ទាំង​នេះ​បាន​បាត់​បង់​ជីវិត ឯ​អ្នក​ដែល​នៅ​រស់​រង​នូវ​ការ​គៀប​សង្កត់​ពី​រដ្ឋាភិបាល​វៀត​ណាម និង​កម្ពុជា។
​​
​នៅពេល​ដែល​លោក​ហ្វូហ្គឹល​បាន​ជួបជនជាតិ​ព្នង​ជា​លើក​ដំបូង​នៅ​ឆ្នាំ១៩៩៣ ពួកគេ​នៅ​រស់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​នៅឡើយ ហើយ​គោរព​តាម​ប្រពៃណី​សំណូរ​របស់​ពួកគេ ដែល​ផ្អែក​លើមតិ​រួម​ក្នុង​សង្គម និង​ជំនឿជីវចល។ ពួកគេ​ជាក្រុម​មនុស្ស​ដែល​ «ដឹកនាំ» ដោយ​មេភូមិ​ម្នាក់ ដែល​គេហៅថា «koraanh»។ ​មេភូមិ​ជា​ទូទៅ​​ប្រមូល​មនុស្ស​នៅ​ក្នុង​ភូមិនៅជុំវិញវង់​ស្រាពាង និង​ធ្វើ​ការ​បូជា​​ទៅតាម​កាលៈទេសៈ។ ជា​ឧទាហរណ៍ គេ​ជឿថា​ជំងឺ​គ្រុនចាញ់​​បណ្ដាល​មក​ពី​ព្រលឹង​ណា​មួយ​ខឹង​ហើយកាច់ និង​មក​ពី​ទីតាំង​ភូមិ​របស់ពួកគេ (ពួកគេរស់នៅចល័ត?)។

​នៅពេល​ដែល​មនុស្ស​មួយ​ចំនួនគិត​ថា​ជនជាតិ​ព្នងកាច ហើយពិបាកស្មាន​ លោកហ្វូហ្គឹល​មិនគិត​អញ្ចឹង​ទេ។ ខុស​ពីអ្នក​ដទៃ គោល​ការណ៍​របស់​គាត់​ គឺ​ជា​គោលការណ៍​របៀប​ស្រាវជ្រាវ​សុទ្ធ​សាធ។ គាត់មិនលួចដីជនជាតិ មិនទាមទារ​ឱ្យពួកគេប្ដូរ​មក​គោរព​គ្រិស្តសាសនា មិន​បំពាក់គំនិត​លោកខាង​លិច​អំពី​រឿង​សិទ្ធិ​មនុស្ស​​ឱ្យ​ពួកគេនោះទេ។ ជាអ្នកភាសាវិទ្យា គាត់​ព្យាយាម​និយាយ​​ភាសា​ព្នង ហូបអាហារ​បែប​ព្នង ស្នាក់​នៅ​​បែប​ព្នង ហើយផឹក​ស្រាពាង​ដូច​ពួកគេ​ដែល​សូម្បី​តែ​គាត់​ជា​មនុស្ស​មិន​ចេះ​ផឹក​ស្រា។

Nchhööp និង Vogel កំពុង​បក​ប្រែ, រូប​ថត​ដោយ៖ Peter Maguire

នៅ​ឆ្នាំ​១៩៩៣ ​លោកហ្វូហ្គឹល​ចាប់​ផ្ដើម​រៀន​វេយ្យាករណ៍ និងសូរវិទ្យាភាសា​ព្នង​នៅ​ខេត្ត​មណ្ឌល​គីរី។ ថ្ងៃមួយ ជនជាតិ​ព្នង​ម្នាក់​ដែល​គាត់​ឧស្សាហ៍​និយាយ​ជាមួយ ប្រាប់​គាត់​ថា​គាត់​មាន​មា​ម្នាក់​ឈ្មោះ ន្ឈោប (Nchhööp) ដែល​ចេះ​ «សរសេរ​ព្នង»។ លោកហ្វូហ្គឹល​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពីព្រោះ​គាត់​គិត​ថា​ព្នង​គ្មាន​អក្សរ​នោះទេ​។ នៅ​ពេល​ដែល​ពួកគេ​បាន​ជួប​គ្នា ន្ឈោប​ ប្រាប់​ថាគាត់​ចេះ​សរសេរ​អក្សរ​ដោយ​សារ​មន្ត្រី​អាណានិគម​បារាំង​ពីរ​នាក់បង្រៀន​កាល​ពី​គាត់​នៅ​ក្មេង។ ន្ឈោប ដែល​មាន​អាយុ​៦០​ឆ្នាំ​ស្ដើង ដឹង​ថា​លោកហ្វូហ្គឹល​ចង់​ធ្វើ​អី។ លោកហ្វូហ្គឹល​ រំឭក​ថា «គាត់​ជា​គ្រូ​ខ្ញុំ​​លើ​គ្រប់ផ្នែក​នៃ​វប្បធម៌​ព្នង»។

