ប្រាសាទរកាជន្លឹង


ប្រាសាទ​រកា​ជន្លឹង ស្ថិត​នៅ​ក្នុងវត្តជន្លឹង​ ភូមិជន្លឹង ឃុំ​រកាជន្លឹង​ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ចម្ងាយប្រមាណ​៧គ.ម. ខាងកើតស្ពានព្រែកតាមាក់។ ប្រាសាទនេះទំនង​​ជា​ប្រាសាទ​សាង​នៅ​ស.វ.ទី១១ មានតួ​ចំនួន​៣ តម្រៀបជើងត្បូង។ តួខាង​ជើង​តូច​ជាងគេ​ធ្វើអំពីឥដ្ឋ​ខូចខាត​អស់ (អាចចាស់ជាងគេ?)​ សល់​តែ​ជើងជញ្ជាំង និងស៊ុមទ្វារធ្វើ​ពី​ថ្ម​ភក់​។ ឯតួកណ្ដាល និងតួ​ខាង​ត្បូង​ធ្វើ​ពីថ្ម​បាយ​ក្រៀម និង​ក្បាច់​លម្អ​នានា​អំពី​ថ្ម​ភក់​ នៅ​សល់​រូប​រាង​ តែបាត់បង់​ផ្នែក​ដំបូល។

ចំពោះតួកណ្ដាល ក្បាច់លម្អ​មាន​តែ​នៅ​ខាង​កើត​តែ​ប៉ុណ្ណោះ ពោលគឺផ្ដែរ​​ដែល​បង្ហាញ​រូប​រាហូ​ពាំដងធ្នូ​ដែល​គេ​ឆ្លាក់​លម្អ​ជា​ក្បាច់​រុក្ខជាតិ​ នៅពី​លើ​ក្បាល​រាហ៊ូ​មាន​រូប​ព្រះឥន្ទ(?) ជិះដំរី តែគេ​ឆ្លាក់​ឱ្យ​ឃើញ​ថា​មើល​ពី​ចំហៀង​វិញ (ជា​ធម្មតា​គេ​ឆ្លាក់ចំពីមុខ​ដំរី)។ ក្រៅពី​នេះ​​​សសរពេជ្រ និងសសរផ្អោប​ដែល​ធ្វើ​ពី​ថ្មភក់​ក៏​មាន​ក្បាច់​លម្អ​ដែរ។ ក្រៅពី​នេះ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ទាំង​អស់​សូម្បី​តែ​ទ្វារ​បញ្ឆោត​ទាំង​បី​ទិស​ផ្សេង​ទៀត។

ចំពោះ​តួ​ខាង​ត្បូង យើងឃើញ​មាន​ផ្ដែរ​នៅ​សេស​សល់​ចំនួន​បី ក្នុង​នោះ​ផ្ដែរ​នៅ​ទិស​ខាង​ជើង​មាន​ឆ្លាក់​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​ដ៏​ពេញ​និយម​​។ ឯ​​នៅ​ផ្នែក​ខាង​កើត​មិន​មាន​សល់​ផ្ដែរ​នោះ​ទេ នៅ​សល់​តែ​ស៊ុម​ទ្វារ។ ចំពោះ​ផ្ដែរ​ខាង​ត្បូង​ជា​​រូប​រាហូ​ពាំដងធ្នូ​ដែល​គេ​ឆ្លាក់​លម្អ​ជា​ក្បាច់​រុក្ខជាតិ​ នៅពី​លើ​ក្បាល​រាហ៊ូ​មាន​រូប​ទេព​អង្គុយ​បញ្ឈរ​ជង្គង់​ស្ដាំ លុត​ជង្គង់​ឆ្វេង។ ចំពោះ​ផ្ដែរ​ខាង​លិចទំនង​ជា​មាន​លំនាំ​ដូច​ផ្ដែរ​ខាង​ត្បូង​ដែរ ប៉ុន្តែ​ផ្នែក​កណ្ដាល​បាន​ខូច​ខាត​ទៅ​ហើយ។ នៅ​ជិត​នោះ​យើង​​ក៏ឃើញ​កំពូល​ប្រាសាទ​ធ្វើ​ពីថ្ម​ភក់​ចំនួន​ពីរ​​ដែរ។ តើ​វា​អាច​ទេ​ដែល​ផ្នែក​ដំបូល​ធ្វើ​អំពី​ឥដ្ឋ?

