ប្រាសាទនៅក្រុម (N) ផ្នែកក្រៅកំពែង


ប្រកាស​នេះ​បង្ហាញ​ប្រាសាទ​ចំនួន៨​ដែល​ស្ថិត​នៅ​ក្រៅកំពែង​ថ្ម​បាយ​ក្រៀម​នៃ​ក្រុម​ប្រាសាទ​សំបូរ (N)។ ប្រាសាទទាំង៨​នោះ​មាន​៧​ស្ថិត​នៅខាង​ជើងកំពែង និង​មួយ (N22) ស្ថិត​នៅ​ខាង​អាគ្នេយ៍​កំពែង។ បើ​មើល​លើ​ផែន​ទីវិញ ទីតាំង​ដែល​មាន​ចំណុច​ដិត​ពណ៌ក្រហមជា​ប្រាសាទ​ដែល​នៅ​មាន​រូបរាង ឯ​ទីតាំង​ដែល​មាន​ចំណុច​ដិត​ពណ៌​ស​ជា​ប្រាសាទ​ដែល​បាត់​រូប​រាង (មិន​មាន​បង្ហាញ​ប្រាសាទ​ N22)។

ផែនទីប្រាសាទនៅក្រៅកំពែង

ប្រាសាទ​ដើមចាន់ (N15, N16-1, N16-2) ប្រាសាទ​នេះ​ស្ថិត​នៅជាប់​នឹង​ផ្លូវ​​ធំ​តែ​ម្ដង។ ប្រាសាទ​នេះ​សព្វថ្ងៃទទួល​បាន​ការ​ធ្វើ​កំណាយ​សម្អាត​នៅ​ឆ្នាំ​២០២០ នាំ​ឱ្យ​យើង​បាន​ឃើញ​រូប​រាង​តួ​ប៉ម​ជើង​ត្បូង (N16-1, N16-2) ​ដែល​កាល​មុន​គ្រាន់​តែ​ជាទួល​តែ​ប៉ុណ្ណោះ។ ប្រាសាទ​ទាំង​បី​នេះ​បែរ​ទៅ​កើត ធ្វើ​អំពី​ឥដ្ឋ​ តែ​ពិនិត្យ​មើល​រូប​រាង​សំណង់ អ្នកស្រាវជ្រាវ​អាច​សន្និដ្ឋាន​បាន​ថាតួ​កណ្ដាល​ដែល​ធំ​ និង​នៅ​ល្អ​ជា​ង​គេ​ត្រូវ​បាន​កសាង​ឡើង​នៅ​ស.វ.​ទី៧ ឯ​តួ​ទាំង​ពីរ​ទៀត​គឺ​ត្រូវ​បាន​កសាង​នៅ​ស.វ.ទី១០។ នៅ​តួ​កណ្ដាល​គេ​បាន​រក​ឃើញ​សិលាចារឹកលេខ K.148 ជា​ភាសា​សំស្ក្រឹតនៅ​ស.វ.ទី១០ មាន​២៨បន្ទាត់ ខូច​ខាត​ច្រើន (សូមរកអាន Cœdès, G., Inscriptions du Cambodge, vol. IV, p. 33)។ ក្រៅពី​នេះ​មាន​សិលាចារឹកមួយ​ទៀត​ លេខ K.438 នៅស​.វ.ទី៧ ចារ​លើ​មេ​ទ្វារ​ខាង​ត្បូង​ជា​ភា​សា​សំស្ក្រឹត​១០បន្ទាត់ បន្ទាប់​មក​ខ្មែរ​១១បន្ទាត់ ឯ​ចារ​នៅ​លើ​មេ​ទ្វារ​ខាង​ជើង​​បាន​បាត់​ទៅ​ហើយ (សូមរកអាន Cœdès, G., Inscriptions du Cambodge, vol. IV, p. 25)។ ទោះ​ជា​យ៉ាង​ណា​ លោក Bruguier ថា​សិលាចារឹក​នៅ​មេ​ទ្វារ​ខាង​ជើង​​ជា​ភាសា​ខ្មែរ​មាន២៧បន្ទាត់ តែ​លោក​មិនប្រាប់ស្ថានភាព​សិលាចារឹក​នោះទេ។

