ភ្នំក្ងោកមាស (៣)


ចម្លងទាំងស្រុងពីវេបសាយព័ត៌មាន អាស៊ីសេរី ចេញផ្សាយថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៣

ពលរដ្ឋ​នៅ​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​យក​ព្រះពុទ្ធរូប​មក​តម្កល់​ក្នុង​វាំង

រូបថត​ឯកសារ​កុមារា វង្ស សុខជា ថត​ជាមួយ​គ្រួសារ និង​ពុទ្ធរូប​ទាំង ៦៦​អង្គ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រក​ឃើញ​ព្រះពុទ្ធ​រូប៦៦​អង្គ បាន​អំពាវនាវ​អោយ​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈខេត្ត​ស្ទឹងត្រែង បញ្ជូន​ព្រះពុទ្ធរូប​ទាំង៦៦​អង្គ​ដែល​ពួក​គាត់​បាន​ប្រគល់​អោយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ មក​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​អោយ​បាន​ឆាប់​រហ័ស ដើម្បី​អោយ​គ្រួសារ​គាត់​ទទួល​បាន​នូវ​សេចក្ដី​សុខ និង​ជៀស​ផុត​នូវ​ជំងឺតម្កាត់​ផ្សេងៗ។

ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​ក្នុង​គ្រួសារ​ដែល​ចេះ​តែ​មាន​ជំងឺ​តម្កាត់​មក​យាយី​មិន​ឈប់​ឈរ បន្ទាប់​ពី​ពួក​គាត់​រក​ឃើញ​ព្រះពុទ្ធ​រូប៦៦​អង្គ តែ​មិន​បាន​នាំ​យក​ពុទ្ធរូប​ទាំង​នោះ​មក​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​តាម​ការ​ពន្យល់​សប្ដិ​របស់​គេ។

អ្នកស្រី សុខ រ៉ា បាន​អោយ​ដឹង​ថា «នៅ​យប់​មួយ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៣ កូន​ប្រុស​របស់​លោកស្រី ឈ្មោះ វង្ស សុខជា អាយុ១៥​ឆ្នាំ បាន​ភ្ញាក់​ពី​គេង​នៅ​ម៉ាង​ប្រហែល៤​ព្រឹក ហើយ​បាន​ចុះ​ពី​លើ​ផ្ទះ​ដោយ​មិន​បាន​ប្រាប់​អ្នក​ផ្ទះ​ថាទៅ​ទី​ណា​នោះ​ទេ»។ លោកស្រី​ថា «រហូត​ដល់​ម៉ោង១១​ថ្ងៃ ទើប​កុមារា វង្ស សុខជា ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មាន​កាន់​ពុទ្ធ​រូប​មួយ​អង្គ​មក​ជាមួយ​ផង»។ ពេល​កូន​ត្រឡប់​មក​ភ្លាម លោកស្រី​មិន​បាន​សួរ​ដេញដោល​អ្វី​ទេ ហើយ​ក៏​បាន​ដេញ​វាយ​កូន​បណ្ដើរ​ស្តី​អោយ​បណ្ដើរ​ថា ទោះ​បី​ជា​ក្រ​យ៉ាង​ណា​ក៏​មិន​ត្រូវ​ទៅ​លួច​របស់​គេ​ដែរ ហើយ​បាន​បង្គាប់​អោយ​កូន​យក​ពុទ្ធ​រូប​ក្នុង​ដៃ​នោះ​ទៅ​សង​ម្ចាស់​គេ​វិញ៖ «ម៉ោង​១១ មក​ដល់​ផ្ទះ។ ខ្ញុំ​យក​កាំបិត​ដេញ​កាប់​កូន ខ្ញុំ​ថា ឯង​យក​ព្រះអង្គ​មក​ពី​ណា? ពូជ​អញ​មិន​ចេះ​លួច​គេ​ទេ ស្រាប់​តែ​កូន​លើក​ដៃ​ទាំង​ព្រះអង្គ​ទាំង​អី ហើយ​ថា ម៉ែ​អើយ! ខ្ញុំ​មិន​មែន​លួច​គេ​ទេ បើ​ម៉ែ​ឯង​មិន​ជឿ​ខ្ញុំ​យក​មក​ទាំង​ឆ្នាំង។ ឆ្នាំង​អី ជើង​ពាន​ហ្នឹង​ណា វា​មាន​ទៅ​ស្គាល់​ជើង​ពាន​អី វា​ហៅ​ឆ្នាំង។ បើ​ម៉ែ​ឯង​មិន​ជឿ​ខ្ញុំ​ទៅ​យក​ឆ្នាំង​អោយ»។