ដំបូង​ឡើយ គ្រូ​និង​សិស្ស​ពិនិត្យ​មើល​រូប​ថត គំនូរ និង​កត់​សូរ​ពី​បទ​សម្ភាសន៍​នានា​ដោយ​ប្រើ អក្ខរក្រម​សូរវិទ្យា​អន្តរជាតិ (IPA)។ លោកហ្វូហ្គឹល​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ដែល​ដឹង​ថា​ភាសា​ភ្នង​មាន​អក្សរសិល្ប៍​សំណូរ​យ៉ាង​សម្បូណ៌​បែប​ដែល​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ គាត់​ជឿ​ថារចនា​សម្ព័ន្ធ​​នៃ​តំណាល​អំពី​ផល​កម្ម (?) [the structure of the aetiologic tales] បង្ហាញ​ថា​ពួកគេរស់​នៅ​ក្នងព្រៃ​ និង​ធ្វើតាម​ប្រព័ន្ធ​នយោបាយ​បែប​ពួកគេ ដោយសារ​ជម្រើស មិនមែន​ដោយ​សារ​ភាព​ចាំបាច់។ តំណាលអំពីកម្មផល​នេះ​ស្រដៀង​នឹង​រឿងព្រេង​ដោយ​សារ​វាព្យាយាម​ពន្យល់​ដោយ​ស្រប​ទៅ​តាម​វប្បធម៌​អំពី​ការ​ពិត​ណា​មួយ​ក្នុង​សង្គម ដែល​ពេល​ខ្លះ​ហាក់​ពិបាក​ពន្យល់​ ឬ​បង្ហាញ​នៅ​ក្នុង​សង្គម។ ជនជាតិ​ព្នង​តែង​ពន្យល់​រឿង​បែប​នេះ​ដោយ​ភ្ជាប់​ទៅ​នឹង​អតីតកាល​ដ៏​យូរ​លង់​ណាស់​មក​ហើយ នៅពេល​ដែលព្រះ វិរបុរស និងមនុស្ស​រស់​នៅ​ជាមួយគ្នា​ជា​ក្រុម​ធំ​មួយ។ បើ​តាម​ហេតុផល​បែប​ប្រពៃណី រឿងរ៉ាវ​បែប​ទស្សនវិជ្ជា​អស់​នេះ អំពីកម្មផល​ពន្យល់​គ្រប់រឿងតាំងពីកំណើតប្រាសាទ​អង្គរវត្ត​ ដល់​រឿងនិយាយ​ពីសត្វ​ដំរី​ដែល​​​ព្រម​រស់​នៅ​ជា​មួយ​ជនជាតិ​ព្នង។

Vogel និង Nchhööp សម្ភាស​ទ្រមាក់ដំរី​ជំនាន់ទី៣ ខ្រឹមខ្លួល (Khrem Kluol), រូប​ថត​ដោយ៖ Peter Maguire