គុកវិហារ (N17) អ្នកស្រាវជ្រាវហៅ «អាស្រមមហាឫសី» វិញ។ ប្រាសាទនេះ​ជា​ប្រាសាទ​តែ​មួយ​គត់​ដែល​ធ្វើ​ឡើង​ពី​បន្ទះ​​ថ្មភក់​​ធំៗ​​នៅ​សំបូរព្រៃគុក។ មួយវិញទៀត សំណង់របៀបនេះ​មាន​តែ​បី​ប៉ុណ្ណោះ​នៅ​មុន​សម័យ​អង្គរ ពោលគឺពីរ​ទៀត​ភ្នំហាន់​ជ័យ​ខេត្ត​កំពង់ចាម និង​ត្រពាំងគុកខេត្ត​ព្រះ​វិហារ (តើ​យើងគួរ​រាប់​​បញ្ចូលតួ S2 ដែល​ធ្វើ​ពី​ថ្មភក់​ទាំង​ស្រុង​តែ​គ្មាន​ជញ្ជាំង​ដែរ​ឬទេ?)។ សំណង់នេះ​មាន​ក្បាច់​រចនា​គួរឱ្យចាប់អារម្មណ៍​ជាច្រើន ម៉្យាងទៀតដោយ​សារ​​ឆ្លាក់​ពី​ថ្មភក់ ក្បាច់​រចនា​ទាំង​នោះ​នៅជាប់ល្អ​ច្រើន​ជាង​ក្បាច់​រចនា​នៅ​លើ​សំណង់​ឥដ្ឋ។

ប្រាសាទជ្រៃ (N18) នោះហៅឈ្មោះ​ដោយ​សារ​តែ​ដើម​ជ្រៃ​មួយ​ដើម​ដែល​ឱប​រឹត​ប្រាសាទ​នោះ​ឯង។ ប្រាសាទ​នេះ​ធ្វើ​អំពី​ឥដ្ឋ​បែរ​មុខ​ទៅកើត មាន​ក្បាច់​ដូច​ទ្វារ​បញ្ឆោត​នៅ​ពាក់​កណ្ដាល​ជញ្ជាំង​និមួយៗ។​ ប្រាសាទ​នេះ​មាន​តម្កល់ទេព​មួយ​ព្រះ​នាម «ស្រីរត្នេសូរ» (ម្ចាស់ត្បូង​មាន​តម្លៃ) ទំនង​​​ក្នុង​ទម្រង់​ជា​លិង្គ បើ​តាម​​សិលា​ចារឹក​លេខ​ K.149 ​ចារ​ជា​ភាសា​ខ្មែរ​នៅ​ស.វ.ទី៧ មាន​ចំនួន​៣០​បន្ទាត់ នៅល្អ​អាន​ដាច់​បាន​ច្រើន (សូមរកអាន Cœdès, G., Inscriptions du Cambodge, vol. IV, p. 28)។ នៅ​ជញ្ជាំង​ខាង​ជើង​ យើង​ឃើញ​មាន​ទរ​បង្ហូរ​ទឹក​មួយ​ដែរ។

ប្រាសាទ N19 ស្ថិត​នៅ​ប្រមាណ​១០០ម៉ែត្រ​ខាង​ជើង​ប្រាសាទ​ដើម​ចាន់ (N 15)។ អ្នកស្រាវជ្រាវ​គិត​ថា​ប្រាសាទ​នេះ​ទំនង​ជា​ចាស់​​ជាង​ប្រាសាទ​ផ្សេងៗ​នៅ​តំបន់​នេះ ពីព្រោះ​មិន​ទាន់​ក្បាច់​លម្អ​លើ​ជញ្ជាំង​នៅ​ឡើយ។ ប្រាសាទ​នេះធ្វើ​អំពី​ឥដ្ឋ​បែរ​​មុខ​ទៅ​លិច និង​មាន​ ទរ​បង្ហូរ​ទឹក (សោមសូត្រ) ពីថ្មភក់​បែរ​ទៅ​ជើង។

ប្រាសាទ​ក្បាលជ្រូក (N20) ស្ថិត​នៅ​ខាង​កើត​ប្រាសាទដើម​ចាន់ (N15) ប្រមាណ៥០០ម៉ែត្រ។ ប្រាសាទនេះ​ទំនង​ជា​មាន​បី​រត់​ជួរ​ជើង​ត្បូង ឯ​ប្រាសាទ​ដែល​​យើង​នៅ​ឃើញ​នោះ​ស្ថិត​នៅ​ចុង​ខាង​ត្បូង។ ប្រាសាទ​ធ្វើពីឥដ្ឋបែរ​មក​កើត រាង​ទ្រវែង​ ខូច​ខាត​ផ្នែក​ដំបូល​ដោយ​បាក់​មក​ទាំង​ស្រុង។ នៅ​លើ​ជញ្ជាំមាន​លម្អ​ដោយ​រូប​ប្រាសាទ​អណ្ដែត​ធំៗ ដែល​អា​ចមើល​ឃើញ​យ៉ាង​ច្បាស់។ នៅ​ឯ​ជញ្ជាំង​ខាង​ជើង​ ទរ​បង្អូរ​ទឹក​គេ​មាន​ឆ្លាក់​ជា​មុខ​សត្វ «ម្ករ (?)» តែ​ប្រហែល​ជា​អ្នក​ស្រុក​មិន​ស្គាល់ក៏​គិត​ថា​ជា​ក្បាល​ជ្រូក​ទៅ​វិញ ហើយ​ហៅ​ប្រាសាទ​នេះ​អញ្ចឹង​ទៅ។

