រឿង «ឍាមរា» នេះមិនមែនជារឿងថ្មីទេ។ មនុស្សមួយភាគធំដែលមានអាយុខ្ទង់ក្រោម៤០ឆ្នាំប្រាកដជាធ្លាប់ឃើញ ហើយឆ្ងល់ថា សត្វហ្នឹងរូបរាងអញ្ចឹងមែនឬយ៉ាងណា? តើវារស់នៅស្រុកខ្មែរឬអត់? ឬក៏វាដាច់ពូជាហើយ? ឯអ្នកដែលកើតមុនជំនាន់ខ្មែរក្រហម លើកលែងតែអ្នកដែលឧស្សាហ៍បើកវចនានុក្រមប្រហែលមិនដែលឃើញពាក្យនេះផង។ អត្ថបទអត់ «អាកាដេមិច» មួយនេះ ខ្ញុំនឹងព្យាយាមបកស្រាយអំពី «ឍាមរា» តាមបែប «ប្រធាននិយម» (subjective) ព្រោះវាជាការយល់ឃើញរបស់ខ្ញុំ (បញ្ជាក់ អ្នកអានអាចមិនយល់ស្របបាន មិនបង្ខំទេ)! 😝
រូបសត្វ «ឍាមរា» ដំបូងបំផុតដែលខ្ញុំបានឃើញគឺរូបមួយនៅខាងឆ្វេងដៃនេះឯង។ កាលនោះ (ប្រហែលជាជាង២០ឆ្នាំមុន) នរណាទៅដឹងថាវាមិនមែន! ជឿទាំងស្រុងថាហ្នឹងគឺរូប «ឍាមរា» តែក្រោយមក ខ្ញុំបានឃើញអានអត្ថបទអំពីសត្វដែលដាច់ពូជ ក៏ប្រទះឃើញបក្សីមួយប្រភេទឈ្មោះ «Dodo» កំណើតនៅកោះ Mauritius ដែលអ្នកស្រាវជ្រាវគេបានសិក្សាលម្អិតទៅលើរូបគំនូរដំបូងៗ និងគ្រោងឆ្អឹងដែលគេផ្គុំឡើងវិញផង (សូមមើលរូបខាងក្រោម)។ កំណត់ត្រាដំបូងៗអំពីសត្វនេះលេចឡើងនៅឆ្នាំ១៥៩៨ ដោយពួកនាវិក ហើយប្រមាណមួយសតវត្សរ៍ក្រោយមក សត្វនេះក៏ដាច់ពូជអស់ទៅដោយសារវាជាសត្វស្លូត មិនចេះហោះ ហើយក្លាយជាចំណីនៃពួកនាវិក និងប្រភេទសត្វ «នាំចូល» ផ្សេងៗទៀតនៅទីកោះនោះ។ មិនដឹងមូលហេតុអ្វីដែលអ្នកបោះពុម្ពសៀវភៅសម្រាប់កុមារ និងអ្នកបោះពុម្ពតារាងអក្សរខ្មែរជ្រើសរើសពាក្យ «ឍាមរា» នេះមកតំណាងអក្សរ «ឍ» ហើយយករូបសត្វ Dodo មកថាជា «ឍាមរា» នាំឱ្យវឹងស៊ុង។ អូ៎! ចង់ថែមរឿងនេះមួយ ឃើញនៅហ្វេសប៊ុក មានអ្នកបកស្រាយអំពីសត្វ Dodo ហើយនិយាយថាខ្មែរហៅសត្វហ្នឹងថា «ឍាមរា»។ ការបកស្រាយនោះ ជាការយល់ច្រឡំដោយសារមើលរូបនៅក្នុងតារាងនោះហើយយល់ថា «ឍាមរា» គឺមានរូបបែបនោះឯង។ ខ្ញុំមិនយល់ស្របនឹងការបកស្រាយនោះដោយ៣ប្រការ៖ ក្នុងភាសាខ្មែរមិនដែលមានពាក្យផ្ដើមដោយអក្សរ «ឍ» នេះទេ (សូមអានទៅក្រោម)១ ខ្មែរមិនដែលស្គាល់កោះ (Mauritius) ហ្នឹងទេ២ គេមិនដែលប្រទះឃើញសត្វនេះនៅទីណាក្រៅពីទីកោះនោះឡើយតាមរយៈភស្តុតាងសំណល់ឆ្អឹង និងកំណត់ត្រានានាដែលមាន៣។

សត្វដូដូ
ត្រឹមយករូបសត្វ Dodo មួយមកតំណាងសត្វ «ឍាមរា» មិនគ្រប់គ្រាន់ អ្នកបោះពុម្ពតារាងអក្សរខ្មែរក្រោយៗ បែរជាបែកគំនិតយករូប បក្សីអម្បូរ Cormorant (ខ្មែរថា ក្អែកទឹក?) មកតំណាង «ឍាមរា» ម្ដង។ សូមបញ្ជាក់បន្តិចដែរថា បក្សីប្រភេទនេះអ្នកនេសាទនៅប្រទេសចិន ជប៉ុនជាដើម ធ្លាប់យកពួកវាមកប្រើឱ្យជួយនេសាទ (អាចមើលវីដេអូនៅចុងបំផុត)។ ដោយសារតែរូបនេះហើយ ទើបមានដល់អ្នកផុស្ត៍ (post) តាមហ្វេសប៊ុកថា «ទើបតែឃើញឍាមរា» អីអញ្ចឹងជាដើម។