ពីរ​ទសវត្សន៍​បន្ទាប់ លោកហ្វូហ្គឹល ទោះមាន​ឬ​គ្មាន​ជំនួយ​ពី​រដ្ឋាភិបាល​បារាំង​ក្ដី ក្រៅ​ពី​ការងារ​បង្រៀន​ពេញ​ម៉ោង​នៅ​សាកលវិទ្យាល័យ​នៅ​ភ្នំពេញ បាន​បោះពុម្ពផ្សាយ​ការងារ​អំពី​ភាសា និង​វប្បធម៌​ព្នង​ដែល​លម្អិត​បំផុត​ គ្មានអ្នកផ្សេង​ណា​ធ្វើ​ដូច។ សៀវភៅទី​មួយ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០០៨ ​មាន​ចំណង​ជើង​ថា សេចក្ដីណែនាំ​អំពី​ភាសា និង ជនជាតិ​ព្នងនៅខេត្ត​មណ្ឌលគិរី (Introduction à la langue et aux dits traditionnels des Phnong de Mondulkiri)។ សៀវភៅ​បន្ទាប់​សិក្សា​អំពី​វេយ្យាករណ៍​ព្នង (Bunong grammar, Eléments de langue Phnong)។ អង្គការ​ UNESCO បាន​បោះពុម្ព​ផ្សាយសៀវភៅទិដ្ឋភាព​នៃវប្បធម៌​ប្រពៃណី​​របស់​ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី (ចុច​ដើម្បីទាញ​យក​សៀវភៅ Apects de la culture traditionelle des Bunong du Mondulkiri) នៅឆ្នាំ២០១០ ហើយចុង​ក្រោយ​បំផុត​នេះ​នៅ​ឆ្នាំ​២០១៥ គឺ​សៀវភៅ​សំឡេង​ប្រពៃណី​ពី​មណ្ឌលគីរី (Voix du mondulkiri historique-Traditional Voices of Mondulkiri )។ ការងារ​ចុង​ក្រោយ​នេះ​ជា​សេចក្ដី​ណែនាំ និង​សមុច្ច័យ​នៃ​រឿងតំណាល​ រឿងវីរកថា ចម្រៀងអារក្សនៃជនជាតិ​ព្នង​ដែល​លោកហ្វូហ្គឹល​បាន​កត់​ត្រា​ជា​អក្ខរក្រម​សូរវិទ្យាអន្តរជាតិ និងប្រែ​ជា​ភាសា​បារាំង​ដែរ។ គាត់ផ្ទឹម​កំណាព្យវីរកថាព្នងស្មើទៅនឹងកំណាព្យបុរាណ​ក្រិច​របស់ អូមែរ (Homer) គឺកំណាព្យរឿងអ៊ីលីយ៉ាដ (The Iliad)។​

ប្រវត្តិ​វិទូ​បារាំង ម៉ាធ្យើ ហ្គេរ៉ាំង (Mathieu Guérin) សរសេរ​ថា៖ «លោក ស៊ីលវ៉ាំង ហ្វូហ្គឹល មិនមែន​ជា​ភាសា​វិទូ​ធម្មតា​នោះទេ» អ្នកត្រូវ​ការ​ភាព​អស្ចារ្យ​ទាំង​នេះ​​ក្នុង​ការ​​​ចំណាយ​ពេល​ជិត​ពីរ​ទសវត្សន៍​ដើម្បី​សិក្សា​ភាសា​ព្នង។ គាត់ចំណាយពេល​រាប់មិនអស់ពិភាក្សា​ជា​មួយ​អ្នក​ផ្ដល់ព័ត៌មាន ស្ដាប់ចាស់ស្រុក «korgn» ដែល​ដឹង ដែលចេះ​ច្រៀង ដែលចេះនិទានរឿង។ គាត់ចូលរួម​ពិធីកាប់ក្របី និងផឹកស្រាពាង។​ ​​លោក ហ្គេរ៉ាំង បន្ថែម​ថា៖ «គាត់មិនត្រឹម​តែ​រៀនភាសា​ព្នង​នោះទេ គាត់​មាន​ចំណេះ​ដឹង និងយល់អំពី​សង្គម​ព្នង​ដែល​គ្មាន​អ្នកក្រៅណា​ម្នាក់​អាច​ធ្វើ​ដូច។ គាត់​អាច​​គិត​ដូច​ជនជាតិ​ព្នងគិត ដោយ​ប្រើ​ភាសា​ព្នង គំនិត​ដែល​ខុស​ប្លែក​ឆ្ងាយ​ពី​គំនិត​លោកខាង​លិច​របស់​យើង។» អ្វី​ដែលគាត់បានសម្រេចគឺអស្ចារ្យ​ខ្លាំងណាស់។​

