កំណត់ហេតុ ជីវ តាក្វាន់


យោបល់​អ្នក​បក​ប្រែ

កំណត់​ហេតុ​របស់​ ជីវ តាក្វាន់ អំពី​ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា ដែល​មិត្ត​អ្នក​អាន​កំពុង​អាន​​នេះ ពិត​ជា​ឯកសារ​ពិសិដ្ឋ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ។

សៀវភៅ​ ប្រវត្តិវិទ្យា ឬ​អត្ថបទ​ណា​មួយ​ដែល​ស្ដី​ពី​ស្រុកខ្មែរ​មិន​ដែល​ចន្លោះ​ឈ្មោះ​ ឯកសារ ជីវ តាក្វាន់ នេះ​ឡើយ ។ កូន​ខ្មែរ​គ្រប់​រូប​រៀន​ប្រវត្តិ​ប្រទេស​របស់​ខ្លួន​មិន​ដែល​នរណា​មួយ​មិន​ ស្គាល់​ឈ្មោះ ជីវ តាក្វាន់ ទេ ប៉ុន្តែ​ការ​ដែល​យើង​ស្គាល់​នោះ សុទ្ធ​តែ​លឺ​ពាក្យ​ត​ៗ​គ្នា កត់​ចម្លង​​តៗ​គ្នា ពី​សៀវភៅ​មួយ​ទៅ​សៀវភៅ​មួយ តាម​រយៈ​សៀវភៅ​ដើម​ជា​ភាសា​បារាំង​ដែល លោក Paul Pelliot បាន​ប្រែ​សម្រួល​ចេញ​ពី​អត្ថបទ​ភាសា​ចិន ហើយ​បោះពុម្ព​ផ្សាយ ដំបូង​ក្នុង​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង​ចុង​បូព៌ា Bulletin de l’ école Francaise d’ Extrème-Orient (BEFEO) ពី​ឆ្នាំ ១៩០២ ហើយ​ក្រោយ​មក​ពេល​ដែល ​លោក Pelliot ទទួល​មរណភាព​ទៅ លោក George Coedes ក៏​យក​ស្នា​ដៃ​នេះ មាន​ទាំង​បទ​អត្ថាធិប្បាយ​បន្ថែម​ក្បោះក្បាយ​ផង​ទៅ​បោះពុម្ព​រួប​រួម​ជា​ សៀវភៅ​មួយ​ឡើង​ពី គ.ស ១៩៥១ ។ ​លោក Pelliot បាន​បញ្ជាក់​ក្នុង អារម្ភកថា ថា​លោក​បាន​ព្យាយាម​បកប្រែ​តាម​ការ​ស្រាវជ្រាវ​រក​ឯកសារ​របស់ ជីវ​ តាក្វាន់ ដែល​មាន​លោក Albert Rémusat បាន ​ប្រែ​ផ្សាយ​ម្ដង​ហើយ​ពី គ.ស ១៨១៩ ប៉ុន្តែ​មិន​ទាន់​គ្រប់​សព្វ ។ ខ្លួន​លោក​បាន​ទៅ​នៅ​ ប្រទេស​ចិន អស់​ច្រើន​ឆ្នាំ ទើប​ប្រែ​បាន​ជា​ស្នាដៃ​នេះ ។

យើង​ជា​ខ្មែរ យើង​សូម​គោរព​អរគុណ​ពិសេស​ចំពោះ​លោក​អ្នក​ស្រាវជ្រាវ​ជំនាញ​ទាំង​នេះ ទុក​ដូច​ជា​ជួយ​រើ​កកាយ​កំណប់​ដ៏​មាន​តម្លៃ​មួយ​អោយ​យើង​ដែរ ប៉ុន្តែ​ដោយ​លោក​អ្នក​ប្រែ​នោះ​ឯង​មិន​មែន​ជា​ខ្មែរ ម៉្លោះ​ហើយ​យើង​ចេះ​តែ​មាន​ចិត្ត​តូច​មួយ​មមៃ​នឹក​ជា​និច្ច​ថា ប្រសិន​ជា​ខ្មែរ​ណា​ប្រែ​ចេញ​ពី​អត្ថបទ​ភាសា​ចិន​ផ្ទាល់​តែ​ម្ដង យើង​ដូច​ជា​អស់​ចិត្ត​ជាង ទោះ​បី​ការ​បកប្រែ​នោះ​មិន​ជ្រៅជ្រះ​ឆ្អិនឆ្អៅ​ណាស់​ណា​ក៏​ដោយ។

