អំពី​ករណីលួច​ចម្លាក់លើជញ្ជាំងនៅបន្ទាយឆ្មារ (១៩៩៩)


បក​ប្រែពី​អត្ថបទ​ដើម៖ BANH, Paul. G. Khmer artefacts return to Cambodia. in: Antiquity Volume 74 – Issue 286 – December 2000, p. 753

ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃ​ទី៣១ ខែ​មិនា​ ឆ្នាំ២០០០ សារមន្ទីរ​ជាតិ​បាងកក​ បាន​ប្រារព្ធ​ពិពណ៌​ពិសេស​មួយ​ក្រោម​ប្រធាន​បទ​ថា «វត្ថុ​សិល្បៈ​ខ្មែរ​ដែល​ប្រគល់​ជូន​ប្រទេស​កម្ពុជា​វិញ»។ រូប​មួយ​ចំនួន​ដែល​មាន​បង្ហាញ​នៅ​ខណៈ​នោះ​មាន​ដូច​ជា រូប​ចម្លាក់​ក្រឡោត​ទាប​លើ​ជញ្ជាំងដែល​ផ្គុំ​ឡើង​វិញ។ រូប​ទាំង​នេះ​មាន​ប្រភព​មក​ពី​ប្រាសាទ​បន្ទាយ​ឆ្មារ​ដែល​សង់​ឡើង​នៅ​សតវត្ស​ទី១២ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឡាន​មួយ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​ទៅ។ ប្រាសាទ​បន្ទាយ​ឆ្មារ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ហើយ​ជា​ញឹកញយ​​បង្ហាញ​វត្ថ​មាន​ក្នុង​សៀវភៅ​នានាជា​សំណេរ ឬ​ជា​រូប​ភាព ដូច្នេះ​នាំ​ឱ្យ​គេ​ស្គាល់​ចម្លាក់​ក្រឡោត​ទាប​លើ​ជញ្ជាំង​ប្រាសាទ​នេះ​យ៉ាង​ច្បាស់។

វត្ថុ​សិល្បៈ​ខ្មែរ​ជា​គោល​ដៅ​នៃ​ការ​លួច​ប្លន់​ជីកគាស់​កកាយ​នៃ​ក្រុម​ឈ្មួញ​ទុច្ចរិត​យូរ​មក​ហើយ​ ដោយ​ពួក​ឈ្មួញ​ទាំង​នោះ​ជា​ធម្មតា​បញ្ជូន​វត្ថុ​សិល្បៈ​ទាំង​នោះ​ទៅ​​ហាង​លក់​វត្ថុ​បុរាណ និង​អ្នក​រក្សា​ទុក​វត្ថុសិល្បៈ​ឯកជននានា​នៅ​ប្រទេស​ថៃ មុន​នឹង​ចែកចាយ​បន្ត​​ទៅ​ទីតាំង​ដទៃ​ទៀត បើ​ទោះ​ជា​មាន​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​នៅ​ឆ្នាំ១៩៩០ នៅ​ប្រទេស​ថៃ​ក្ដី។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក (ទល់នឹង​ឆ្នាំ២០០០) នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​បាន​​រក​ឃើញ​វត្ថុ​សិល្បៈ​ខ្មែរ​ចំនួន១២២ ដែល​ត្រូវ​បាន​លួច​ពី​ប្រទេស​កម្ពុជា ជា​ពិសេស​បំណែកទាំង១១៨​ផ្ទាំង​ដែល​គេ​លួច​ចេញ​ពី​ប្រាសាទ​បន្ទាយឆ្មារ រួម​មាន​ទាំង​ចម្លាក់​ក្រឡោត​ទាប​លើ​ជញ្ជាំង​ដែល​មាន​រូប​ព្រះ​លោកេសូរ​ដៃ៦ និង​​ដៃ​១០ និង​ជាពិសេស​សិលាចារឹក​មួយ​និយាយ​ពី​សង្គ្រាម​ខ្មែរនិង​ចាម​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វម៌្ម​ទី៧។ រដ្ឋាភិបាល​​ថៃ​បាន​ប្រកាស​ថា ពួកគេ​នឹង​បញ្ជូន​មក​វិញ​នូវ​រាល់​វត្ថុ​ដែល​​បង្ហាញ​ក្នុង​ពិពណ៌នេះ​ រួម​ទាំង​ចម្លាក់​ធ្វើ​ពី​ថ្ម​ភក់​ ៤ដុំ​ទៀត មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ពិពណ៌​នេះ​ចប់​សព្វគ្រប់​ ដើម្បី​បង្ហាញ «​កាយ​វិការ​ស្មោះត្រង់​​នៃ​មនុស្ស​ជាតិ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង ដើម្បី​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ដែល​ជា​ចំណុច​ស្នូល​នៃ​អារ្យធម៌​អាស៊ីអាគ្នេយ៍»។

ចម្លាក់ក្រឡោតទាប​លើ​ជញ្ជាំង​នៃ​ប្រាសាទ​បន្ទាយ​ឆ្មារ

អាន​បន្ថែម៖

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក, អត្ថបទ​ បុរាណ​វិទ្យា and tagged , , , , , . Bookmark the permalink.

សាសង