ប្រាសាទត្នោតជុំ (ខាងជើង)


ខ្ញុំធ្លាប់សរសេរ​សង្ខេបពីប្រាសាទ​នេះ​ម្ដង​ហើយ​នៅ​ក្នុង​ប្រកាស​៖ ១០ថ្ងៃ​នៅ​កំពង់ធំ។ ម្ដង​នេះ​ ខ្ញុំ​ព្យាយាម​សរសេរ​លំអិត​អំពី​ប្រាសាទ​នេះ​តាម​ដែល​អាច​ទៅ​បាន។

ដើមឡើយ ​ប្រាសាទ​នេះ​ជា​ប្រាសាទ​នៅ​សតវត្ស​ទី​៧ ដោយ​សារ​វត្ត​មាន​ផ្ដែរ​រចនា​បថ​សំបូរ​ព្រៃគុក ក៏​ដូច​ជា​ចម្លាក់​រូប​​ហង្ស​នៅ​លើ​ក្បាល​ជញ្ជាំង។ ក្រោយ​មក​ប្រាសាទ​នេះ​ត្រូវ​បាន​កែ​ប្រែ​នៅ​សតវត្ស​ទី១៤ តាម​រយៈភស្តុតាង​ជា​សិលាចារឹក​ «ភាសាបាលី» នៅ​នឹង​មេទ្វារ​ខាង​ត្បូង​នៃ​ប្រាសាទ​នេះ​ស្រាប់។ បន្ថែម​ពី​នោះ​ទៀត គេ​ក៏​បាន​ដាប់​​ជញ្ជាំង​ទាំង​បី​ទិស​នៃ​ប្រាសាទ​ទៅ​ជា​រូប​ព្រះ​ឈរ ក្នុង​កាយ​វិការ​ប្រទាន​អភ័យ (?)។ នៅ​ខាង​កើត​អម​សង​ទ្វារវិញ អាច​ជា​រូប​ទ្វារ​បាល​ បើ​តាម​លោក Bruguier។

សិលាចារឹកដែលគេចារនៅនឹងមេទ្វារខាង​ត្បូង​នោះ អ្នក​ស្រាវជ្រាវ​ឱ្យលេខ K.144។ លោក George Cœdès ដែល​សិក្សា​សិលាចារឹក​នេះ អះអាង​ថា​សិលាចារឹក​នេះពិបាក​អាន​ព្រោះតែសំណេរ ក៏ដូច​ជាពាក្យ។ គាត់បានបកប្រែ​ ព្រម​ទាំង​បញ្ជាក់ថា គ្រាន់តែ​ជា​ការ​ប្រែឱ្យ​យល់​ប៉ុណ្ណោះដោយ​ប្ដូរពាក្យ ([…]L’essai de traduction donné ici ne serre pas le texte d’aussi pres qu’il serait souhaitable. C’est plutôt une paraphrase[…]) (G.C.: IC VII, 1964, p.34-36)។ ក្រោយ​មក​ លោកស្រី ពៅ សាវរស បានសិក្សាម្ដង​ទៀត​អំពី​សិលាចារឹក​នេះ​នៅ​ក្នុង BEFEO លេខ៧០ បោះពុម្ពឆ្នាំ ១៩៨១ ទំព័រ.១០១-១១២ (ដើម្បីអានសូមចុច)។

ក្នុងប្រកាសនេះ​ខ្ញុំ​ភ្ជាប់​មក​ជា​មួយ​សំណេរ​ភាសា​ខ្មែរ​នៃ​អត្ថ​បទ​សិលាចារឹក​​ដែល​លោក​ George Cœdès សរសេរ​ជា Transliteration ដោយ​បន្ថែមអំនាន​នៃ​លោកស្រី ពៅ សាវរស​ ផងដែរ។

ចម្លងមកជាអក្សរខ្មែរវិញដោយស្មេរ (ចំណុចពណ៌​លឿង​ជា​គូ​ពាក្យ​ដែល​អ្នក​ស្រាវជ្រាវទាំងពីរ​នាក់អានឃើញ​ខុស​គ្នា)

ចំពោះ​សិលាចារឹក​នេះ​ ខ្ញុំ​អាច​សង្ខេបាន​តិចៗ​ដោយ​បកប្រែពីភាសា​បារាំង​មក​វិញ​ថា៖

សូមមានជោគ​មានជ័យ! នេះជា​ព្រះកុដិ​ដែល​ព្រះបាទ​ស្រិន្ទ្រជយពម៌ជាកំពូលនៃ[ក្រុង]យសោធរ បានសាង។ ព្រះរាជគ្រូសូមថ្វាយបង្គំព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែល​នាំ​ផ្លូវ​សត្វនិករ ឆ្លងផ្លូវ កាត់ព្រៃ ដែល​មាន​ឧបសគ្គនានាៗ ពោលគឺសង្សារ (វដ្តសង្សារ) នេះពិបាកឆ្លងផុត នាំឱ្យយោងកំណើត​ផ្សេងៗតាម​បុណ្យ​របស់​ខ្លួន។ សង្សារនេះគឺកើត ចាស់ ឈឺ ស្លាប់ នាំឱ្យកើតទុក្ខ មានហិង្សា ដែលពាំងផ្លូវ (ផ្លូវទៅរំដោះទុក្ខ)។ ពិភពមនុស្សក្រាស់ទៅដូចភ្នំ មានព្រៃ មានវល្លិ៍ មានបន្លា ដូចតណ្ហា​ដែលចូលមកចោមរោមក្ដោបសព្វកន្លែង។ នរណាដែល​មិនមានជំនឿ ដែល​មកមើល​ព្រះកុដិនេះ នឹង​យល់ទេព្តា ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ប្រទានពរទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល [គេ]នឹងយល់ថា​កន្លែង​នេះ​ជា​កន្លែង​គោរព។ សូមទទួលកុសលបុណ្យដែល​បាន​ប្រព្រឹត្ត។

សិលាចារឹក​នេះ(K.144) សិលាចារឹកគោកស្វាយចេក (K.754) (ចុចអាននៅទីនេះ) និងសិលាចារឹក (K.768) ជាសិលាចារឹក «ភាសាបាលី» ដំបូងៗនៅប្រទេសកម្ពុជាសម័យបុរាណ ពោល​គឺ​​នៅ​ដើមសតវត្សទី១៤ ដែល​បង្ហាញពី​ការ​ជ្រាប​ចូល​មក​ដល់​នូវ​ព្រះ​ពុទ្ធសាសនា​មួយ​បែប​ហៅ​ថា «ថេរវាទ»។

អត្ថបទដែលអាចបន្ថែមមាន​ភ្ជាប់រួច​ហើយក្នុងអត្ថបទ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អំពី​សិលាចារឹក​ខ្មែរ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s