បកប្រែ៖ ប្រាសាទចម្លែក​មួយនៅប្រទេសកម្ពុជា


បកប្រែពី​អត្ថបទ​ដើម​ជា​ភាសា​បារាំងសរសេរ​ដោយ Etienne Lunet de Lajonquière ​មក​ជា​ភាសា​ខ្មែរ៖

©BEFEO

ក្នុងចំណោមប្រាសាទនានាដែលនៅរាយប៉ាយពាសពេញប្រទេសកម្ពុជា មានប្រាសាទតែមួយគត់ដែលមានរាងប្លែក ហើយពិបាកក្នុងការកំណត់មុខងារឱ្យបានច្បាស់លាស់។ យើងនឹងព្យាយាមបរិយាយអំពីប្រាសាទនេះ។

កំពង់ឫស្សីតាំងគួច ជាទីរួមស្រុកនៃស្រុកខេត្តអន្លង់រាជ។ ទីតាំងនេះស្ថិតនៅផ្នែកខាងកើតនៃកោះធំមួយដែលនៅកណ្ដាលទន្លេសាប។ ទឹកដែលហូរទៅទន្លេសាប ឬហូរចេញពីទន្លេសាប ហូរចូលតំបន់នេះដែលជាវាលល្បាប់ភក់ ដូចនៅទឹក​ដែល​ហូរ​មក​ពី​ព្រែកកំពង់ស និងស្ទឹងជីនិតដែរ។ លំហូរទឹកទាំងនោះហូរកាត់ក្លាយជាប្រឡាយជាច្រើន ព្រមទាំងនាំមកជាមួយនូវដីល្បាប់ដ៏សន្ធឹកសន្ធាប់។ តំបន់នេះលិចទឹកនៅរដូវវស្សា ហើយមានព្រៃដុះស៊ុប​ទ្រុប។ នៅកន្លែងខ្លះមានគំនរសម្បកខ្ចងខ្ចៅ និងវត្ថុប្រើប្រាស់ពីសម័យបុរេប្រវត្តិដែរ។

ស្របតាម​ច្រាំង បើយើងធ្វើដំណើរទៅទិសអាគ្នេយ៍ យើងនឹងប្រទេះឃើញទួលមួយចំនួនដែលរត់ជួរជើងត្បូង។ នៅចុងខាងត្បូងបំផុតនៃទួលនេះ មានទួលដាច់ដោយឡែកមួយដែលខណ្ឌចែកដោយដីទំនាបមួយដែលអ្នកស្រុកធ្វើស្រែ។ ទួលនោះ អ្នកស្រុកហៅថា «ភ្នំស៊ីដោះ»។ បើធ្វើដំណើរតាមទូក យើងចេញពីកំពង់ឫស្សីតាំងគួច ចុះទៅ កំពង់ចម្ការកំបោរ ជាទីតាំងដែលអ្នកស្រុកផលិតកំបោរពីសម្បកខ្ចងខ្ចៅដែលបង្គរយូរយារណាស់មកហើយនៅទន្លេសាប។ ទៅដល់ទីនោះ យើងធ្វើដំណើរតាមខ្សែទឹកមួយទឹកស្របតាមទន្លេ ហើយបត់ចូលព្រែកជីកមួយដែលជីកកាត់ច្រាំង។ ធ្វើដំណើរតាមព្រែកជីកនេះ យើងទៅដល់ភូមិមួយឈ្មោះ «ភូមិត្បូង» ដែលតាំងនៅទិសខាងជើងៗភ្នំស៊ីដោះ។ អ្នកភូមិនោះជាស្មូន ដែលផលិតកុលាលភាជន៍ដោយឧបករណ៍សាមញ្ញៗ ឯដីវិញគេប្រមូលមកពីតំបន់លិចទឹក​ក្បែរ​ៗនោះ។

ភ្នំនេះមានរាងមូល មានសណ្ឋានស្រដៀងសាជី កម្ពស់ប្រមាណ ៥០ម៉ែត្រ។ កំពូលភ្នំត្រូវបានពង្រាបជាលានមួយ។ ស្រទាប់ថ្មភក់ភ្នំ ក្លាយជាកម្រាលធម្មជាតិនៃលាននេះ។ ដោយសារកម្រាលធម្មជាតិនេះមានសណ្ឋានទេរ គេបានបន្ថែមរៀបខឿនថ្មបៀក​ជាមួយបាយអរ ដែលមានកម្រាស់ប្រមាណ ៨០សង់ទីម៉ែត្រ។

