បោះតង់ភ្នំគូលេន


កាលពីចុង​ខែ​មករា​នេះ ខ្ញុំ​បាន​ទៅ​បំពេញ​ភារកិច្ច​នៅ​ខេត្តសៀមរាប​រយៈពេល​ជិត​មួយ​សប្តាហ៍។ បន្ទាប់​ពី​បំពេញ​ភារកិច្ច​រួច ខ្ញុំ​និង​ក្រុម​ការងារ​ក៏​នាំ​គ្នា​ទៅ​លេង​ភ្នំ​គូលេន​ដោយ​សម្រេច​គ្នា​ថា​នឹង​សម្រាក​មួយ​យប់​នៅ​ទី​នោះ។ ចេញពី​ក្រុង​សៀម​រាប​នៅ​ប្រមាណ​ម៉ោង​៧ព្រឹក ពួក​ខ្ញុំ​ឈ្លៀត​ចូល​ទៅ​ប្រាសាទ​ត្រពាំង​ខ្យង​នៅ​ជើង​ភ្នំគូលេន​សិន។ ពេល​ដែល​ចប់​ការងារ​នៅ​ប្រាសាទ​ត្រពាំង​ខ្យង​ទើបឡើង​ទៅ​ភ្នំគូលេន ដល់​នៅ​ម៉ោង​១១​ព្រឹក។

ប្រាសាទត្រពាំងខ្យង

ពេលឡើង​ទៅ​ដល់​លើ​ភ្នំក៏​នាំ​គ្នា​ចូល​ទៅ​ «ផ្ទះ​អប្សរា» ព្រោះ​​​អតីត​និស្សិត​បុរាណ​វិទ្យា​មួយ​ចំនួន​ដែល​​ធ្វើ​ការ​លើ​ភ្នំ​គូលេន​​សម្រាក​នៅ​ទីនោះ​។ យើង​បាន​ពឹង​ពាក់​គេ​ឱ្យ​ជួយ​ឆ្អើរ​ជ្រូក​កណ្ដុរ​មួយ​ និង​ទិញ​ភេសជ្ជៈមួយចំនួន។ នៅ​ពី​មុខ​ «ផ្ទះ​អប្សរា» នោះ​ មាន​ប្រាសាទ​មួយ​ធ្វើ​អំពី​ឥដ្ឋ​ខូចខាតស្ទើរ​ទាំង​អស់​។ នៅ​កណ្ដាល​តួ​ប្រាសាទ​មាន​នៅ​សល់​ជើង​បដិមា​មួយ​ធ្វើ​ពី​ថ្មភក់។ គេហៅប្រាសាទនេះថា «ប្រាសាទដុតស្ដេចគម្លង់» ព្រោះគេថាគេបូជា​សពស្ដេចគម្លង់នៅទីនេះ។ ហួស​ទៅ​ម្ខាង​ផ្លូវ​ យើង​នឹង​ឃើញ​ទឹក​ហូរ​កាត់​លើ​កម្រាល​ថ្ម​ដែល​ខ្មែរ​សម័យ​អង្គរ​បាន​ដាប់​ច្នៃ​ទៅ​ជាង​រូប​លិង្គ​រាប់​រយ​រាប់​ពាន់។ បើ​តាម​អ្នក​ស្រុក​គាត់​ហៅ​កន្លែង​នេះ​ថា «អន្លង់​ពង​ផ្កាយ» ដោយ​ពន្យល់​ថា​ផ្កាយ​បាន​ពង​ដាក់​នៅ​កន្លែង​នេះ។