Vogel និង Nchhööp នៅភូមិព្នងមួយ, រូប​ថត​ដោយ៖ Peter Maguire​

ដោយ​សារ​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា​ឈាន​នៅ​រក​ការ​ហិន​ហោច​បាត់​បង់​នោះ របៀប​រស់​នៅ​បែប​ប្រពៃណី​របស់​ជនជាតិ​ព្នង​ក៏​រលាយ​បាត់​ទៅ​តាម​នោះដែរ។ បើ​ទោះ​បី​ជា​ជនជាតិ​ទាំង​នេះ​បាន​​រស់​នៅ​ឆ្លង​កាត់​សង្គ្រាម​ក្ដី សកលនិយម​ [globalism] នោះទេ​ដែល​ទំនង​ជា​សត្រូវ​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​ចំពោះ​ពួកគេ។ ដើម [mahogany, teak, rosewood] ដែលជា​កំណាត់​ឈើ​មាន​តម្លៃ​កំពុង​ទទួល​រង​ការ​បំផ្លាញ។ ការ​បាប់បំផ្លាញ​ព្រៃឈើ​នេះ​ក៏​ប៉ះពាល់​ដល់​ជនជាតិ​ព្នង​យ៉ាង​ខ្លាំង​ក្លា​ដែរ។

អ្នក​ភាសា​វិទ្យា​រូប​នេះ​ជឿ​ថា​ការ​បាត់​បង់​វប្បធម៌​មួយ ជា​ការ​បាត់​បង់​រួម​មួយ​នៃ​មនុស្ស​ជាតិ។ យ៉ាងណាក្ដី វា​មិនមែន​ជាបាតុភូត​​​ថ្មី​នោះទេ «វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​បាន​បង់​ទីតាំង​របស់​ខ្លួន​ឱ្យ​ទៅ​កាន់​មហាអំណាច​អស់​ជា​ច្រើន​សតវត្ស​មក​ហើយ។» គាត់​ក៏​មិនមែន​ជា​មនុស្ស​សម្បូណ៌​ដោយ​មនោសញ្ចេតនា​ដែរ។ គាត់​ក៏មិនអាច​និយាយ​អ្វី​ឱ្យ​ខុស​ការ​ពិត​ដែរអំពី​អនាគត​នៃជនជាតិ​ព្នង។ «ខ្ញុំគ្មាន​ដំណោះស្រាយ​​ផ្ដល់​ឱ្យ​នោះទេ។ មិនមាន​ការគិត​ជូនពរ គ្មាន​ភាសាកែតម្រូវបែបនយោបាយ ឬក៏សម្រក់ឈាម​ដើម្បី​កែប្រែ​រឿង​អ្វី​ដែរ។ ខ្ញុំ​គ្រាន់តែ​ជាសាក្សី​ដែល​ឈរមើល ជាមួយ​នឹង​អារម្មណ៍​ដ៏​សោកសៅ ព្រោះមិនអាចជួយ​អ្វី​បាន​ចំពោះ​វប្បធម៌​មួយ​ដែល​កំពុង​បាត់បង់។» គាត់បានពោល។

***

អត្ថបទ​ដោយ៖ បណ្ឌិត​ Peter Maguire។ លោកក៏​ជា​ស្ថាបនិក និង​នាយក​នៃ​មូលនិធី Fainting Robin ដែរ។ បណ្ឌិត ​Sylvain Vogel ជា​អ្នកប្រាជ្ញ​ដំបូង​គេ​​ដែល​ទទួល​បាន​ពាន​រង្វាន់​ពី​មូលធិនិ​នេះ។ បណ្ឌិត​ Peter Maguire សរសេរ​សៀវភៅ​មួយ​ចំនួន​អំពី​អាស៊ីអាគ្នេយ៍ តួយ៉ាង៖ ​Thai Stick: Surfers, Scammers, and the Untold Story of the Marijuana Trade, Facing Death in Cambodia, និង Law and War: International Law and American History។

អត្ថបទដើម៖ The Diplomat: 02/02/2018. Sylvain Vogel’s World of Extreme Linguistics.

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អ្នកភាសាវិទ្យា and tagged , , , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s