នៅលើលាននេះ មានសំណង់មួយដែលពិបាកក្នុងការកំណត់រចនាបថ។ សំណង់ធំធ្វើពីឥដ្ឋ​មានរាងស្ទើរមូល ដែលយើងតាងដោយអក្សរ A។ សំណង់នេះមានមុខ​កាត់​​ប្រមាណ ៨ម៉ែត្រ។ ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺសំណង់នេះគ្មានច្រកចូលនោះទេ។ នៅចំកណ្ដាលសំណង់ មានរណ្ដៅមួយរាងការ៉េ ទំហំប្រមាណ ២ម៉ែត្រ៤ជ្រុង ដូច្នេះជញ្ជាំងឥដ្ឋសងខាងមានកម្រាស់ប្រមាណ ៣ម៉ែត្រ។ នៅកម្ពស់ ៤ម៉ែត្រកន្លះពីដី លើជញ្ជាំងមានដុំឥដ្ឋលយចេញមកក្រៅ។ មុខតំណរឥដ្ឋនៅជញ្ជាំងផ្នែកខាងក្រៅភ្ជាប់គ្នាបានយ៉ាងល្អម៉ត់ចត់។ ផ្នែកខាងលិចនៃជញ្ជាំងឥដ្ឋខាងក្រៅនេះខូចខាតខ្លះ។ ឯជញ្ជាំងខាងក្នុងនៃរណ្ដៅកណ្ដាលមិនមានរៀបចំដូចជញ្ជាំងខាងក្រៅនោះទេ។ ជញ្ជាំងឥដ្ឋខាងក្រៅនេះចែកជា ៨ផ្នែកខណ្ឌដោយដុំឥដ្ឋដែលលយចេញមកក្រៅនោះ។ នៅចន្លោះផ្នែកខាងលើនៃដុំឥដ្ឋដែលលយចេញពីមួយទៅមួយ មានឥដ្ឋតម្រៀបជាងរាងកម្រងផ្កាធ្លាក់សំយ៉ុងចុះមក។ ក្បាច់កម្រងផ្កានេះខូចខាតខ្លះដែរ។ យើងគិតថាក្បាច់កម្រងផ្កានេះស្រដៀងនឹងក្បាច់កម្រងផ្កានៅប្រាសាទកំបុត ស្រុកខេត្តបារាយណ៍ ដែលមិននៅឆ្ងាយប៉ុន្មាន។

នៅមុខសំណង់នេះ មានរណ្ដៅតម្រៀបឥដ្ឋរាងការ៉េ យើងតាងដោយអក្សរ B។ រណ្ដៅនេះមានជម្រៅកន្លះម៉ែត្រ ទំហំ ២ម៉ែត្រ៤ជ្រុង។ នៅចុងខាងលិចនៃរណ្ដៅ មានបន្ទះឥដ្ឋតម្រៀបគ្នា៣ជាន់ ជារាងសាជី យើងតាងដោយអក្សរ C។ ចំណុច C នេះខូចខាតជាខ្លាំង ប្រហែលជាត្រូវបំផ្លាញដោយចេតនា។

តាមការពិនិត្យ សំណង់ធំទំនងជាគ្មានដំបូលនោះទេ។ អ្នកស្រុកបានកែប្រែរាងសំណង់នេះដោយបើកចន្លោះមួយភ្ជាប់នឹងរណ្ដៅកណ្ដាល។ យើងតាងចំណុចនេះដោយអក្សរ F។ មានចំណុចមួយទៀតតាងដោយអក្សរ G ដែលជារូងភ្ជាប់ពីរណ្ដៅកណ្ដាលទៅកាន់រណ្ដៅនៅខាងមុខដោយកាត់តាមគ្រឹះសំណង់។ អ្នកស្រុកប្រាប់​ថា ពួកគេជីករូងនេះដើម្បីរក «ព្រះពុទ្ធ» តែរកមិនឃើញនោះឡើយ។ យើងមិនប្រាកដនេះទេថា រូងនេះទើបតែត្រូវគេជីកដើម្បីរក «ព្រះពុទ្ធ» ឬគេគ្រាន់តែពង្រីករូងដែលមានស្រាប់។ បើដូចករណីទី២នេះ រូងនេះមានទំហំចង្អៀងមែនទែន ដែលសូម្បីតែមនុស្សរាងល្អិតក៏ស្ទើរតែចូលមិនរួចផង។

បើតាមការពិពណ៌នាមកពីខាងលើ សំណង់នេះមិនមានបង្ហាញលក្ខណៈដូចសំណង់បុរាណដទៃទៀតសោះនៅកម្ពុជា។ វាក៏មិនមែនជាចេតិយដែរ។ តើយើងអាចកំណត់មុខងាររបស់សំណង់នេះបានទេ? យើងស្នើរ​ថា​វា​ជា​អាច​ជាសំណង់សម្រាប់ «បង្ហាញសព» តាមរយៈឈ្មោះដែលសល់តាមការចងចាំ។ ឈ្មោះ «ស៊ីដោះ» នេះ នាំឱ្យយើងនឹកឃើញអំពីប្រពៃណីដែលគេដាក់សពចោលនៅព្រៃស្មសានឱ្យសត្វស៊ី។ ត្បិតតែប្រពៃណីនេះលែងមានទៅហើយ ប៉ុន្តែតាមការតំណាលរបស់ ជីវ តាក្វាន់ គេនៅប្រតិបត្តិវានៅឡើយនៅចុងសម័យអង្គរ (Bull. EFE-O, II, 163)។ តើសំណង់នេះអាចមុខងារបែបនេះទេដឹង?

គំនូសតាងពន្យល់​បន្ថែម

អត្ថបទដើម៖ Lunet de Lajonquière E. Une “Tour du silence” au Cambodge?. In: Bulletin de l’Ecole française d’Extrême-Orient. Tome 2, 1902. pp. 286-288.

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s