តើ​នរណា​ត្រូវ​ការ និងជាម្ចាស់​នៃ​អតីតកាល?


សង្គម​ទាំង​អស់​តែង​មាន​ចំណាប់​អារម្មណ៍​​ចំពោះ​អតីតកាល។ អតីតកាល​មិនទៅណា​ឆ្ងាយ​នោះទេ វានៅ​លង​បន្លាច នៅ​បំភ័ន្ត នៅ​​តែ​ទាក់ទាញ ថែម​ទាំង​ពេល​ខ្លះ​វា​​អាច​ផ្ដល់​ឱ្យ​​ជា​មេរៀន​សំខាន់ៗ​​សម្រាប់​បច្ចុប្បន្ន និង​អនាគត​ផង។ អតីតកាល​សំខាន់ ពីព្រោះ​សង្គម​​អូស​បន្លាយ​​ក្នុង​កាល​វេលាដែល​ភ្ជាប់​ទៅ​ក្នុង​​ទម្រង់​នៃ​ការ​រំពឹង​ទុក និង​តម្លៃ​វប្បធម៌។ ឧទាហរណ៍ នៅ​តំបន់​ប៉ូលខាង​ជើង​ ជនជាតិ​ Inuit រក្សា​នូវ​អាកប្ប​កិរិយា​​​​ ជំនាញ​ និង​យន្ត​ការ​សម្រប​ខ្លួន​​​​បែប​ប្រពៃណី​ដើម្បី​ទប់​ទល់​នឹង​អាកាសធាតុ​ដ៏​អាក្រក់​ខ្លាំង (ត្រជាក់ខ្លាំង​)​។ ពួក​គេ​អាច​ធ្វើ​យ៉ាង​នេះ​បាន​ដោយ​សារ​ការ​ច្របាច់​បញ្ចូល​នូវ​មេរៀន​ពី​អតីត​កាល​​មក​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន។

នៅ​ក្នុង​សង្គម​ជា​ច្រើន ដូន​តា​ក្លាយ​ជា​​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ជា​និមិត្ត​រូប​នៃ​អតីតកាល បច្ចុប្បន្ន និងអនាគត។ ពួក​បច្ចឹម​ប្រទេស​ដែល​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ​អំពី​អតីតកាល ក៏​កើត​ឡើង​​មួយ​ផ្នែក​ពី​ការ​ចង់ចេះ​ចង់​ដឹង​ និង​មួយ​ផ្នែក​ទៀត​ពី​តម្រូវ​ការ​អត្តសញ្ញាណ​​ជា​ប្រវត្តិសាស្ត្រ។ មាន​ហេតុ​ផល​ជា​ច្រើន​ក្នុង​ការ​ព្យាយាម​រក្សា​​កំណត់​ត្រា​ដ៏​ជាក់​ច្បាស់​​មួយ​អំពីអតីតកាល។ ដូច្នេះ​ នរណា​ក៏​ដោយ​សូម្បី​តែ​អ្នក​បុរាណវិទ្យា មិនត្រូវ​គិត​ថា​មាន​តែ​ខ្លួន​​ឯង​នោះទេ​ដែលមាន​អភ័យឯកសិទ្ធិ​ក្នុង​ការ​សិក្សា​អំពី​អតីតកាល។

