សិលាចារឹកវត្តភូ K.1320


អត្ថបទដែលខ្ញុំសរសេរ​នេះ​ផ្ដោត​តែ​លើ​ន័យ​សង្ខេប​នៃសិលាចារឹក​​​លេខ K.1320 តែប៉ុណ្ណោះ។ ​អត្ថបទដើម​ជា​ភាសាបរទេសចំនួន៣​មាន​សរសេរ​លម្អិត​ដោយ​មាន​ការ​បកប្រែសេចក្ដី​សិលាចារឹក ដែល​ខ្ញុំមាន​ភ្ជាប់នៅខាង​ក្រោមនេះ៖

«មូលហេតុ​ដែល​ដាក់ឯកសារ​ដើម​នៅខាង​លើ គឺថាបើលោកអ្នកចេះភាសាបរទេសអាច​យល់​បាន គួរ​ទៅ​រក​មើល​ឯកសារ​ដើម​តែ​ម្ដង ដោយ​មិនចាំ​បាច់​មក​អាន​អត្ថបទ​ដែល​ខ្ញុំ​បកប្រែ​ និង​រៀប​រៀង​នៅ​ខាង​ក្រោម​នេះ​ទេ»

©Henri Parmentier, 1914

គេ​រក​ឃើញ​សិលាចារឹក​ (K.1320) នៅ​នៅជិត «វាំងខាង​ជើង»​(1)​ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣។ សិលាចារឹក​​នេះ​ប្រហែល​ជា​ត្រូវ​បាន «កប់» ក្រោយ​​​ព្រះបាទឦឝានវម៌្មទេវ (ទី២) ចូលទីវង្គត។ គួរ​កត់សម្គាល់ផង​ដែរ​ថា សិលាចារឹក​នេះ​មិនមែន​ជា​សិលាចារឹក​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ «កប់» នោះទេ សិលាចារឹក (K.367)​(2)​ ​របស់ព្រះបាទជយវម្ម៌ទេវ (ទី១) ក៏ត្រូវ​បាន​រកឃើញនៅព្រះលាននៅវត្តភូ​នេះនៅឆ្នាំ១៩០១ដែរ​។

ការកប់​វត្ថុ​មាន​តម្លៃ​នៅពេល​មាន​អាសន្ន​មិនមែន​ជា​រឿង​​ចៃដន្យ​នោះទេ។ ដូច​បាន​ដឹង​ស្រាប់ ព្រះរាជា​ដែល​ឡើង​សោយ​រាជ្យ​បន្ត​ គឺព្រះបាទ​ជយវម្ម៌ទេវ (ទី៤) ដែល​​ជាប់​ខ្សែស្រឡាយ​សាច់ថ្លៃនឹង​ព្រះ​បាទ​ព្រះបាទយឝោវម្ម៌ទេវ (ទី១) ដែល​ជា​ព្រះបិតា​ព្រះ​បាទ​ហឞ៌វម្ម៌ទេវ (ទី១) និង​ព្រះបាទ​ឦឝានវម៌្មទេវ (ទី២)។ ទំនាក់ទំនង​រវាង​ព្រះបាទជយវម្ម៌ទេវ (ទី៤) នឹងព្រះរាជាមុនៗប្រហែលជា​ «មិនសូវល្អ» ប៉ុន្មាននោះទេ ព្រោះព្រះអង្គ​បាន​ទៅ​សាង​រាជធានី​ថ្មី​​មួយ​នៅ ឆោកគគ៌្យរ៑ ដែល​ត្រូវ​នឹង​តំបន់ប្រាសាទ​កោះកេរ​សព្វថ្ងៃ។