ប្រាសាទសណ្ដាន់ (N21) ជាប្រាសាទឥដ្ឋ​ បែរ​ទៅ​កើត នៅ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ខាង​កើត​ប្រាសាទ N24។ ប្រាសាទ​នេះ​មាន​ក្បាច់​ ប្រាសាទ​អណ្ដែត នៅ​លើ​ជញ្ជាំង ក្បាច់​ទ្វារ​បញ្ឆោត ​និង​លម្អ​មួយ​ចំនួន​ផ្សេងទៀត។ សព្វថ្ងៃ​ផ្នែក​ខាង​ក្នុង​នៃ​ប្រាសាទ​ពោរពេញ​ដោយ​សត្វ​ប្រចៀវ។

ប្រាសាទស្រង់ព្រះ (N22) អ្នក​ស្រាវជ្រាវ​ហៅ «ប្រាសាទ​ស្រែង​ត្រាច» ស្ថិត​នៅ​ទិស​អាគ្នេយ៍​កំពែង​ថ្ម​បាយ​ក្រៀម​។ ប្រាសាទ​នេះ​ធ្វើ​ពី​ឥដ្ឋ​ បែរ​មុខ​ទៅ​ខាងកើត។ ច្រក​ទ្វារ​ខាង​កើត​មាន​លម្អ​ដោយ​ជណ្ដើរ សសរពេជ្រ និង​ផ្ដែរ​ទំនង​ជា​ក្នុង​រចនាបថ​សំបូរ​ព្រៃគុក​ដែរ តែ​មិន​មាន​រូប​ម្ករ​នោះ​ទេ​ មាន​តែ​រូប​រង្វង់​មូល។ នៅ​ខាង​ក្នុង​នៅ​សល់​ជើង​ទម្រ​រាង​បួន​ជ្រុង និង​មាន​ទរ​បង្ហូរ​ទឹក​កាត់​តាម​ជញ្ជាំង​ខាង​ជើង។ ប្រាសាទ​នេះ​ គេ​ធ្លាក់​រក​ឃើញ​រូប​ព្រះ​ព្រហ្ម​មួយ​តូច​ល្មម​ សព្វថ្ងៃ​គេ​តម្កល់​ទុក​នៅ​សារមន្ទីរជាតិ។ នៅ​ក្រោយ​ប្រាសាទ​ មាន​ដើម​ចារ​មួយ​ដើម​ ដែល​ជម្រុះ​ស្លឹក​វា​រៀង​រាល់​ខែ​ប្រាំង។

ប្រាសាទ N24 ប្រាសាទនេះ​ក្នុង​សៀវភៅលោក Bruguier ហៅថា ប្រាសាទរោងចំបក់ តែនៅក្នុងសៀវភៅលោក ម៉ង់ វាលី និងអាជ្ញាធរជាតិសំបូរព្រៃគុកហៅ​ថា ប្រាសាទ​បុះរាម។ ចំពោះប្រាសាទបុះរាមវិញ បើតាម​លោក Bruguier គឺត្រូវនឹងប្រាសាទ N31 ដែល​ស្ថិត​នៅ​ខាង​ជើង​ប្រាសាទ​សណ្ដាន់ (N21) ប្រមាណ​២០០ម៉ែត្រ។ ប្រាសាទ N24 នេះ​ធ្វើ​ពី​ឥដ្ឋ​ បែរ​ទៅ​កើត មាន​ដើម​ឈើ​ព័ទ្ធ​ព័ន្ធ​ជុំ​វិញ​តែ​ម្ដង។ មិនឃើញមាន​លម្អ​ជា​ ប្រាសាទ​អណ្ដែត ​នោះទេ តែ​មាន​ជា​លក្ខណៈជា​ទ្វារ​បញ្ឆោត​នៅ​ចំ​កណ្ដាល​ជញ្ជាំង​វិញ។ ចំពោះឈ្មោះនោះវិញ ប្រសិនបើ​ដឹង​ថា​ដើម​ដែល​ព័ទ្ធ​ព័ន្ធ​ប្រាសាទ​នោះ​ឈ្មោះ​អ្វី​ ក៏​អាច​ជួយ​ផ្ដល់​ជា​ពន្លឺខ្លះ​ដែរ។

សូមរកអានបន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s