យើង (បច្ចឹមប្រទេស) មិនអាច​សិក្សា​ប្រវត្តិសាស្ត្រ​ផ្ដាច់មុខ​តែ​ឯង​នោះទេ។ សង្គម​​ដទៃ​ៗ​ទៀត​ជា​ច្រើន មិនគិត​​ថា​​​ពួក​គេ​​​រស់​នៅ​ក្នុង​​ពិភព​ដែល​​នៅ​ស្ងៀម​ទ្រឹង​នោះទេ។ ពួក​គេ​បាន​កំណត់​​ជា​មូលដ្ឋាន​រវាង​​អតីតកាល​ថ្មីៗ​​ ដែល​ពួកគេ​នៅ​ចង​ចាំ​ និង​អតីតកាល​ដ៏​ឆ្ងាយ​។ ឧទាហរណ៍ ជនជាតិ​ដើម​នៅ​ប្រទេស​អូស្ត្រាលី​បច្ចុប្បន្ន ដែល​រស់​នៅ​ភាគ​ឦសាន​​ Queensland បែង​ចែក​រវាង kuma (បណ្ដា​ព្រឹត្តិការណ៍​ដែល​មនុស្ស​នៅ​រស់​បាន​ឃើញ និង​ចង​ចាំ) និង anthantnama (ពេល​វេលា​យូរ​យារ​ណាស់​មក​ហើយ) និង yilamu (ពេល​ដែល​ផែន​ដី​ត្រូវ​បាន​បង្កើត​)។ បន្ថែម​ពី​នេះ សង្គម​​ជា​ច្រើន​ក៏​ទទួល​ថា​​វប្បធម៌​តែង​តែ​ប្រែ​ប្រួល។ ក្រុម​អ្នក​ប្រមាញ់ និង​ប្រមូល​ផល Hadza នៅ​អាព្រិច​ខាង​កើត និយាយ​ថាពួក​មនុស្ស​ដែល​រស់​នៅ​ទឹក​ដី​គេ​ដំបូង​ជា​យក្ស​​ដែល​មិន​ចេះ​ប្រើភ្លើង និង​ឧបករណ៍​​ផ្សេងៗ។ ​គោល​គំនិត​អំពី​​អតីតកាល​មាន​ច្រើន​ទម្រង់ ​ខ្លះ​ទាក់ទង​នឹង​រឿង​ព្រេង​អំពី​ការ​​ករ​កើត​នៃ​វប្បធម៌​ណា​មួយ ​ជា​ទូទៅ​ជា​បុព្វបុរស​ដំបូង​ដែល​ជា​ទេព ឬ​ជា​សត្វ​​ផ្សេងៗ​ ដែល​បង្កើត​ទំនៀម​ទម្លាប់​សង្គម និង​បែប​ផែន​គ្រួសារ។ ​សង្គម​ខ្លះ​ទៀត​និទាន​អំពី​​សម័យ​កាល​នៃ​វិរបុរស​ ដូច​ជា​ករណី​សង្គម​ក្រិច​​ដែលនាំ​ឱ្យ​​អ្នក​សរសេរ​រឿង​ល្ខោន Aeschylus អាច​ប្រើប្រាស់​ដើម្បី​វាយ​តម្លៃ​អត្ត​ចរិត​នៅពេល​នោះ។​​

មួយ​ភាគ​ធំ​​នៃ​សង្គម​សម័យ​បុរាណ​​ជា​សង្គម​​មិន​ប្រើប្រាស់​អក្សរ ដូច្នេះ​ទាំង​ចំណេះ​ដឹង និង​ប្រវត្តិ​សាស្ត្រ​ត្រូវ​បាន​ផ្ទេរ​តាម​ការ​តំណាល​ត​គ្នា។ តាម​ប្រវត្តិ​​តំណាល​របស់​ ពួក​ Aztec ​ដែល​មួយ​ចំនួន​ត្រូវ​បាន​កត់​ទុក​ក្រោយ​ការ​ធ្វើ​សញ្ជ័យ​ដោយ​ពួក​អេស្ប៉ាញ​​នៅ​សតវត្ស​ទី១៦ ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​អំពី​ប្រវត្តិ​ដែល​ត្រូវ​បាន​ផ្ទេរ​ដោយ​ផ្ទាល់​មាត់។ រឿង​ទាំង​នេះ​ត្រូ​វ​បាន​តំណាល​​ប្រកប​ដោយ​សាច់​រឿង​​​ដែល​កំណត់​យ៉ាង​ជាក់​លាក់​មួយ ដែល​ផ្ដោត​ទៅ​លើ​វិរបុរស, ព្រឹត្តិការណ៍​សំខាន់ៗ​ ដូច​ជា​ពិធី​សម្ពោធ​ប្រាសាទ​សូរ្យ​ទេព Huitzilopochtli នៅ​រាជធានី​ Aztec នៅ​ឆ្នាំ​១៤៨៧ និង​អំពី​ប្រវត្តិ​នៃ​ក្រុម​ដែល​គេ​ចូល​ចិត្ត។ នៅ​ក្នុង​ប្រវត្តិ​តំណាល​ទាំង​នេះ ក៏​ដូច​នៅ​ក្នុង​ប្រវត្តិ​តំណាល​នៃ​សាសន៍​ដទៃ វា​មាន​ទម្រង់ និង​មូល​ន័យ​​ដែល​​ជា​គ្រឿង​ផ្សំ​ចម្បង​នៃ​សាច់​រឿង​ ដែល​ខុស​ប្លែក​គ្នា​ពី​​អ្នក​និទាន​ម្នាក់​ទៅ​​អ្នក​និទាន​ម្នាក់​​ទៀត បើ​ទោះ​ជា​បរិបទ​សំខាន់​ដូច​គ្នា​ក្ដី។ ប្រវត្តិ​តំណាល​ជា​ច្រើន​ជា​ល្បាយ​​នៃ​ទិន្នន័យ​ពិត និង​ប្រហាក់​ប្រហែល​ដែល​ទាក់ទង​នឹង​តម្លៃ​សីលធម៌ និង​នយោបាយ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បាន​​ស្ដាប់​ តំណាល​កថា​ទាំង​នេះ​ជា​រឿង​ប្រវត្តិ​សាស្ត្រ​ដែល​គេ​យល់​ស្រប​ជា​សាធារណៈ ហើយ​និទាន​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​មាន​ការ​ពិចារណា​ខ្ពស់​ និងអាច​​ត្រូវ​បានទទួល​​​រង្វាយ​​តម្លៃ​​ពី​អ្នក​ដែល​ធ្លាប់​ឮ​រឿង​នេះ​ពី​មុន​មក។

