ខ្ញុំកើតធំធាត់នៅជាប់ទន្លេធំ ទល់មុខកោះប៉ែន ឯខេត្តកំពង់ចាម។ ខ្ញុំជិះទូកដ ជិះអូប័រ ជិះកាណូត ជិះសាឡាង ឆ្លងប្រដឹស ឆ្លងស្ពាន តាំងពីតូចមក។ សេចក្ដីទាំងអម្ប៉ាលម៉ាននោះ វានៅដក់ជាប់ក្នុងខួរខ្ញុំរហូតមក។ សព្វថ្ងៃទៅណាមកណា ខ្ញុំច្រើនឆ្លងផ្លូវទឹកតាមមធ្យោបាយលើទឹក បើទោះជាមានស្ពាន ឬផ្លូវវាងផ្សេងៗក្ដី។ ថាជាចំណូលចិត្តក៏បាន ម៉្យាងទៀត ខ្ញុំជិះម៉ូតូដូច្នេះវាមិនពិបាកឡើងចុះច្រាំងដូចឡានផង។
ខ្ញុំឆ្លងសាឡាងបានច្រើនកន្លែងណាស់។ សាឡាងដែលខ្ញុំឆ្លងដំបូងគេគឺ សាឡាងទន្លេបិទ ឆ្លងរហូតទាល់តែដល់ឆ្នាំ២០០១ ពេលគេធ្វើស្ពានគីហ្ស៊ូណារួច។ ក្រោយមកបានឆ្លងនៅ អ្នកលឿង ព្រែកក្ដាម អរិយក្សត្រ ស្វាយជ្រុំ ស្ទឹងត្រង់-ក្រូចឆ្មារ ជាដើម។ សព្វថ្ងៃនេះ គេមានស្ពានអ្នកលឿង ស្ពានព្រែកក្ដាម ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ហើយ ដូច្នេះសាឡាងធំៗទាំងនោះ ទំនងគេបញ្ជូនមកអរិយក្សត្រទាំងអស់ ឬក៏ដាក់ឱ្យចូលនិវត្តន៍ក៏មិនដឹង។

សាឡាងស្ទឹងត្រង់-ក្រូចឆ្មារ
ក្រៅពីសាឡាងធំៗនេះ ក៏មានសាឡាងមួយប្រភេទទៀតដែលតូចជាង សព្វថ្ងៃនៅមានដាក់ឱ្យប្រើប្រាស់ជាអាជីវកម្មដេញថ្លៃកាន់កាប់ដោយគ្រួសារ (មិនដឹងពាក្យបច្ចេកទេសគេយ៉ាងណាដែរ)។ សាឡាងប្រភេទនេះខ្ញុំធ្លាប់ឆ្លងនៅ ផ្សារក្រោម-កំពង់ហាវ (កំពង់ឆ្នាំង), ឆ្លងទៅកោះដាច់-កោះឧកញ៉ាតី, អូរលាវ-ព្រែកលីវ (កំពង់ចាម), ផ្លូវត្រី-កោះប្រាក់ (កៀនស្វាយ) ជាដើម។
ចំពោះការឆ្លងដៃទន្លេ ឬព្រែកតូចៗ គេច្រើនប្រើដ ដោយគេរៀបក្ដារបន្ទះកាត់ទទឹងទូកពីរដែលគេចងផ្អោបគ្នា។ ដទាំងអស់នេះ កម្រណាស់ចម្លងឡាន គេចម្លងត្រឹមម៉ូតូ ឬរឹម៉កតែប៉ុណ្ណោះ។ មានម្ដងនោះ ខ្ញុំឆ្លងដកាត់ទន្លេធំពីចុងកោះប៉ែន មកកោះប្រាក់-កោះរកាទាំងប្រថុយ ព្រោះឆ្លងទន្លេធំ១ ឯទូកវិញគឺតែ១ មិនមែន២ផ្គុំគ្នា២ ឯម៉ូតូពួកខ្ញុំក៏ធំៗ៣ សំណាងល្អមិនមានខ្យល់ មកដល់ត្រើយដោយសុវត្ថិភាព។ បើកាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំសាកល្បងជិះតាមផ្លូវព្រែកជីកដូនម៉ៅ ខាងទន្លេបិទ មកផ្សារជីហែជាលើកទី១ ខ្ញុំក៏បានឆ្លងដចែវនៅចំមុខវត្តពាមចក។ ទីតាំងកំពង់នៅច្រាំងទាំងសងខាងមិនស្មើគ្នាទេ ជាទូទៅកំពង់ម្ខាងត្រូវនៅនៅខ្សែទឹកខាងលើ ដូច្នេះពេលគេចេញមកគេគ្រាន់តែចែវទប់ៗ ទឹកនឹងរុញដមកដល់កំពង់ម្ខាងទៀតដោយមិនសូវហត់ ប៉ុន្តែទៅវិញត្រូវហត់បន្តិចព្រោះត្រូវចែវបញ្ច្រាសខ្សែទឹក។ ខ្ញុំធ្លាប់ឃើញរូបថត មានជាប្រភេទដតោងខ្សែ (អ្នកចម្លងតោងខ្សែដែលចងសន្ធឹងពីច្រាំងម្ខាងទៅច្រាំងម្ខាងទៀត) ដែរ តែមិនទាន់បានឆ្លងផ្ទាល់។
ក្រៅពីបម្រើដល់ការឆ្លងទន្លេ ទូកក៏ត្រូវប្រើប្រាស់សម្រាប់ដឹកភ្ញៀវទេសចរណ៍ដែរ។
ចំពោះប្រភេទជា «ស្ពាន» វិញ ក្រៅពីស្ពានថ្មធំៗដែលសង់ដោយជំនួយបរទេស ក៏មានស្ពានសាងសង់ដោយគម្រោងរដ្ឋាភិបាលជាបេតុង និងដែកជាដើម។ ស្ពានដែកនេះ គេនិយមហៅថា ស្ពានបាឡេ (ភាសាបរទេស Bailey) ជាស្ពានដែលមានកំណើតនៅសម័យសង្គ្រាមលោកលើកទី២។ ក្រៅពីនេះ ស្ពានមួយប្រភេទដែលគេឧស្សាហ៍ឃើញនៅខេត្តកំពង់ចាម គឺស្ពានឫស្សីដែលអ្នកស្រុកហៅថា «ប្រដឹស»។ ប្រដឹស នេះខ្ញុំឆ្លងឡើងរាប់ភ្លេចទៅហើយ ព្រោះឆ្លងទៅលេង កោះប៉ែន។ កាលពីចុងឆ្នាំមិញ ខ្ញុំបានឆ្លងស្ទឹងព្រែកត្នោតដោយចៃដន្យពីត្រើយខាងត្បូង (ភូមិរកា) ទៅត្រើយខាងជើង (ព្រៃពួច អង្គស្នួល) ដោយឆ្លងលើស្ពានបន្ទះដែកដែលគេដាក់ក្រាលលើធុងសាំងរាប់រយដែលគេចងបណ្ដែតទឹក។ នេះជាលើកទី១ដែលខ្ញុំឆ្លងស្ពានបែបនេះ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានឆ្លងស្ពានឈើនៅខាងស្រុកស៊ីធរកណ្ដាលនិងស្រុកកោះសូទិន ពេលឆ្លងរួចមិនឃើញមានអ្នកចាំយកភាស៊ីអ្វីសោះ ការនេះនាំឱ្យយល់ថា អ្នកស្រុកដែលរស់នៅសងខាងទន្លេតូចអាចស្រុះដៃគ្នាធ្វើស្ពាននេះ។ ខ្ញុំនឹងទៅមើលម្ដងទៀតនៅរដូវវស្សា តើថាបើទឹកឡើងលិចស្ពានទៅ គេឆ្លងដ ឬយ៉ាងណាទៀត?
វីដេអូជិះម៉ូតូឆ្លងស្ពានឈើដែលអ្នកស្រុកព្រែកចង្ក្រាន (ព្រៃវែង) និងល្វេ (កំពង់ចាម) ប្រើរួមគ្នាដោយមិនយកភាស៊ី៖
វីដេអូដព្រែកថ្មី-កោះអន្លង់ចិន៖
វីដេអូជិះទូកស្មាច់ឆ្លងទន្លេសាបកាលពី២០១៦ ដោយសារសាឡាងចេញចោល៖