ខ្ញុំ​​ធ្លាប់​បាន​រៀន​អក្សរ​ចិន​អស់​បួន​ឆ្នាំ កាល​នៅ​ពី​ក្មេង​តែ​ភ្លេចភ្លាំង​ទៅ​វិញ​ស្ទើរ​គ្មាន​សល់ នៅ​ចាំ​បាន​តែ​តួ​អក្សរ​ណា​ធ្លាប់​ប្រើ​ញឹក​ញាប់​ និង​នៅ​ចេះ​សរសេរ​ចម្លង​តាម​គេ​កើត ។ ទាំង​ពាក្យ​ទាំង​អក្សរ​ចិន​មក​​បញ្ជាក់​ផង ដូច​ជា​ឈ្មោះ​ស្រុក ឈ្មោះ​របស់ ឈ្មោះ​ការ​ផ្សាយ​ជា​ដើម ខ្ញុំ​ក៏​ចេះ​តែ​កត់​ទុក​ៗ នូវ​អក្សរ​ចិន​ទាំង​នោះ​គ្រាន់​ជា​ឯកសារ ។

សំណាង​មាន​ នៅ​ឆ្នាំ ១៩៦២ ខ្ញុំ​បាន​ទទួល​បេសកកម្ម​មួយ​ខាង​វប្បធម៌​ឲ្យ​​ខ្ញុំ​ដឹកនាំ​គណៈប្រតិភូ​អ្នក​និពន្ធ​ខ្មែរ​ទៅ​កាន់ ប្រទេស​ចិន ។ ខ្ញុំ​នឹក​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​ថា ក្នុង​ដំណើរ​នេះ ខ្ញុំ​នឹង​សាកសួរ​គេ​រក​ឯកសារ​ស្នាដៃ ជីវ តាក្វាន់ ឲ្យ​បាន​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្ដង​បំណាច់​បាន​មក​ជាន់​ដី​ស្រុក​កំណើត ជីវ តាក្វាន់ ហើយ ។ នៅ​ពេល​ដែល​ខ្ញុំ​ជួប​សន្ទនា​ជា​មួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ចិន ដែល​កាល​នោះ​​ជា​ប្រធាន​សមាគម​អ្នក​និពន្ធ​ចិន​ផង​នោះ ខ្ញុំ​បាន​ស្នើ​នឹង​គេ​អំពី​បំណង​ចង់​ឃើញ និង​ចង់​ចម្លង​ឯកសារ ជីវ​ តាក្វាន់ នេះ ។ រដ្ឋមន្ត្រី​វប្បធម៌​នោះ​ឯង​ទទួល​រ៉ាប់រង​បំពេញ​បំណង​ខ្ញុំ ។ យប់​នោះ​ខ្ញុំ​អរ​ក្រៃលែង អរ​បន់​ឲ្យ​តែ​ភ្លឺ​ឆាប់​នឹង​បាន​ទៅ​ទស្សនា​បណ្ណាល័យ​ជាតិ​របស់​គេ តែ​មិន​ទាន់​បាន​ទៅ​ភ្លាម​ទេ​ព្រោះ​មាន​កម្មវិធី​ទៅ​ទស្សនា​ទី​ឆ្ងាយ​ៗ ពី​នេះ​សិន ។ ទាល់​តែ​ប្រាំ​ថ្ងៃ​ក្រោយ​មក ទើប​គេ​នាំ​ខ្ញុំ​ទៅ​កាន់​ទី​ទុក​ឯកសារ​នេះ ដែល​គេ​ហៅ​ថា ផ្នែក​ខាង​សៀវភៅ​កម្រ ស្ថិត​នៅ​ក្នុង​បណ្ណាល័យ​ជាតិ ក្រុង​ប៉េកាំង ។ នាយក​បណ្ណាល័យ​នាំ​សហការី​គេ​ពីរ​នាក់​ទៀត​នៅ​រង់​ចាំ​ខ្ញុំ គឺ​នាយ​ផ្នែក​ខាង​សៀវភៅ​កម្រ និង​អ្នក​ឯកទេស​ខាង​ការស្រាវជ្រាវ​ប្រវត្តិ​ចុងបូព៌ា​ប្រទេស ឈ្មោះ ទា ស៊ីវ ម៉េង អាយុ​ ៦៩​ឆ្នាំ ។ គឺ​លោក ទា ស៊ីវ ម៉េង នេះ​ហើយ​ដែល​បាន​រើ​សៀវភៅ​ក្រាស់​ៗ មួយ​គំនរ មក​ចាំ​បង្ហាញ​ខ្ញុំ​ដែល​សុទ្ធ​សឹង​ជា​សៀវភៅ​មាន​ស្ដី​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​សុទ្ធ​តែ​សៀវភៅ​ដែល​បោះពុម្ព​តាំង​ពី​សតវត្ស​ទី ១៤, ១៥, ១៦ និង ១៧ មក​ម្ល៉េះ ។ គេ​សន្ទនា​នឹង​ខ្ញុំ​យ៉ាង​ច្រើន ហាក់​ដូច​ជា​ចង់​ល្បង​ថា តើ​ខ្ញុំ​ទទូច​រក​ឯកសារ​នេះ​ជា​អ្នក​ចេះ​ដឹង​ខាង​ប្រវត្តិ​ស្រុក​ទេស​មែន​ទែន ឬ​ក៏​គ្រាន់​តែ​រក​ៗ ទៅ​ទេ ? ជា​ភ័ព្វ​ល្អ ខ្ញុំ​ធ្លាប់​បាន​មើល​ឯកសារ​ច្រើន​ស្ដី​ពី​ការ​ទាក់ទង​រវាង​ស្រុក​ទាំង​ពីរ​នេះ​ហើយ មុន​នឹង​ទៅ​ស្រុក​គេ​ក៏​ខ្ញុំ​បាន​​កត់​ត្រា​ឯកសារ​នេះ​ច្បាស់​ៗ ទៀត ព្រោះ​បេសកកម្ម​ខ្ញុំ ចំ​លើ​រឿង​វប្បធម៌​នេះ​ឯង​ផង ម៉្លោះ​ហើយ​ខ្ញុំ​ឆ្លើយ​នឹង​គេ​​រហ័សរហួន​ណាស់ រហូត​គូ​សន្ទនា​ទាំង​បី​នាក់​នោះ នាំ​ខ្ញុំ​ទៅ​ជួប​នឹង​បណ្ឌិត​សភា​ខាង​ប្រវត្តិសាស្ត្រ​ទៀត ។