សេចក្ដី​នៃ​សិលាចារឹក​នេះ​បាន​ឱ្យ​យើង​ដឹង​អំពី​​​ពន្ធ​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​ប្រមូលជា​តង្វាយ​ដល់​ទេព «ភទ្រេ​ឝ្វរៈ» នៅ​ឯ «លិង្គបុរៈ» ប្រហែល​ជា​ត្រូវ​នឹង​តំបន់​ប្រាសាទវត្ត​ភូ​នេះឯង។ បន្ថែមពីនេះ​ សិលាចារឹក​នេះ​ក៏​នាំ​ឱ្យ​យើងដឹង​កាន់​តែ​ច្បាស់​អំពីឆ្នាំឡើង​ស្វោយ​រាជ្យ​នៃព្រះរាជា​សម័យ​អង្គរ​នៅ​ចុង​សតវត្ស​ទី៩ និងដើម​សតវត្ស​ទី១០។ សិលាចារឹក​នេះ​សរសេរ​ពីព្រះរាជា​ចំនួន​៤​អង្គ​ដូច​ខាង​ក្រោម៖

  • ព្រះបាទឥន្ទ្រវម្ម៌ទេវ ឡើយស្វោយរាជ្យ​នៅ​​ឆ្នាំ៨៧៧នៃគ.ស.
  • ព្រះបាទយឝោវម្ម៌ទេវ (ទី១) ជាព្រះរាជបុត្រឡើង​ស្វោយ​រាជ្យ​បន្ត​នៅ​ឆ្នាំ៨៨៩នៃគ.ស.
  • ព្រះ​បាទ​ហឞ៌វម្ម៌ទេវ (ទី១) ជាព្រះរាជបុត្រទី១​ឡើងស្វោយរាជ្យបន្ត​នៅឆ្នាំ​៩១០នៃគ.ស.
  • ព្រះបាទ​ឦឝានវម៌្មទេវ (ទី២) ជា​ព្រះរាជបុត្រទី២ឡើងស្វោយរាជ្យប​ន្ត​នៅ​ឆ្នាំ៩២៥នៃគ.ស.

ក្នុងសៀវភៅប្រវត្តិសាស្ត្រចាស់ៗ​សរសេរ​ថា ព្រះបាទយឝោវម្ម៌ទេវ (ទី១) ស្វោយរាជ្យពីឆ្នាំ៨៨៩ ដល់​៨៩៩​នៃគ.ស.។ ចំណុច​ត្រូវ​តែ​កែតម្រូវ​ឡើង​វិញ​ផ្អែក​តាម​សិលាចារឹក​ខាង​លើ។ ព្រះបាទ​ឦឝានវម៌្មទេវ (ទី២) ប្រហែល​ជា​ស្វោយរាជ្យ​បាន​មួយ​រយៈខ្លីប៉ុណ្ណោះ ព្រោះនៅឆ្នាំ៩២៨នៃគ.ស. ព្រះបាទជយវម្ម៌ទេវ (ទី៤) បានប្រកាសឡើងស្វោយរាជ្យបន្ត។ ប្រវត្តិវិទូជាច្រើនគិត​ថា ព្រះអង្គជា​ «ស្ដេចជ្រែករាជ្យ» តែគេមិនបានដឹងច្បាស់​ពី​ច្បាប់​ស្នង​រាជ្យ​នៅប្រទេសកម្ពុជា​នៅសម័យ​បុរាណនោះឡើយ។ លោក Michael Vickery បានផ្ដល់សម្មិតិកម្ម​ផ្សេង​មួយអំពីរឿងនេះវិញ​(3)​

***

Footnote:

1. Henri Parmentier: Le Temple de Vat Phu. In: Bulletin de l’Ecole française d’Extrême-Orient. Tome 14, 1914. pp. 1-32.

2. Inscription du Cambodge II, pp.78; V, pp.9-10.

3. Michael Vickery, History of Cambodia

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អំពី​សិលាចារឹក​ខ្មែរ and tagged , , , . Bookmark the permalink.

2 Responses to សិលាចារឹកវត្តភូ K.1320

  1. Tola ថា:

    តើអាចអោយហេតុផលបានទេ​ ហេតុអ្វីបានជាប្រើពាក្យ ស្វោយ ជំនួសពាក្យ សោយ ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s