រឿងព្រេងអំពីវត្តប្រាសាទ វត្តកំពែង ភ្នំបាយង្កោ និង​ភ្នំម្រោម


ខ្ញុំ​បាន​ទទួល​អត្ថបទ​​ស្កេន​ជា​រូបភាព​​ពី លោក ហ៊ុន ឈុនតេង ស្ដីពីអត្ថបទ​សរសេរដៃ​​មួយ​ច្បាប់ មាន​កាល​បរិច្ឆេទ​នៅ​ចុង​សតវត្ស​ទី១៩ អំពី​​រឿងព្រេង​ប្រាសាទ​នៅ​​តានី និងភ្នំម្រោមព្រះឱង្ការ (Conte sur le Prasath de Tani et le Mont Marom Preas Ongko)។ សាច់​រឿង​នេះ​មាន​ពាក់ព័ន្ធ​ដល់​ប្រាសាទ​វត្ត​កំពែង​ និង​ភ្នំបាយង្កោ ​ទើប​ខ្ញុំ​ដាក់​ចំណង​ជើង​ក្ដោប​ទីតាំង​ទាំង​នេះ​។

រឿង​ព្រេង​នោះ​គេ​ដំណាល​ពី ស្ដេចបាយង្កោ (គេសរសេរ បយ៉ងកោរ់/បយ៉ងកោ) មាន​មហេសីព្រះនាម​នាង​សក់​ក្រអូប និង​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ព្រះ​នាម ព្រះហស្ថដៃខ្លី (គេសរសេរ ព្រះហស់ដៃយខ្លីយ) គង់​នៅ​​ភ្នំ​ជើង​កញ្ជុំ (គេសរសេរ ភ្នំមជើងកន្ជំម) ខេត្ត​ទ្រាំង (សព្វថ្ងៃ​ក្លាយ​ជា ឃុំ​ព្រះបាទជាន់ជុំ ស្រុកគិរីវង្ស)។ ក្រោយ​មក​មាន​ស្ដេចភូមារ ព្រះនាមបុទុម្ពរ (?) (គេសរសេរ បូទំមព្វ៏រ/បូទំមពរ់) មកធ្វើឧបាយមហោស្រព​ចាប់ពង្រត់​នាង​សក់​ក្រអូប​ទៅ​នគរ​ភូមារ​អស់​២២​ឆ្នាំ ទើប​ព្រះហស្ថដៃ​ខ្លី​ជា​បុត្រ​ទៅ​លួច​រំដោះ​មាតា​មក​វិញ។ ឯស្ដេចភូមារ​នោះ​ក៏​លើក​ទ័ព​មាន​តាមវិញ​ តែ​មិន​បាន​ច្បាំង​រាំង​ជល់​អីទេ ក៏ភ្នាល់​គ្នា​សង់​ប្រាសាទ​ ដោយ​ស្ដេច​ភូមារ​សង់​ប្រាសាទ​២ គឺ​ប្រាសាទ​វត្ត​ប្រាសាទ និង​ប្រាសាទ​វត្ត​កំពែង ឯនាង​សក់​ក្រអូប​សង់​ប្រាសាទ​នៅ​​ភ្នំ​ជើង​កញ្ជុំ​នោះ (សព្វថ្ងៃ​នៅ​លើ​ភ្នំ​​មាន​ប្រាសាទ​មួយ​គេ​ហៅ​ប្រាសាទ​នាង​សក់​ក្រអូប)។ ចំពោះជ័យ​ជម្នះ​នោះ គឺដូច​រឿង​ព្រេង​​នានា​ពាស​ពេញ​ស្រុក​ខ្មែរ​ដែរ ខាង​ប្រុស​នឹង​ចាញ់​ប្រាជ្ញាខាង​ស្រីដោយ​ឃើញ​គោម​ថា​ជា​ផ្កាយព្រឹក​។ មូលហេតុ​នេះ​ហើយ​បាន​ជា​គេ​ពន្យល់​ថា ប្រាសាទ​វត្ត​ប្រាសាទ និង​ប្រាសាទ​វត្ត​កំពែង សាង​មិន​ទាន់​រួច​ទេ ដោយ​សារ​ស្ដេចភូមា​រចាញ់​ប្រាជ្ញា​នាង​សក់​ក្រអូប។ រឿង​នេះ​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ព្រោះ​គេ​មាន​​និយាយ​ថា​ ស្ដេច​ភូមារ​នោះ​បាន​ចារ​ព្រះរាជឱង្ការ​មួយ​នៅ​លើ​ថ្ម​នៅ​​ភ្នំម្រោម​ ហើយ​ឧទ្ទិស​ថា​កុំ​ឱ្យ​នរណា​អាន​ដាច់​ក្រៅពីនាង​សក់​ក្រអូប បន្ទាប់មកក៏វិញទៅ​នគរ​វិញ។

រឿងព្រេងអំពីការ​ប្រកួតប្រជែងសាងសង់អ្វីមួយ (ជាភ្នំក្ដី ជាប្រាសាទក្ដី) គឺខាងប្រុសមិនដែលឈ្នះខាងស្រីទេ ឯសេចក្ដីក៏មិនខុសគ្នាដែរ។ គួរឱ្យចង់​ដឹង​ ចង់យល់ណាស់ ថាតើចេញពីប្រភពណាមួយមក បានជាដូចគ្នាពេញមួយប្រទេសបែបនេះ? តើវា​ជា​ collective memory ឬយ៉ាងណា? ហើយវាប្រែក្លាយខុសពីសេចក្ដីដើមយ៉ាងណាខ្លះ?