ក្នុង​បណ្ដា​សៀវភៅ​ក្រាស់​ៗ ទាំង​នេះ មាន​ខ្លះ​និយាយ​ពី​ស្រុក​យើង​តែ ១ ឬ ២ ទំព័រ​ប៉ុណ្ណោះ​ទេ មាន​តែ​មួយ​ប៉ុណ្ណោះ​ដែល​មា​ន​សេចក្ដី​វែង​ក្បោះក្បាយ គឺ​ប្រវត្តិ​ក្នុង​រាជ​សន្តតិវង្ស ម៉ុងហ្គោល ដែល​មាន​មួយ​ភាគ​ធំ​និយាយ​ពី​ការ​ចាត់​អ្នក​កត់​ត្រា​មក ស្រុក​ចេនឡា គឺ​លោក ជីវ តាក្វាន់ នេះ​ឯង ។ ខ្ញុំ​សុំ​ចម្លង​អត្ថបទ​នេះ​ទាំង​ស្រុង​ដែល​មាន​ចំនួន ៦៣ទំព័រ គេ​ក៏​ព្រម​ថត​ចម្លង​អត្ថបទ​នេះ​ឲ្យ​ខ្ញុំ​បាន​ជា​ហ្វ៊ីល​មួយ​ខ្សែ​វែង ។ លុះ​មក​ដល់​ស្រុក​វិញ ខ្ញុំ​ផ្ដិត​ចេញ​ជា​សន្លឹក​អក្សរ​ហើយ តែ​អនិច្ចា! នៅ​តែ អង្គុយ​មើល​ៗ វាយ​សេចក្ដី​មិន​បែក​សោះ ។ ខ្ញុំ​បាន​យក​អក្សរ​ថត​ផ្ដិត​នេះ​បិទ​ធ្វើ​ជា​សៀវភៅ​មួយ ហើយ​យក​ទៅ​តម្កល់​ទុក​នៅ​សមាគម​អ្នក​និពន្ធ​ខ្មែរ ព្រោះ​សង្ឃឹម​ក្រែង​ថ្ងៃ​ក្រោយ​មាន​លោក​ណា​មួយ​ក្នុង​បណ្ដា​អ្នក​និពន្ធ​អ្នក​ស្រាវជ្រាវ​អាច​ធ្វើ​ការ​បកប្រែ​អត្ថបទ​នេះ​បាន ។ ស្រាប់​តែ​ពីរ​ឆ្នាំ​ក្រោយ​មក បាត់​សៀវភៅ​នោះ​ជា​អាសាបង់​ទៅ សួរ​រក​ដើម​ចុង​មិន​ឃើញ ខ្ញុំ​នឹក​ថា «អ្នក​ដែល​ឆ្លៀត​បំបាត់​សៀវភៅ​នេះ ពិត​ជា​មាន​បំណង​យក​ទៅ​ធ្វើ​ឯកសារ​ផ្ទាល់ ឬ​មួយ​លាក់​កំបាំង​កុំ​ឲ្យ​យើង​ធ្វើ​ការ​បកប្រែ​​បាន» ។ តែ​សំណាង​ល្អ​ខ្ញុំ​នៅ​សល់​ហ្វ៊ីល​ក៏​ផ្ដិត​បាន​មួយ​ច្បាប់​ទៀត ហើយ​ក៏​ចាត់​ចែង​បកប្រែ​បោះពុម្ព​អោយ​បាន ទោះ​មិន​ទាន់​ម៉ត់ចត់​​ក៏​បាន​ជា​ផ្លូវ​​សម្រាប់​អ្នក​សិក្សា អ្នក​ស្រាវជ្រាវ​មួយ​ផ្នែក​ធំ​ដែរ ។ មួយ​ទៀត​សម្រាប់​អ្នក​សិក្សា​បានជា​ប្រភព​មួយទៀត​ប្រៀបធៀប​នឹង​ប្រភព​ដទៃ​ៗ ផង ។ ការ​បកប្រែ​នេះ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​យ៉ាង​ខ្លាំង ព្រោះ​ខ្ញុំ​ត្រូវ​ការ​ពឹង​រក​អ្នក​ចេះ​អក្សរ​ចិន ហើយ​របៀប​ចិន​បុរាណ​ទៀត ឯ​អ្នក​ចេះ​ចិន​សម័យ​ថ្មី​អាន​មិន​យល់​ច្បាស់​វាយ​សេចក្ដី​ពុំ​បាន​ន័យ​ឡើយ ។ មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ អ៊ឹង ឡាយ ជា​អ្នក​និពន្ធ​ប្រលោមលោក​ច្រើន​រឿង​ដែរ តាំង​ពី​ឆ្នាំ ១៩៥៥ – ៥៦ ហើយ​ត​មក​គាត់​ជា​អ្នក​ឯកទេស​ប្រែ​រឿង​ភាពយន្ត​ចិន ទោះ​ជា​រឿង​បុរាណ​ដែល​ប្រើ​ពាក្យ​ជំនាន់​ចាស់​ៗ ក៏​គាត់​ធ្លាប់​ជួប​ប្រទះ​គ្មាន​សល់ ។ មិត្ត អ៊ឹង ឡាយ បាន​ធានា​ជួយ​ខ្ញុំ​ពេញ​កម្លាំង ។ លោក​ប្រែ​អត្ថបទ​នេះ​មួយ​ចប់​ឲ្យ​ខ្ញុំ ហើយ​ត្រង់​ពាក្យ​ណា​ពិបាក​ពេក​គាត់​ដេញ​សួរ​ទៅ​វចនានុក្រម​ចិន ហើយ​កត់​ទាំង​ពាក្យ​ពន្យល់​ទុក​​ឲ្យ​ខ្ញុំ​ផង ។ មាន​មិត្ត​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ ម៉ា អៀត ធ្លាប់​ធ្វើ ជា​គ្រូបង្រៀន​អក្សរ​ខ្មែរ​នៅ​សាលា​ចិន ក៏​បាន​ជួយ​បកប្រែ​ខ្ញុំ​មួយ​ចំណែក​ផ្សេង​ទៀត​ដោយ​អន្លើ​ខ្លះ មិន​បាន​ចប់​ចុង​ចប់​ដើម​ទេ ។ ខ្ញុំ​យក​សំណៅ​បកប្រែ​ទាំង​ពីរ​នេះ​មក​មើល សម្រួល​កែកុន​ផ្សំ​បញ្ចូល​គ្នា ដោយ​ផ្ទៀងផ្ទាត់​ខ្លះ​ជា​មួយ​អក្សរ​ចិន​ជា​អត្ថបទ​ដើម ដែល​ខ្ញុំ​មើល​បាន​ដោយ​អន្លើ​ៗ ផ្សែផ្សំ​ផង ហើយ​ខ្ញុំ​ផ្ទៀង​ជា​មួយ​នឹង​ស្នាដៃ​ប្រែ​របស់ លោក Pelliot ជា​ភាសា​បារាំង​ទៀត ។ ប៉ុន្តែ​នៅ​តែ​មិន​អស់​ចិត្ត។ លុះ​ថ្ងៃ​មួយ ខ្ញុំ​ជួប​គ្រូ​ចាស់​ខ្ញុំ​ដែល​ឥលូវ​អាយុ ៧១ឆ្នាំ​ ហើយ ឈ្មោះ​ លោក តាំង ស៊ុយគង់ ។ កាល​​ខ្ញុំ​រៀន​អក្សរ​ចិន (១៩៤០) លោក​ជា​សាស្ត្រាចារ្យ​ខាង​អក្សរសាស្ត្រ ធ្លាប់​ចេះ​ចាំ​រឿង​ព្រេង​សព្វ​គ្រប់ ជា​អ្នក​សិក្សា​ដោយ​ខ្លួន​ឯង​តាម​របៀប​ចិន​បុរាណ ។ ឥលូវ​លោក​រស់​នៅ​ជា​មួយ​កូន​ចៅ ដែល​សុទ្ធ​សឹង​ជា​មន្ត្រី​រាជការ​យើង​ខ្លះ និង​ខ្លះ​ជា​អ្នក​ជំនួញ ។ ខ្ញុំ​ស្នើ​សុំ​ឲ្យ​គាត់​ជួយ​ផ្ទៀង​ជា​មួយ​​ខ្ញុំ ។ លោកតា​ទទួល​ដោយ​រីករាយ​ពេញ​ចិត្ត​នឹង​កិច្ច​ការ​នេះ ដូច​មិត្ត​ខ្ញុំ​ទាំង​ពីរ​ខាង​លើ​ដែរ ។ គាត់​ពន្យល់​ខ្ញុំ​ម្ដង​មួយ​វគ្គ​ៗ ខ្ញុំ​ផ្ទៀង​មើល​តើ​ត្រូវ​ន័យ​សព្វ​គ្រប់​ដូច​សេចក្ដី​ប្រែ​របស់​ខ្ញុំ​ឬ​ទេ ? បើ​ខ្វះ​ខ្លះ​ខ្ញុំ​ក៏​បន្ថែម ​បើ​មិន​ងាយ​យល់​ខ្ញុំ​ក៏​ធ្វើ​ន័យលក្ខណៈ ពន្យល់​ខាង​ក្រោម​តាម​គាត់​ប្រាប់ ។ អស់​រយៈ​បី​ខែ​ទៀត ទើប​បាន​សម្រេច​យក​សេចក្ដី​បាន ហើយ​ដែល​ចាត់​ការ​បោះពុម្ព​ពេល​នេះ ។