កុមារា វង្ស សុខជា បាន​រៀប​រាប់​ថា «នៅ​យប់​នោះ ប្អូន​បាន​យល់​សប្ដិ​ឃើញ​ព្រះសង្ឃ​ពីរ​អង្គ​មក​បង្គាប់​អោយ​ទៅ​យក​ពុទ្ធរូប​នៅ​ល្អាង​មួយ ស្ថិត​ក្នុង​ភ្នំ​ក្ងោក​មាស»។ ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ក្នុង​សុបិន​នោះ ក៏​បាន​បង្គាប់​ថា «ពេល​យក​ពុទ្ធ​រូប​បាន​ហើយ​ត្រូវ​បញ្ជូន​ពុទ្ធរូប​ទាំង​អស់​នោះ​ទៅ​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង»។ កុមារា សុខ ជា បន្ត​ថា «ពេល​ភ្ញាក់​ពី​គេង​ភ្លាម រូបគេ​ក៏​ចុះ​ពី​លើ​ផ្ទះ​ម្នាក់​ឯង​ទាំង​យប់ ដើរ​សំដៅ​ទៅ​រក​ភ្នំ​ក្ងោកមាស​តែម្ដង។ តែ​ព្រះសង្ឃ​ពីរ​អង្គ​ដែល​ប្អូន​ឃើញ​ក្នុង​សុបិន​ក៏​បាន​និមន្ត​ពី​មុខ​បណ្ដើរ​រហូត​ដល់​មាត់​ល្អាង»។ ប្អូន​ថា «ពេល​ចូល​ក្នុង​ល្អាង​នោះ ស្រាប់​តែ​មាន​ពន្លឺ​គ្រប់គ្រាន់​អាច​អោយ​ប្អូន​មើល​ឃើញ​អ្វីៗ​គ្រប់​យ៉ាង​ជា​ធម្មតា ដោយ​មិន​បាច់​មាន​ចង្កៀង​គោម ឬ​ចន្លុះ​សម្រាប់​ឆ្លុះ​មើល​ផ្លូវ​នោះ​ទេ។ ពេល​ចូល​ក្នុង​ល្អាង​នោះ ប្អូន​បាន​ឃើញ​ពុទ្ធរូប​ជា​ច្រើន​អង្គ តែ​មិន​បាន​យក​ទាំង​អស់​នោះ​ទេ គឺ​យក​តែ​មួយ​អង្គ​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​ទើប​ត្រឡប់​ទៅ​យក​ព្រះពុទ្ធ​រូប​ទាំង​អស់​វិញ​តែម្តង»។ កុមារា វង្ស សុខជា៖ «លោក​ពីរ​អង្គ​មក​ពន្យល់​សប្ដិ​ខ្ញុំ​អោយ​ទៅ​យក ដល់​ពេល​ទៅ​ខ្ញុំ​ក៏​ដើរ​តាម​លោក ពេល​ដល់​ឃើញ​ពន្លឺ​ចិញ្ចាច​ដល់​មាត់​ល្អាង ដើរ​អោន ដល់​ពេល​ដើរ​អោន​អ៊ីចឹង​ទៅ ឡើង​ចំណោត​កម្ពស់​ខ្ពស់។ ដល់​ពេល​លោក​នាំ​ខ្ញុំ​ដើរ​ឡើង​ដល់​លើ​ហើយ ពេល​ខ្ញុំ​ឡើង​យក​ក៏​បាត់​លោក​ហ្នឹង​ទៅ។ ខ្ញុំ​យក​មួយ​អង្គ​មក​ដល់​ផ្ទះ រួច​ម៉ែ​ក៏​ដេញ​កាប់​ខ្ញុំ»។ ព្រះពុទ្ធ​រូប​ដែល​ប្រមូល​បាន​សរុប​មាន​ចំនួន៦៦​អង្គ ក្នុង​នោះ​មាន​ស្រោប​មាស​ចំនួន១០​អង្គ ស្រោប​ប្រាក់​ចំនួន៥៥​អង្គ និង​ឈើ១​អង្គ មាន​ព្រះកេស​ចំនួន១៥​អង្គ និង​បាត់​ព្រះកេសខូច​បល្ល័ង្ក​ចំនួន២០​អង្គ។

លោកស្រី សុខ រ៉ា បាន​និយាយ​ថា ក្រោយ​ពេល​ដែល​កូន​លោកស្រី​ប្រមូល​ព្រះពុទ្ធ​រូប​បាន​តាម​ការ​យល់​សប្ដិ​ហើយ លោកស្រី​និង​ស្វាមី​រក្សា​ទុក​ក្នុង​ផ្ទះ​តែមួយ​យប់​ប៉ុណ្ណោះ ព្រោះ​ខ្លាច​មាន​ការ​ចោទ​ប្រកាន់​ថា គ្រួសារ​លោកស្រី​លួច​យក​វត្ថុបុរាណ​ទាំង​នោះ។ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ លោកស្រី ព្រម​ទាំង​ស្វាមី​និង​កូន​ប្រុស ក៏​បាន​នាំ​យក​ពុទ្ធរូប​ទាំង៦៦​អង្គ ​នោះ​ទៅ​ប្រគល់​អោយ​ប្រធាន​មន្ទីរ​វប្បធម៌​​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង ដើម្បី​អោយ​ជួយ​នាំ​យក​ពុទ្ធរូប​បន្ត​មក​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​តាម​បណ្ដាំ​ក្នុង​សុបិននិមិត្ត។ លោកស្រី​ថា បន្ទាប់​ពី​បាន​ប្រគល់​ពុទ្ធរូប​រួច​ហើយ មន្ត្រី​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈខេត្ត​ស្ទឹងត្រែង បាន​សន្យា​ថា នឹង​នាំ​យក​ពុទ្ធរូប​មក​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​ក្នុង​ពេល​ដ៏​ខ្លី។ បន្ទាប់​ពី​ប្រគល់​រួច គ្រួសារ​លោកស្រី​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​មិន​បាន​តាម​ដាន​ថា តើ​ពុទ្ធរូប​ទាំង៦៦​អង្គ​នោះ ត្រូវ​បាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈខេត្ត​ស្ទឹងត្រែង បាន​បញ្ជូន​មក​តាម​ការ​សន្យា ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

លោកស្រី​បន្ថែម​ថា តាំង​ពី​ពេល​កូន​លោកស្រី​យក​ពុទ្ធរូប​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន លោកស្រី​សង្កេត​ឃើញ​ថា គ្រួសារ​លោកស្រី​កើត​មាន​បញ្ហា​ជា​បន្តបន្ទាប់ ការ​រក​ស៊ី​ក៏​ចេះ​តែ​ដុនដាប​ទៅៗ ហើយ​កូន​ចៅ​ក្នុង​គ្រួសារ​ក៏​ចេះ​តែ​ឈឺ​បន្ត​គ្នា​ខុស​ធម្មតា។ ដោយ​មិន​អស់​ចិត្ត និង​ដោយ​មាន​ជំនឿ​ថា ប្រហែល​ជា​ដោយសារ​រឿង​ពុទ្ធរូប ទើប​ធ្វើ​អោយ​គ្រួសារ​លោកស្រី​ចេះ​តែ​ជួប​ប្រទះ​បញ្ហា។ លោកស្រី​និង​ស្វាមី​ក៏​នាំ​គ្នា​មក​ជួប​មន្ត្រី​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​ចង់​ដឹង​ថា តើ​ពួកគេ​បាន​នាំ​យក​ពុទ្ធរូប​ទាំង ៦៦​អង្គ​នោះ​មក​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​ហើយ​ឬ​នៅ?