ប្រសិនបើខ្ញុំបដិសេធរូបតំណាងដ៏ «ពេញនិយម» ទាំង២នេះហើយ តើខ្ញុំមានរូបអ្វីយកមកជំនួសទេ? ចម្លើយគឺ ខ្ញុំគ្មានទេ តែខ្ញុំមានតែយកវចនានុក្រមខ្មែរមកធ្វើជា «ឍាល» (ប្រែថា ខែល) រង! វចនានុក្រមឱ្យនិយមន័យច្បាស់ហើយថាជា «ក្ងាន, ហង្ស»។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាដែលបានអានអត្ថបទនេះយល់ស្របតាមវចនានុក្រម (បញ្ជាក់ ខ្ញុំអត់មានយកវចនានុក្រមមកគម្រាមថាត្រូវតែធ្វើតាមនោះទេ ពីព្រោះពេលខ្លះខ្ញុំក៏មិនស្របតាមវចនានុក្រមដែរ) គួរតែគិតថា «ឍាមរា» ហ្នឹងដូច «ក្ងាន» ឬ «ហង្ស» ទៅ តែបញ្ហាគឺ «ហង្ស» ហ្នឹងតែម្ដង ព្រោះក៏មិនដែលឃើញដែរ បើមើលតាមគំនូរ ឬចម្លាក់ គេបែរជាពន្យល់ថាជាសត្វនៅឋានសួគ៌ឯណោះ។ ផ្ទុយទៅវិញ «ហង្ស» (ពាក្យកម្ចីសំស្ក្រឹត) បើបើកវចនានុក្រមៗ (ទំព័រ.១៥០៥) ឱ្យន័យថាជា៖ ក្ងានព្រៃ។ ប្រសិនបើយើងមើលរូបគំនូរនៅឥណ្ឌា (ដែលជាម្ចាស់ពាក្យ ហង្ស) គឺគេគូរជារូបសត្វស្រដៀងសត្វក្ងាន ឬ flamingo ផងក៏ថាបាន (ខ្ញុំមិនហ៊ានថាឱ្យ១០០% នោះទេ តែសុំពិនិត្យរូបខាងក្រោមចុះ) ដែលជាជំនិះនៃព្រះព្រហ្ម និងនាងសរស្វរតី ជាមហេសី។
សរុបសេចក្ដីបែបអត្តនោម័ត យើងបាន៖ ឍាមរា = ក្ងាន = ហង្ស = ក្ងានព្រៃ។
ចំពោះរូបពីរសន្លឹកចុងក្រោយនេះបង្ហាញពីពាក្យទាំងអស់ដែលផ្ដើមឡើងដោយអក្សរ «ឍ» ដែលវចនានុក្រម (ទំព័រ.៣២៧) បញ្ជាក់ថា៖ «ក្នុងភាសាខ្មែរមិនមានប្រើសោះឡើយ តែក្នុងទីនេះយើងយកភាសាសំស្ក្រឹត៤ពាក្យមករៀបរៀង […] កុំឱ្យទទេសោះ» និងពាក្យ «ឍាលិន» (ស្រង់ពីតារាងអក្សរបោះពុម្ពដោយ រៃយំ) ដែលប្រែថា៖ «អ្នកកាន់ខែល» ដែលយើងប្រហែលជាអាចយកមកប្រើជាតំណាងជំនួសពាក្យ «ឍាមរា» ដែលមិនមានរូបតំណាងឱ្យច្បាស់លាស់។
តារាងអក្សរបោះពុម្ពដោយរៃយំ (រូបភាពពី ល. ព្រាប ចាន់ម៉ារ៉ា)៖
វីដេអូអំពីការនេសាទត្រីដោយប្រើបក្សី Cormorant៖
អត្ថបទដែលទាក់ទង៖
- Said by Vann: ឍាមរា? គម្រូអាក្រក់មនុស្សជំនាន់មុន
- Wikipedia: The dodo (Raphus cucullatus)
- Wikipedia: The great cormorant (Phalacrocorax carbo)
- Wikipedia: Cormorant fishing
- Wikipedia: Hamsa (bird)
- Wikipedia: Swan
- Wikipedia: Goose
- Differences between a Swan and a Goose