ម្យ៉ាង​ទៀត អំពី​សំនៀង​ភាសា​ចិន​មាន​ច្រើន​យ៉ាង​តាម​គ្រាម​ភាសា​ដូច​ជា​ ភាសា​ប៉េកាំង ស៊ាងហៃ កន្តាំង ទាជីវ ហុកកៀន ៘ ខ្ញុំ​សូម​បញ្ជាក់​ថា លោក ជីវ តាក្វាន់ មាន​ដើម​កំណើត​នៅ​ វ៉េងតា ខែត្រ​ជាក់កាង ក្នុង​ភូមិ​ភាគ​ចិន​ខាង​ត្បូង ។ ដូច្នេះ​សំដី​ភាសា​លោក​ក៏​ពិសេស​តាម​ស្រុក​នោះ​ដែរ ។ តែ​មក​ដល់ ប្រទេស​ចេនឡា គ្មាន​ចិន​ស្រុក​គាត់​មក​នៅ​ទេ មាន​តែ​ចិន ខែត្រ​គង់ទុង រឺ ក្វាង​តាំង ខ្មែរ​យើង​ធ្លាប់​ហៅ ចិនកន្តាំង ចិនទាជីវ នេះ​ឯង​មក​រស់​នៅ។ ម៉្លោះ​ហើយ​សំឡេង ពាក្យ​ដែល​គាត់​ប្រែ​ពី​ខ្មែរ​ទៅ​ពិបាក​ស្ដាប់​ណាស់ ព្រោះ​តាម​សំនៀង​ ពួក​កន្តាំង និង ទាជីវ ជា​អ្នកប្រែ​ឲ្យ​គាត់​ផង និង​តាម​សំនៀង​ភាសា​ផ្ទាល់​របស់​ស្រុក​កំណើត​គាត់​ផង ។ ក្នុង​ការ​បកប្រែ​នេះ យើង​ខ្ញុំ​សម្រេច​គ្នា​ថា យក​តាម​សំនៀង​ ចិនទាជីវ ជា​គោល​ព្រោះ​មាន​តែ ចិនទាជីវ ទេ ដែល​រស់​នៅ​ភាគ​ច្រើន​លើសលប់​គេ​ក្នុង ស្រុកខ្មែរ ហើយ​អ្នក​ចេះ ភាសា​ចិន ឬ​ក៏​ពាក្យ​ខ្មែរ ខ្លះ​ដែល​ក្លាយ​មក​ពី​ចិន​សុទ្ធ​តែ​អាន​តាម​សំនៀង ចិនទាជីវ ទាំង​អស់ ។