លោកស្រី​ថា ពេល​មក​ដល់​ស្រាប់​តែ​មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង អោយ​ដឹង​ថាមិន​ទាន់​បាន​បញ្ជូន​ពុទ្ធរូប​ទាំង៦៦​អង្គ ​នោះ​មក​វាំង​នៅ​ឡើយ​ទេ ហើយ​ថា មន្ទីរ​កំពុង​រង់ចាំ​ថ្នាក់លើ​ទៅ​ទទួល​យក​ «យក គាត់​អត់​អោយ​យក​មក សុំ​គាត់​ថា អ៊ីចឹង​ខ្ញុំ​យក​មក​ម្នាក់​ឯង​បាន​អត់? គាត់​ថា​អត់​បាន ទាល់​តែ​ពួកគេ​ថ្នាក់​លើ​ទៅ​បាន​យក​បាន បើ​យើង​យក​មក​ខ្លួន​ឯង​អ៊ីចឹង យក​អត់​បាន​ទេ។ អ៊ីចឹង​ដដែល​យក​ទៅ​ខ្លួន​ឯង​តែម្ដង​ទៅ មិន​ស្រួល​យក​មក​ដាក់​កន្លែង​គាត់​ធ្វើ​អី គាត់​ថា​អ៊ីចឹង។ គាត់​ថា អត់​ធំ​ជាង​ប្រទេស​ជាតិ ប្រទេស​ជាតិ​គេ​ធំ។ រួច​គាត់​ថា គេ​ដូរ​រដ្ឋ​មន្ត្រី​ឆ្វេង​ស្តាំ​ណា​ណី​គាត់​ទេ តាម​គាត់​និយាយ​ហ្នុង។ ខ្ញុំ​ថា ឥឡូវ​ក្រុម​គ្រួសារ​ខ្ញុំ​ឈឺ​ខ្លាំង​ណាស់ បើ​អ៊ំ​អត់​គិត​អ៊ីចឹង…។ គាត់​ថា អា​ហ្នឹង​តាម​ពី​ថ្នាក់​លើ​ទៅ​ទេ ទាល់​ពី​ថ្នាក់​លើ​ទៅ​បាន​មក​បាន…។ គាត់​ថា គាត់​អត់​ដឹង គេ​មក​ថ្ងៃ​ណា​ថ្ងៃ​ហ្នុង។ ដល់​ឈឺ​ហ្នឹង​ចាក់​ថ្នាំ​ចាក់​អី​ទៅ។ ចាក់​ណា ចាក់​ឡើង​រីង​ខ្លួន​ហើយ អត់​ជា​ផង រួច​ដល់​អុជ​ធូប​អុជ​អី​ហើយ​ទៅ ខ្ញុំ​ថា បើ​គេ​មិន​យក​ទៅ ខ្ញុំ​មក​ខ្លួន​ឯង។ ខ្ញុំ​ប្រាប់​ព្រះអង្គ​អ៊ីចឹង​ថា បើ​គេ​មិន​យក​ព្រះអង្គ​ទៅ ខ្ញុំ​មក​ខ្លួន​ឯង»។

ដោយ​មិន​អាច​រង់ចាំ​ចំណាត់ការ​ដ៏​យឺតយ៉ាវ​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង គ្រួសារ​លោកស្រី សុខ រ៉ា បាន​នាំ​គ្នា​មក​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា។ ពេល​មក​ដល់​ភ្នំពេញ ដោយសារ​ពុំ​សូវ​មាន​លុយ​កាក់​ច្រើន ក៏​បាន​ចូល​សុំ​ព្រះសង្ឃ​នៅ​វត្ត​បទុមវតី ស្នាក់​នៅ​មួយ​រយៈពេល​ខ្លី ដើម្បី​ស្វែង​រក​ឱកាស​ចូល​ព្រះ​បរម​រាជវាំង ជូន​ដំណឹង​ដល់​មន្ត្រី​ក្នុង​វាំង​អំពី​បញ្ហា​នេះ។ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ពួក​គាត់​ក៏​មាន​ឱកាស​បាន​ជួប​មន្ត្រី​ព្រះ​បរម​រាជវាំង។ មន្ត្រី​ព្រះ​បរម​រាជវាំង បាន​សន្យា​ថានឹង​ជួយ​ធ្វើ​អន្តរាគមន៍​នាំ​យក​ពុទ្ធរូប​មក​តម្កល់​ទុក​ក្នុង​វាំង​តាម​ការ​ស្នើ​សុំ​របស់​គ្រួសារ​លោកស្រី សុខ រ៉ា។

ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង លោក ផេង ណាឡៃ បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា «ក្រុម​គ្រួសារ​លោកស្រី សុខ រ៉ា ពិត​ជា​បាន​ប្រគល់​ពុទ្ធរូប​ទាំង៦៦​អង្ គ​ទៅ​អោយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង និង​បាន​ស្នើ​អោយ​លោក​ជួយ​នាំ​យក​ពុទ្ធរូប​ទាំង​នោះ​មក​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​មែន»។ លោក​បន្ត​ថា «លោក​បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​មក​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​រួច​ហើយ»។ លោក​មិន​ទាន់​ដឹង​ច្បាស់​ថា ក្រសួង​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ក្រសួង​ធ្លាប់​ប្រាប់​លោក​ថា «ពុទ្ធរូប​ទាំង៦៦​អង្គ នោះ​មិន​អាច​យក​ចូល​តម្កល់​ទុក​ក្នុង​វាំង​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​បាន​ទេ គឺ​យក​ចូល​ទុក​ក្នុង​សារមន្ទីរ​ជាតិ​វិញ»។ លោក ផេង ណាឡៃ៖ «ខ្ញុំ​មិន​អាច​ធ្វើ​តាម​សំណូមពរ​គាត់​បាន​ទេ ព្រោះ​អា​ការងារ​ហ្នឹង​ខ្ញុំ​បាន​ចាត់ចែង​ទៅ​ក្រសួង​ហើយ។ ខ្ញុំ​ស្នើ​ទៅ​តាំង​ពី​មុន​បោះ​ឆ្នោត ប៉ុន្តែ​ក្រសួង​ការងារ​មមាញឹក​ដែរ​មួយ​រយៈ​ហ្នឹង ហើយ​ទទួល​ដូរ​រដ្ឋមន្ត្រី​ទៀត ដល់​អ៊ីចឹង​ទៅ​វា​យឺតយ៉ាវ​អ៊ីចឹង​ទៅ​ណា! សួរ​បញ្ជាក់​ម្សិលមិញ​ទៀត គេ​ថា​មិន​ទាន់​សុំ​លុយ​បាន ក្រសួង​ហិរញ្ញវត្ថុ​មិន​ទាន់​ទម្លាក់​លុយ​អោយ អ៊ីចឹង​ពេល​គេ​បាន​លុយ​ហើយ គេ​យក​ព្រះ​ហ្នឹង​មក​ជូន​ហើយ យក​ព្រះ​ទៅ​តែម្ដង»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី សុខ រ៉ា ធ្លាប់​បាន​និយាយ​ហើយ​ថា «គាត់​មិន​ចង់​បាន​លាភ​សក្ការៈ​អ្វី​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​នោះ​ទេ អ្វី​ដែល​គាត់​ចង់​បាន​នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​នាំ​យក​ពុទ្ធរូប​មក​តម្កល់​ទុក​ក្នុង​វាំង ដើម្បី​អោយ​គ្រួសារ​អ្នកស្រី​ទទួល​បាន​សេចក្ដី​សុខ និង​ជៀស​ផុត​នូវ​ជំងឺតម្កាត់​ផ្សេងៗ ដែល​ចេះ​តែ​មក​យាយី​ជា​បន្តបន្ទាប់»។ គ្រួសារ​លោកស្រី​កំពុង​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ ហើយ​ថា «ប្រសិន​បើ​គ្មាន​អន្តរាគមន៍​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ពួកគាត់​នឹង​មក​ភ្នំពេញជា​ថ្មី​ម្ដង​ទៀត ដើម្បី​អង្វរករ​អោយ​មន្ត្រី​ព្រះ​បរម​រាជវាំង ជួយ​ចាត់​វិធានការ​ឆាប់​រហ័ស​ចំពោះ​បញ្ហា​នេះ បើ​មិន​ដូច្នេះ​ទេ គ្រួសារ​របស់​អ្នកស្រី​មិន​អាច​រស់​នៅ​បាន​ស្ងប់​ចិត្ត​ឡើយ»៕

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s