បន្ទាប់មក យើងក៏ទៅហូបបាយ​ថ្ងៃត្រង់​នៅ​ត្រង់​មាត់​ទឹក​មួយ​កន្លែង។ នៅប្រហែល​ជា​ម៉ោង​២រសៀល ខ្ញុំ​ក៏​បាន​ឱ្យ​ប្អូន​ម្នាក់​ជា​ឆ្មាំ​ជូន​ទៅ​ប្រាសាទ​មួយ​ចំនួន​​ដែល​នៅ​ជិតៗ។ ប្រាសាទ​ដំបូង​គេ​គឺ​ប្រាសាទ​អូរផ្អុង ជា​ប្រាសាទ​ធ្វើ​ពី​ឥដ្ឋនៅ​ល្អ​គួរ​សម។ សព្វថ្ងៃនៅ​សល់​សសរ​ពេជ្រ​ចំនួន​ពីរ​ធ្វើ​ពី​ថ្ម​ភក់​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ ឯ​ផ្ដែរ​មិន​មាន​ឃើញ​នោះ​ទេ។

ចេញពីនោះ យើងទៅ​ប្រាសាទ​រោង​ចិន​ ដែល​គេ​អះអាង​ថា​ជា​ទីដែល​ព្រះបាទជយវម្ម៌ទី២ឱ្យ​ព្រាហ្មណ៍​ហិរណ្យទាម​ធ្វើ​ពីធីលេហៈកុំឱ្យ​​ប្រទេស​កម្ពុជា​​នេះ​ចំណុះ​ជ្វា​ឡើយ។ មូលហេតុ​ដែល​គេ​សន្និដ្ឋាន​បែប​នេះ​ ទំនង​មក​ពី​ប្រាសាទ​នេះជា​ប្រាសាទ​តែ​មួយ​គត់​ដែល​មាន​ខឿន​ច្រើន​ជាន់​នៅ​​តំបន់ភ្នំគូលេន។ ចំពោះឈ្មោះ «រោង» នេះ ក៏ប្រហែលជា​សល់​ដាន​ពី​បុរាណ​ដែរ ពីព្រោះគេ​រក​ឃើញ​រន្ធ​សសរ​នៅ​ខឿន​​ផ្នែក​ខាង​លើ​នៅ​ប្រាសាទ ឯប្រាសាទ​នោះ​ទៀត​សោត​មិន​មាន​ជា​សំណង់​ពី​លើ​ឡើយ ទំនង​ជា​គេ​ធ្វើ​ជា​រោង​អំពី​ឈើ​ប្រក់​ក្បឿង​ឬ​ដំបូល​ស្បូវ (?)។

ចេញពីប្រាសាទ​រោងចិន មុន​នឹង​ទៅ​កន្លែង​ហូប​បាយ​វិញ ខ្ញុំ​បាន​ឱ្យ​ប្អូន​ឆ្មាំជូន​ទៅប្រាសាទ​ពាម​គ្រែ​ជើង​ត្បូងដែល​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីផ្លូវ​ធំ។ ប្រាសាទទាំង​ពីរ​នេះ​ធ្វើ​អំពីឥដ្ឋ មាន​កំពែង​ឥដ្ឋ​ព័ទ្ធ​ជុំវិញ តែ​ខូច​ខាត​ស្ទើរ​តែ​នឹង​អស់​ទៅហើយ។ នៅ​ទីតាំងប្រាសាទ មាននៅ​សល់​សំណល់​ជើង​ទម្រ​មួយ​ចំនួន​ដែល​គេ​យក​មក​តម្រៀប​ទុក។

ទៅដល់កន្លែងហូបបាយវិញ ល្ងាចល្មមក៏នាំគ្នាទៅវត្តចាស់​បន្តិច តែពេលនោះ​មេឃចុះអ័ព្ទមិនសូវស្អាត​មើល​​មិន​សូវ​ឃើញ​ទេសភាព។ ពេលយប់ ពួកយើង​ក៏​មក​បោះតង់​សម្រាក​នៅ​ជិត​ប្រាសាទ​ដុត​សម្ដេច​គម្លង់វិញ។ ខ្ញុំ​ក៏​សាក​ល្បង​ថត​រូប​បែប​ star trail តែអត់​ស្អាត។

មើល​វីដេអូថត​មេអំបៅនៅ​មាត់​ទឹក៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត, ប្រាសាទ​បុរាណ​ខ្មែរ​នៅ​បរទេស, Exploring Cambodia and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s