រឿង​តំណាល​ទាំង​នេះ​ ពិបាក​នឹង​យក​មក​ប្រើ​ជា​ទិន្នន័យ​បែប​វិទ្យាសាស្ត្រ​ដោយ​សារ​ប្រវត្តិ​កំណើត​​របស់​វា​មិន​អាច​បញ្ជាក់​​ឱ្យ​ច្បាស់​លាស់​បាន។ ក្នុង​ករណី​ខ្លះ ដូច​ជា​នៅ​អូស្ត្រាលី មាន​ពេល​ខ្លះ​ដែល​រឿង​តំណាល​ និង​បុរាណ​វិទ្យា​ត្រួត​ស៊ី​គ្នា។ ឧទាហរណណ៍ គេនិយាយ​ពី​មនុស្ស​ដំបូង​ដែល​ឆ្លង​សមុទ្រ​មក​ ឬ​ក៏​ពី​ទឹក​ជំនន់​នៅ​តំបន់​ឆ្នេរ​ក្រោយ​យុគ​ទឹកកក និង​ការ​បរបាញ់​ថនិកសត្វ​ធំៗ។ ដូច្នេះ អតីតកាល​នៃ​ប្រទេស​អូស្ត្រាលី​​​អាច​ទទួល​បាន​ពី​ប្រភព ២ ៖ ទិន្នន័យ​បុរាណ​វិទ្យា និង​តំណាល​កថា។ ក្នុង​ករណី​ខ្លះ អ្នក​បុរាណ​វិទ្យា និងជនជាតិ​ដើម​​មាន​ចំណាប់អារម្មណ៍​ដូច​គ្នា ហើយ​សហការ​គ្នា​ក្នុង​​ការ​កំណត់​​អត្តសញ្ញាណ​​ទីតាំង​សក្ការៈ និង​ទីតាំង​​ដែល​មាន​តម្លៃ​ជា​ប្រវត្តិ​សាស្ត្រ ដើម្បីធានា​ថា​ទីតាំង​ទាំង​នេះ​ទទួល​បាន​ការ​អភិរក្ស បើ​ទោះ​ជា​​ក្រុម​ទាំង​ពីរ​នេះ​អាច​ប្រកែក​គ្នា​អំពី​តម្លៃ​ស្នូល​នៃ​ទីតាំង​ទាំង​នេះ​ក្ដី (ដូច​ជា​ទីតាំង​ដែល​អ្នក​បុរាណ​វិទ្យា​រក​មិន​ឃើញ​សំណល់​វត្ថុ​សិល្បៈ តែជនជាតិ​ដើម​ចាត់​ទុក​ថា​ជា​ទីតាំង​សក្ការៈ)។