សព្វថ្ងៃ​មាន​ព្រះ​វិហារ​ពីរ​នៅ​ខាង​មុខ​ប្រាសាទ ព្រះវិហារ​ខាង​ត្បូង​ជា​ព្រះ​វិហារ​ចាស់ ឯ​ព្រះ​វិហារ​ខាង​ជើង​ជា​ព្រះ​វិហារ​ថ្មី។ ខ្ញុំមិនទាន់បានចូលវិហារនៅឡើយទេ ចាំបាន​ចូល​និង​ថត​រូប​យក​ផ្សាយ។ កាល​សង់​វិហារ​នៅ​មុខ​ប្រាសាទនេះ​​ មិនមែន​ជា​ទំនៀម​ថ្មី​ទេ យើង​អាច​ឃើញ​ឧទាហរណ៍​ដូច​គ្នា​នេះ​នៅ​ប្រាសាទ​នគរ​បាជ័យ​នៅ​ខេត្ត​កំពង់ចាម ប្រាសាទ​ព្រះ​ធាតុ នៅ​ខ្វាវ ជីក្រែង ខេត្ត​សៀមរាប​ជា​ដើម។

ប្រសិន​បើ​យើង​ងាក​មក​មើល​ផែន​ទី​រដ្ឋបាល​វិញ ឃុំ​រកាជន្លឹង​នេះ​គឺ​នៅ​ជាប់​ជា​ឃុំជីបាល ស្រុកស្រីសន្ធរ​ នៃ​ខេត្ត​កំពង់ចាម។ កាល​ពី​សម័យបារាំង គេ​មិនទាន់បង្កើត​ស្រុក​ខ្សាច់​កណ្ដាល​នោះទេ ទីតាំង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​រដ្ឋបាល​ស្រី​សន្ធរ(1)។ ហើយប្រសិន​បើ​យើង​ងាក​ត្រលប់​ទៅ​ក្រោយ​ប្រមាណ​ជា​៥ឬ​៦​សតវត្ស​មុន ទីតាំងនេះក៏ដូច​ជា​ទីតាំង​នៃ​រដ្ឋបាល​ស្រុក​ស្រីសន្ធរ ស្រុក​ខ្សាច់កណ្ដាល ក៏​ដូច​ជា​ស្រុក​ស៊ីធរកណ្ដាល​​នៃ​ខេត្ត​ព្រៃវែង គឺជា​ទីតាំង​រាជធានី​មួយ​​ដែលក្នុង​ពង្សាវតារហៅថា «បាសាន»(2)។ រាជធានី​ខ្មែរ​នៅ​សម័យ​អង្គរ​មាន​ឈ្មោះ​ «ស្រីយសោធរ» ហើយ​ឈ្មោះ​នេះ​អាច​​រយាល​ទៅ​ជា​ពាក្យ​ «ស៊ីធរ» ​ហើយក៏​អាច​រយាល​ហើយក្លាយ​ទៅ​ជា​ឈ្មោះ​ «ស្រី​សន្ធរ» ដែរ។ កាល​យក​រឿង​ស្រី​សឈរ​មក​បញ្ជាក់​អំពី​កំណើត​នៃពាក្យ «ស្រីសន្ធរ» នោះវា​ដូច​នឹង​រឿង​កូន​កើត​មុន​ឪអញ្ចឹង​ដែរ។ ដូច្នេះ​ប្រសិន​បើ​យើង​​មើល​ជា​រួម វិសាល​ភាពនៃ​រាជធានី «បាសាន» នេះធំទូលាយ​​ណាស់ ហើយ​​ទំនង​ជា​មាន​ទីតាំង​នៅ​ម្ដុំ​វត្ត​ស៊ីធរ​នោះឯង (វត្ត​ព្រះ​រាជនិវេស​ដ្ឋានស្រីសឈរ) ព្រោះយើង​ឃើញ​មាន​ចេតិយចំណាស់​មួយ​​នៅ​ក្នុង​ទីតាំង​វត្ត​នោះឯង (យ៉ាង​ណា​ក្ដី យើង​មិនទាន់​ឃើញ​មាន​កំណាយ​ស្រាវជ្រាវ​បែប​បុរាណ​វិទ្យា​​នោះ​ឡើយ)។

តំបន់​នេះមាន​មនុស្ស​រស់​នៅ​រួច​យូរហើយមុននិង​ក្លាយជា​រាជធានី យើង​អាច​យក​តែ​ភស្តុតាង​នៅ​សម័យ​អង្គរ​មក​បង្ហាញ​ក៏​បាន​​ តួ​យ៉ាង​ភស្តុតាង​ជា​ប្រាសាទ​បុរាណ​ដូច​ជា​ ប្រាសាទ​ព្រះ​ធាតុ​បារាយណ៍ ប្រាសាទរកាជន្លឹងនេះ សិលាចារឹក​លេខ K.111 នៅ​វត្ត​ស៊ីធរ(3) និង​សំណល់​វត្ថុ​សិល្បៈ​នៅ​រាយ​ប៉ាយ​ពាស​ពេញ​ ជា​ពិសេស​នៅ​តំ​បន់​ព្រះ​វិហារ​សួគ៌​។

Footnote៖

  • 1. Lajonquière, L., de, (19), Inventaire descriptif des monuments du Cambodge, Tome , pp.160-175
  • 2. Wolters, O., L, (1966) The Khmer King at Basan (1371-3) and the Restoration of the Cambodian Chronology during the fourteenth and the fifteenth century, In: Asia Major, n.s. 2,1, pp.44-89
  • 3. Green, E., S, P, (2014), Vat Sithor Translation: Translation, Commentary, and Reflections on Buddhist Tradition in tenth-century Cambodia, (Ph. D dissertation), 337 pages.

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s