ដូច្នេះ​ខ្ញុំ សូម​អភ័យ​ទោស​ជា​មុន​ពី​សំណាក់​លោក​អ្នក​ដែល​ចេះ​ចិន​ជ្រៅជ្រះ ក្រែង​លោ​​ខ្ញុំ និង​គី​គ្នា​ខ្ញុំ ផ្សំ​គ្នា​ប្រែ​នេះ​មិន​ទាន់​សព្វ​គ្រប់​ខ្វះ​ចន្លោះ​ពាក្យពេចន៍ ។

ភ្នំពេញ ខែ​មិថុនា គ.ស. ១៩៧១
លី ធាមតេង

***

មាតិកា​អត្ថបទ ៖

  1. កំណត់​ហេតុ​ ជីវ តាក្វាន់ ៖ សេចក្ដី​ផ្ដើម
  2. កំណត់​ហេតុ​ ជីវ តាក្វាន់ (១) ៖ បរិវេណក្រុង
  3. កំណត់​ហេតុ ជីវ តាក្វាន់ (២) ៖ ដំណាក់លំនៅស្ថាន, សំលៀកបំពាក់ និង​គ្រឿងអលង្ការ
  4. កំណត់ហេតុ ជីវ តាក្វាន់ (៣) ៖ មន្ត្រី, លទ្ធិសាសនាបីបែប
  5. កំណត់​ហេតុ ជីវ តាក្វាន់ (៤) ៖ អ្នកស្រុក, ស្រ្តីសម្រាលកូន
  6. កំណត់​ហេតុ ជីវ តាក្វាន់ (៥) ៖ ស្រីក្រមុំ, ទាសាទាសី
  7. កំណត់​ហេតុ ជីវ តាក្វាន់ (៦) ៖ ភាសា, មនុស្សព្រៃ, អក្សរសាស្រ្ត
  8. កំណត់​ហេតុ​ ជីវ​ តាក្វាន់ (៧) ៖ ពិធីបុណ្យចូលឆ្នាំ, ការកាត់ក្ដី
  9. កំណត់​ហេតុ​ ជីវ តាក្វាន់ (៨) ៖​ ជំងឺស្រែង, មរណភាព, ការ​ភ្ជួរដាំ,​ ទឹកដី
  10. កំណត់​ហេតុ​ ជីវ តាក្វាន់ (៩) ៖ ផលានុផល, ជំនួញ, ទំនិញ​ដែល​គេ​ត្រូវការ
  11. កំណត់​ហេតុ ជីវ តាក្វាន់ (១០) ៖ ស្មៅ និង​ដើម​ឈើ, សត្វស្លាប,​ សត្វជើងបួន, បន្លែបង្ការ, ត្រី និង ល្មូន
  12. កំណត់​ហេតុ ជីវ តាក្វាន់ (១១) ៖​ ការបិទស្រា, អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី, ដង្កូវនាង និង ដើមមន, ប្រដាប់ប្រដាប្រើប្រាស់, រទេះ​ និង អង្រឹងស្នែង
  13. កំណត់​ហេតុ ជីវ តាក្វាន់ (១២) ៖ ទូក និង ច្រវា, ខែត្រ, ស្រុក និង ភូមិ, ប្រម៉ាត់ប្រម៉ង់, រឿង​ចម្លែក, ការងូតទឹក
  14. កំណត់ហេតុ ជីវ តាក្វាន់ (១៣) ៖ អន្តោប្រវេសន៍, កងទ័ព, ការយាងចេញនៃព្រះមហាក្សត្រ
  15. កំណត់​ហេតុ ជីវ តាក្វាន់ ៖ ពន្យល់ពាក្យ

4 Responses to កំណត់ហេតុ ជីវ តាក្វាន់

  1. botrakhmer និយាយថា៖

    សួស្ដីម្ចាស់ប្លុក។ អោយ​ខ្ញុំ​សុំ​អនុញ្ញាត​សុំ​អត្ថបទដើមមួយច្បាប់បានទេ? ខ្ញុំ​ខ្ជិល copy.😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s