រូបគំនូរទាំងពីរនេះយកពីវេបសាយ Alamy ឯរូបដើមគេគូរដាក់ក្នុងកាសែត L’illustration ចេញផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩០០។
មានគេនាំផ្អើលថា «រូបខាងលើ» ជាប្រាសាទខ្មែរក្រោមដី (គេសរសេរបន្ថែម «ឯកសារបារាំងមិនបញ្ជាក់ទីតាំង»)។ អ្នកខ្លះថានៅកំពតផង (មិនដឹងគាត់មិនទាន់បានចូលទៅឃើញប្រាសាទក្នុងរូងភ្នំនៅកំពត ឬខ្ញុំចូលមិនទាន់អស់រូងភ្នំ)។ បន្ទាប់មក ខ្ញុំក៏ថារូបនេះជារូបបារាំងសេសឆ្នៃប៉ុណ្ណោះ ក៏មានអ្នកថា «បើប្រាសាទហ្នឹងខ្មែរឥតមាន ក៏គេមិនធ្វើដែរ»។ ខ្ញុំឥតតបតអ្វីទៀតទេ ព្រោះប្រហែលវានាំតែពាំត្រណោតផង ខ្ជិលផង។
បើតាម ទំព័រមួយ នេះប្រាប់ កាលពិធីតាំងតុ (សព្វថ្ងៃគេហៅថា «តាំងពិព័ណ៌») អាណានិគមបារាំងសេស ឆ្នាំ១៩០០ (១៥ មេសា ដល់ ១២ វិច្ឆិកា) នៅក្រុងប៉ារីស៍នោះ គេមានសង់វត្តភ្នំ ក៏ដូចជាសំណង់នានាដែលយកគម្រូតាមសំណង់នៅ «ឥណ្ឌូចិនបារាំងសេស»។ យើងឃើញមាន វត្តភ្នំ សំណង់បែបយួន សំណង់បែបចិន សំណង់បែបសៀមលាវផង។

សំណង់សំណាកវត្តភ្នំ
គេមានសរសេរបន្ថែមថា «En dessous du Pnom, vastes salles symbolisant les sculptures khmers. “Temple souterrain khmer”.» ប្រែថា «ហើយនៅពីក្រោមភ្នំនោះ សាលធំមួយដែលតំណាងសិល្បៈចម្លាក់ខ្មែរ .ប្រាសាទខ្មែរក្រោមដី.»។ ខ្ញុំនឹងព្យាយាមបង្ហាញ «នៅទីនេះ» មូលហេតុដែលខ្ញុំថា បារាំងសេសឆ្នៃ។
មួយគឺរូបតោគ្រហឹមឈរ។ យើងមានឯកសារច្បាស់លាស់បញ្ជាក់ថា រូបតោនេះមកពីប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ហើយប្រាសាទនេះក៏មិនស្ថិតនៅក្រោមដីដែរ។ ពីរគឺរូបមុខព្រហ្ម មុខព្រហ្មនៅបាយ័នក្ដី នៅបន្ទាយឆ្មារក្ដី ទាំងនោះគឺប្រាសាទនៅលើដី មិនមែននៅក្រោមដី។
បន្ថែមពីនោះ ត្បិតតែមិនបាននិយាយលម្អិតលើសនេះ (បើអាចសូមរកអាន ឬទិញសៀវភៅ Angkor, naissance d’un mythe) សូមមើលក្បាច់ដែលគេដាក់បន្តោងនៅជាប់សរសេរ តើដែលឃើញសំណង់ជាប្រាសាទនៅស្រុកខ្មែរណាដែលមានក្បាច់ផុសផុតមកបែបនេះទេ? មានតែនៅស្រុកឥណ្ឌា នេះបើតាមធ្លាប់ឃើញ។
សរុបឱ្យខ្លី សាលធំនៅក្រោមភ្នំសប្បនិម្មិតនោះ វារបៀបដូចជា «សារមន្ទីរ» សព្វថ្ងៃ ដែលគេដាក់តាំងរូបនានា (អាចជារូបពិត ឬរូបចម្លង) [កាលនោះរូបខ្មែរមួយចំនួនធំ គេមិនទាន់យកទៅដាក់នៅសារមន្ទីរហ្គីម៉េត៍ (Guimet) ទេ គេរក្សាទុកនៅត្រូកាដេរ៉ូ (Trocadéro)] ដែលមានរចនាបថ អាយុកាលខុសៗគ្នា តែគ្រាន់តែគេរៀបចំតាម «l’imagination d’artistique» ដែលខុសពីសារមន្ទីរសព្វថ្ងៃ រៀបចំច្រើនទៅតាម «la chronologie – កាលប្បវត្តិ»។

សុំផ្ទឹម ហើយពិចារណាតាមការគួរ!
ដូចគេថា «កោកៗ សឹកតែត្រដោក ឆ្អែតឯពោះក្របី» ឬក៏ «ដូចគេចាក់ទឹកលើក្បាលទា»។