បើ​យើង​ពិនិត្យ​តាម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ តាម​រយៈសំណង់ប្រាសាទ និង​សិលាចារឹក​ភ្នំម្រោម​ (មិនដឹងថាសិលាចារឹក​នោះនៅទីតាំងដើមឬយ៉ាងណាទេ) នាំ​ឱ្យ​យល់​ថា​អ្នក​ស្រុក​បង្កើត​រឿង​ព្រេង​មួយ​ហើយ​ព្យាយាម​ភ្ជាប់ទី​តាំង​ទាំង​អស់​នេះ​មក​ជា​រឿង​តែ​មួយ​វិញ។ បើ​ពិនិត្យ​តាម​រយៈសំណង់ប្រាសាទ និងសិលាចារឹក៖

  • ​ប្រាសាទ​នៅ​វត្ត​ប្រាសាទ ជិត​ផ្សារ​តានី​នេះ ទំនង​ជា​សំណង់​សម័យ​អង្គរ​ព្រោះ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម។ ការ​សន្និដ្ឋាន​នេះ​ត្បិត​ថា​ស្មាន​មួយ​ភាគធំ (គ្មាន​សំណល់​ក្បាច់​​ផ្ដែរឱ្យ​កំណត់) តែបើតាម​ការ​ពិនិត្យ​ យើង​មិន​ដែល​ឃើញ​មាន​ប្រាសាទ​មុន​សម័យ​អង្គរ​ណា​មួយ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ទេ។ កាលពី​ឆ្នាំ​ទៅ (២០១៨) ធ្លាប់មាន​ហេតុ​ការ​ប្រឈម​មុខ​គ្នា​រវាង​អ្នក​ស្រុក និង​មន្ត្រីពី​ក្រសួង និងមន្ទីរវប្បធម៌ផង។
  • ប្រាសាទ​នៅ​វត្ត​កំពែង ទំនង​ជា​សំណង់​មុន​សម័យ​អង្គរ ព្រោះធ្វើពីឥដ្ឋ ឯក្បាច់​លើ​ស៊ុម​ទ្វារ​នោះ​ទំនង​ក្នុង​រចនាបថ​មុន​សម័យ​អង្គរ ()។
  • ដោយ​ច្បាស់​នោះ ប្រាសាទ​នាង​សក់​ក្រអូប ជា​ប្រាសាទ​កសាង​នៅ​មុន​សម័យ​អង្គរ។
  • នៅភ្នំ​ម្រោម​ ធ្លាប់​មាន​សិលាចារឹក​ទ្វេអក្សរ​ចារ​ក្នុង​រាជ​ព្រះ​បាទ​យសោវម៌្មទី១ (៨៨៩-៩១០)។ សិលាចារឹក​នោះ​ចារ​ជា​ភាសា​សំស្ក្រឹត ម្ខាង​ជា​អក្សរ​ស្រដៀងនឹង​អក្សរ​ទេព​នាគរី ឯ​ម្ខាង​ជា​អក្សរ​ខ្មែរ​បុរាណ។ ទំនង​ដោយ​សារ​គ្មាន​អ្នក​ស្រុក​ណា​​អាន​ដាច់​ ទើប​គេ​ថា​ស្ដេចភូមារឧទ្ទិស​ថាមិនឱ្យ​នរណា​អាន​ដាច់។ យ៉ាងណា​ក្ដី​អ្នក​សិក្សា​ភាសា​សំស្ក្រឹត​បាន​បក​ប្រែ​សិលាចារឹក​នេះ​តាំង​ពី​ចុង​សតវត្ស​ទី១៩​មក​ម៉្លេះ ហើយហៅឈ្មោះសិលាចារឹកនេះថា សិលាចារឹកព្រះឱង្ការ។ ភ្នំម្រោម​នេះ​ជា​ទីតាំង​សក្តិសិទ្ធ​មួយ​ ព្រោះអ្នកស្រុកនៅតំណាលថាគេធ្លាប់​ខ្ចីឆ្នាំង​ខ្ចី​ចាន​បាន​កាល​ពី​សម័យ​សង្គ្រាម លើស​ពីនេះ​​មាន​ក្រុម​ភ្លេង​អារក្ស​ល្បី​ឈ្មោះ​មួយ​ក្រុម​នៅឃុំ​​នេះ​ដែរ។

អានបន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ទូទៅ and tagged , , , , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s