ក្រៅពីប្រាសាទមួយចំនួនធំនៅស្រុកកំពង់លែងត្រើយខាងកើត នៅត្រើយខាងលិចខេត្តកំពង់ឆ្នាំង ក៏មាននៅសេសសល់ប្រាសាទយ៉ាងហោចណាស់ចំនួន២ដែរ។ ថ្ងៃនេះខ្ញុំសូមបង្ហាញប្រាសាទមួយនៅ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ ប្រាសាទនោះឈ្មោះថា ប្រាសាទកំពង់ព្រះ ដែលស្ថិតនៅក្នុងទីតាំងវត្តទួលព្រះស្រីពិជ័យសូរវង្ស។

មើលពីខាងលិច (រូបមិនសូវល្អ)
ប្រាសាទនេះសព្វថ្ងៃនៅសេសសល់តួពីរ ធ្វើអំពីឥដ្ឋ។ នៅខាងជើងនៃតួទាំងពីរ មានរោងមួយដែលគេធ្វើគ្របគ្រឹះតួប្រាសាទមួយទៀតដែលខូចខាតជាទម្ងន់។ ក្នុងចំណោមតួប្រាសាទទាំងពីរដែលនៅឈរ តួខាងត្បូងមានទំហំធំជាង និងនៅរឹងមាំជាងតួខាងជើង។ មិនចម្លែកទេដែលអ្នកស្រុកហៅ តួខាងត្បូងថា «ប្រាសាទស្រី» ឯតួខាងជើងថា «ប្រាសាទប្រុស»។
ចំពោះអ្នកធ្លាប់រៀនមុខវិជ្ជាបុរាណវិទ្យា ប្រវត្តិសិល្បៈបុរាណ ប្រវត្តិវិទ្យា ស្ថាបត្យកម្ម និងវិចិត្រកម្ម ប្រាកដជាធ្លាប់បានឮនូវរចនាបថសិល្បៈសម័យមុនអង្គរមួយដែលអ្នកស្រាវជ្រាវកំណត់ឈ្មោះថា «រចនាបថកំពង់ព្រះ»។ ក្នុងរចនាបថនេះ ដងធ្នូនៅចំកណ្ដលផ្ដែរនៅរក្សាដដែល តែរូបម្ករ រូបស្លឹកឈើរាងត្រីកោណ និងរូបមេដាយនៅលើដងធ្នូបានបាត់អស់ជំនួសមកវិញនូវក្បាច់ភ្ញីជាស្លឹកឈើពេលនៅលើដងធ្នូ ឯចុងដងធ្នូទាំងសងខាងកោង.ង.ទៅលើ។ គួរបញ្ជាក់ថា ផ្ដែររចនាបថកំពង់ព្រះ មិនមែនមានតែនៅប្រាសាទកំពង់ព្រះនោះទេ ផ្ដែរនេះក៏គេឃើញមានប្រាសាទភូមិប្រាសាទខេត្តកំពង់ធំ វត្តជើងឯកខាងត្បូងរាជធានីភ្នំពេញ ប្រាសាទស្រីគ្រប់លក្ខណ៍នៅភ្នំបាសិទ្ធិដែរ។ ការដាក់ឈ្មោះនេះ គឺគ្រាន់តែយកផ្ដែរនេះជាគម្រូសម្គាល់ផ្ដែរនានាដែលស្រដៀងៗគ្នា។

ផ្ដែររចនាបថកំពង់ព្រះ
ចំពោះវិហារវិញ ជាវិហារទម្រង់បុរាណមានជហ្វា៤ សង់លើឃឿនស៊ីម៉ង់ ស្ថិតនៅបណ្ដោយថ្ងៃ ដំបូលប្រក់ក្បឿង។ ហោជាងខាងលិចខូចខាតខ្លាំងបាំងបិតដោយស័ង្កសី (រូបខាងក្រោម ដកស័ង្កសីចេញ) ឯហោជាងខាងកើតនៅស្អាតល្អ។
នៅខាងជើងវិហារ ក៏មានវិហារមួយទៀតធ្វើរាបស្មើដី ដំបូលប្រក់ស៊ីប្រូ អ្នកស្រុកហៅថា «វិហារយួន» ព្រោះធ្លាប់មានលោកសង្ឃយួនមកគង់នៅ។ កាលខ្ញុំទៅដល់វត្តនេះនៅកំឡុងពេលបុណ្យអុំទូកឆ្នាំ២០១៦ មិនបាច់ដល់លោកសង្ឃយួនទេ តែលោកសង្ឃខ្មែរក៏មិនឃើញមានគង់នៅដែរ។
ខ្ញុំនៅចាំបទចម្រៀងមួយបទរបស់ លោក ព្រាប សុវត្ថិ ចំណងជើងថា «ជលសាដួងចិត្ត» ដែលគេថតនៅ ប្រាសាទកំពង់ព្រះ។ កាលដែលគេចេញវីដេអូនោះកាលពីជាង១០ឆ្នាំមុន ខ្ញុំមិនបានស្គាល់ប្រាសាទនេះទេ ខ្ញុំទើបតែស្គាល់នៅឆ្នាំ២០១៦នេះឯង ជាលើកទី១។ ឆ្នាំនេះចិញ្ចឹមចិត្តទៅមើលម្ដងទៀតឱ្យខាងតែបាន។
អានបន្ថែម៖
- កោះសន្តិភាព៖ ប្រាសាទកំពង់ព្រះកំពុងទ្រុឌទ្រោមទាមទារការថែទាំ
- Hong Ratha: ប្រាសាទកំពង់ព្រះ
- ខេមរវិទ្យា៖ ក្រុមប្រាសាទកំពង់ព្រះ នៅខេត្តកំពង់ឆ្នាំង
- រដ្ឋបាលខេត្តកំពង់ឆ្នាំង៖ ប្រាសាទកំពង់ព្រះ
- FB Living with heritage project: ប្រាសាទកំពង់ព្រះ
- FB Preap Chanmara: ជួសជុលវិហារវត្តកំពង់ព្រះ
- សម្គាល់ផ្ដែរសម័យមុនអង្គរ