តំបន់ជើងឯកស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ ចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រ តាមបណ្ដាយផ្លូវជាតិលេខ ២ ។ មនុស្សម្នាគ្រប់គ្នាស្គាល់ឈ្មោះជើងឯកនេះថាជា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជាកន្លែងដែលគេសម្លាប់មនុស្សរាប់ពាន់នាក់នៅសម័យកម្ពុជាប្រជាធិបតេយ្យ ។ ក្នុងអត្ថបទដ៏ខ្លីនេះ ខ្ញុំចង់បង្ហាញមិត្តអ្នកអានអំពីសំណល់ប្រវត្តិសាស្ត្រផ្សេងៗ ទៀតដែលមាននៅតំបន់ជើងឯក ដូចជាសំណល់ប្រាសាទសម័យមុនអង្គរមួយនៅក្នុងបរិវេណវត្តជើងឯកសព្វថ្ងៃ, ឡកុលាលភាជន៍ដែលមានចំនួនច្រើន និងភូមិមូលមួយ ។
វត្តព្រះបាទជាន់ឯក ឬហៅដោយខ្លីថា វត្តជើងឯក មានទីតាំងស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ នៅក្នុងបរិវេណវត្តនេះមានបន្សល់ទុកនូវសំណល់បុរាណវត្ថុមួយចំនួនដូចជា ផ្ដែរធ្វើពីថ្មភក់ក្នុងរចនាបថកំពង់ព្រះ (ដើមសតវត្សទី ៨), ក្បាច់ត្របកឈូកនៅកាំជណ្ដើរ, ជើងទម្រ, ថ្មស្រទាប់ និងសន្លឹកសីមាមួយចំនួន ។ នៅក្នុងសៀវភៅរបស់លោក Etienne Aymonier, Le Cambodge: Le Royaume Actuel, Tome I, 1900, ទំព័រ 50 បានសរសេរពីវត្តជើងឯកថា «វត្តជើងអង ឬជើងឯក, មានសល់សំណល់បុរាណវត្ថុជាច្រើន បំណែកជើងទម្រ និងស៊ុមទ្វារ, ដុំឥដ្ឋដីដុតទំហំ 28 x 16 x 7 cm ជាពិសេស សសរពេជ្ររាងមូលទំហំតូចចំនួនមួយ មិនសូវស្អាត តែមានក្បាច់រចនាគួរឲ្យចាប់អារម្មណ៍ ។ សសរពេជ្រនេះ បច្ចុប្បន្នដាក់តាំងនៅសារមន្ទីរជាតិ ។»

សសរពេជ្រវត្តជើងឯក (សារមន្ទីរជាតិ)
ក្រៅពីប្រាសាទធ្វើអំពីឥដ្ឋ ដែលរលាយបាត់រូបទៅហើយនោះ (អ្នកស្រាវជ្រាវគ្រប់គ្នាជឿថាវត្តបច្ចុប្បន្នសាងសង់ពីលើគ្រឹះប្រាសាទ ដូចដែលយើងឧស្សាហ៍ឃើញនៅតំបន់នានាពាសពេញផ្ទៃប្រទេស) គេក៏ប្រទះឃើញសិលាចារឹកមួយផងដែរ ជាសិលាចារឹកសម័យមុនអង្គរ ចុះលេខបញ្ជីK.426(សូមអានបំណកប្រែសិលាចារឹកនៅតំណភ្ជាប់លេខ ៦ នៅចុងអត្ថបទ) ។ នៅតំបន់ជើងឯក ក៏ជាតំបន់ផលិតកុលាលភាជន៍ដ៏ធំមួយផងដែរ តាំងពីសម័យមុនអង្គរ រហូតដល់សម័យអង្គរ ។
តាមការស្រាវជ្រាវរបស់លោក ផុន កសិកា អ្នកបុរាណវិទ្យាធ្វើការនៅ រាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញឡសារុបចំនួន ៦៧ ឡ ដែលត្រូវបានធ្វើកំណាយស្រាវជ្រាវជាបន្តបន្ទាប់ ។ ជាមួយគ្នានោះផងដែរ ក៏មានអត្ថិភាពភូមិមូលមួយយ៉ាងធំ ដែលសព្វថ្ងៃក្លាយជាវាលស្រែរបស់អ្នកស្រុក (រូបខាងក្រោម) ។ ជាទូទៅ ភូមិមូល ជាភូមិបុរេប្រវត្តិ ប៉ុន្តែភូមិមូលមួយនេះ ហាក់មិនមានបន្សល់ទុកនូវភស្តុតាងសំណល់បុរេប្រវត្តិនោះទេ គឺមានតែទួលឡ និងកម្ទេចកម្ទីកុលាលភាជន៍តែប៉ុណ្ណោះ ។
សារុបសេចក្ដី តំបន់ជើងឯក ជាតំបន់ដែលមានមនុស្សរស់នៅយូរមកហើយយ៉ាងហោចណាាស់ក៏ ២.០០០ ឆ្នាំមុនបច្ចុប្បន្នដែរ ហើយបន្តរីកធំធាត់ក្លាយជាតំបន់ឧស្សាហកម្មផលិតកុលាលភាជន៍មួយយ៉ាងធំ និងជាតំបន់មួយដែលមានមនុស្សរស់នៅជាប់មិនចេះដាច់ ។
***
អានបន្ថែម ៖ CEN : ដំណាក់កាលវិវត្តិន៍នៃទីក្រុងភ្នំពេញ
ប្រសិនបើចង់យល់ស្វែងយល់បន្ថែមពី ឡដុតកុលាលភាជន៍នៅជើងឯក សូមអានអត្ថបទ និងរបាយការណ៍ដូចខាងក្រោម ៖
- យសោធរ ៖ ស្ថានីយឡកុលាលភាជន៍នៅជើងឯក
- Cambodia Daily: Choeung Ek dig unearths Angkor-era kiln
- Phnom Penh Post: Ancient kiln site poised to disappear forever
- Alison Carter: Circular Earthwork Sites
- CALI: A cross-section of results from the 2015 Lidar campaign
- Facebook Page: ចំណេះដឹងខ្លះៗ អំពីសិលាចារឹកខ្មែរ ៖ សិលាចារឹកវត្តជើងឯក K.426
- បទបង្ហាញដោយលោក ផុន កសិកា អំពីឡកុលាលភាជន៍ជើងឯក .pdf