តែ​​ជា​ញឹក​ញយ អ្នក​បុរាណវិទ្យា និង​សហគមន៍​​ក្នុង​តំបន់​ច្រើន​តែ​មាន​ចំណាប់​អារម្មណ៍​ខុស​គ្នា​អំពី​អតីតកាល។ ចំពោះ​អ្នក​បុរាណ​វិទ្យា​ អតីត​កាល​ជា​ទិន្នន័យ​បែប​វិទ្យាសាស្ត្រ​សម្រាប់​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប។ ចំពោះ​ប្រជាជន​មូលដ្ឋាន អតីតកាល​ជា​រឿង​បុគ្គល​សុទ្ធ​សាធ និង​ជា​កម្មសិទ្ធ​នៃ​បុព្វបុរស។ រឿងទាំងនោះជា ​​សកបរិវត្តន៍ (version) ដែល​មាន​សុពលភាព​ដោយ​ឡែក​នៃប្រវត្តិសាស្ត្រ ដែល​សមទទួល​បាន​ការ​គោរព និង​ការ​យោគយល់ ក៏ព្រោះតែវា​ក៏​មាន​តួនាទី​សំខាន់​​ក្នុង​ការ​បង្កើត និង​ពង្រឹង​ឡើង​វិញ​​នូវ​អត្តសញ្ញាណ​វប្បធម៌។ រឿងទាំង​នេះ​ក៏​បង្កើត​ជា​សំណួរ​គ្រឹះ​​ដែល​នៅពី​ក្រោយ​ការ​ជំទាស់​ទាំង​ឡាយ​របស់​ជនជាតិ​​អាមេរិច​កាំង​ដើម​​ទល់​នឹង​ការស្រាវជ្រាវ​បុរាណវិទ្យា។ តើ​អ្នក​បុរាណ​វិទ្យា​អាច​ផ្ដល់​អ្វី​ដល់​ក្រុម​វប្បធម៌​មួយ​ដែល​មាន​​សកបរិវត្តន៍​ដែល​មាន​សុពលភាព​​អំពី​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ​រួច​ទៅ​ហើយ​នោះ? ហេតុអ្វី​បាន​ជា​​អ្នក​បុរាណវិទ្យា​គួរ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យជីក​គាស់​កកាយ​​ទីកប់​សព​នៃ​បុព្វបុរស ឬ​ទី​តាំង​លំនៅដ្ឋាន ឬ​ទីសក្ការៈ​នានា​​ក្រោម​រូប​ភាព​សិក្សា​​អំពី​ប្រវត្តិ​សាស្ត្រ​ដែល​ប្រជាជន​មូលដ្ឋាន​ដឹង​រួច​ទៅ​ហើយ​នោះទេ? វាជា​​សំណួរ​​ដែល​អ្នក​បុរាណ​វិទ្យា​​ស្ទើរ​តែ​មិន​ទាន់​ចាប់​ផ្ដើម​ឆ្លើយ​​តប​នៅ​ឡើយ​ទេ។ យើង​មិន​គួរ​ភ្លេច​ថា​ រឿង​រ៉ាវ​ដោយ​ឡែក​អំពី​អតីតកាល​ដែល​ជា​ទូទៅ​​បង្ករ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​នោះ​វា​អាច​មាន​អត្ថិភាព ហើយ​វា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច និង​ក្រុម​ដទៃ​ទៀត​ក្នុង​​ការ​រក្សា​កេរមរតក​ប្រពៃណី​របស់​ពួក​ឱ្យ​ដូច​មុន​ការ​មក​ដល់​នៃ​ពួក​បស្ចឹម​ប្រទេស។ មាន​ដៃគូ​ចូល​រួម​​ជា​ច្រើន​ក្នុង​ការ​សិក្សា​​អំពី​អតីតកាល មិន​មែន​មាន​តែ​អ្នក​បុរាណ​វិទ្យា​តែ​ឯក​ឯង​នោះទេ។

បកប្រែក្រៅផ្លូវ​ការ​ពី៖
Fagan, B. M. & Durrani, N. (2016) Introducting Archaeology and Prehistory: Who needs and Owns the Past?. In: Archaeology: A Brief Introduction (12th ed.) (pp. 34-39). New York: Routledge.

អត្ថបទ​​បកប្រែ​ផ្សេង​ទៀត​​​នៅ​ក្នុង​សៀវភៅ​ដដែល៖

អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ បកប្រែ, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , , . Bookmark the permalink.

1 Response to តើ​នរណា​ត្រូវ​ការ និងជាម្ចាស់​នៃ​អតីតកាល?

  1. Pingback: អ្វី​ទៅ​ជា​បុរាណវិទ្យា? | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s