ដំណើរទៅ កោះកេរ


កាល​ពី​ថ្ងៃ​ពុធ​ ទី​១៤​ ខែមិនា ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ជា​លើក​ដំបូង។ ដំណើរ​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្ខា​សាលា​រយៈ​ពេល​ ៥ថ្ងៃ នៅ​វត្ត​ដំណាក់ ខេត្ត​សៀមរាប។ និយាយ​ដោយ​ស្មោះទៅ ដោយ​សារ​មាន​ដំណើរ​មួយ​នេះ​ហើយ ទើប​ខ្ញុំ​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​សិក្ខា​សាលា​នេះ។ ចេញ​ដំណើរ​ពី​​ទីរួម​ខេត្ត​សៀមរាប នៅ​ម៉ោង ៧ ព្រឹក​ ខ្ញុំ​ទៅ​ដល់​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ នៅ​ម៉ោង ៩ និង​៣០​នាទី ព្រឹក។ ដោយ​ពេល​វេលា​ខ្លី ខ្ញុំ​បាន​ចូល​ទស្សនា​តែ​ប្រាសាទ​​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា​ប្រាសាទ​ធំ ប្រាសាទ​ចិន ប្រាសាទ​នាង​ខ្មៅ និងប្រាសាទ​ប្រាំ។ ឯប្រាសាទ​ផ្សេងៗទៀត បាន​ត្រឹម​ជិះ​កាត់​មើល​តាម​កញ្ចក់​ឡាន​តែប៉ុណ្ណោះ។

នៅទី​នេះ​ ខ្ញុំ​បង្ហាញ​​រូប​ប្រាសាទ​ទាំង​ ៥ ដែល​ខ្ញុំ​បាន​ចូល​ទស្សនា និង​ឯកសារ​​មួយ​ចំនួន​តូច​​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រាសាទ​កោះកេរ្តិ៍​នេះ ពីព្រោះថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ទទួល​បាន​​មក​វិញ​នូវ​បដិមា​ជា​ច្រើន​ដែល​​គេ​លួច​ពី​ក្រុម​ប្រាសាទ​កោះកេរ្តិ៍​កាល​ពី​កំឡុង​ទសវត្ស ១៩៧០ ពេល​ដែល​ប្រទេស​យើង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ដែល​ជា​​​ឥទ្ធិពល​​សង្គ្រាម​ត្រជាក់។ បន្ថែម​ពីនេះ ខ្ញុំសូម​បង្ហាញ​អំពី​ផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​តំបន់​នេះ។ ឈ្មោះ​តំបន់​នេះ​ក្នុង​សិលាចារឹក​សរសេរ​ជា​ «ឆោកគគ៌្យរ» ដែល​មានន័យ​ថា «ស្ទឹង​គគីរ» ហើយ​ប្រហែល​ជា​ឈ្មោះ «គគីរ» នេះ​ហើយ​ដែល​អ្នកស្រុក​ហៅ​ក្លាយ​​ផង បារាំង​សេស​កត់​សូរ​មិន​ត្រូវ​ផង (សរសេរជា Koh Ker) ​​ក្លាយ​ទៅ​ជា​ «កោះកេរ» ឬ «កោះកេរ្តិ៍» ហើយ​ដែល​បច្ចុប្បន្ន​ ក្រសួង​កំណត់​ឲ្យ​សរសេរ​ជា «កោះ​កែរ​» វិញ។ នៅ​ប្រកាស​ក្រោយៗ ខ្ញុំ​នឹង​ព្យាយាម​បង្ហាញ​លម្អិត​អំពី​ប្រាសាទ​និមួយៗ ​តាម​ចំណេះដឹង​ផ្ទាល់ ចំណេះ​ដឹង​ដែល​ទទួល​បាន​ពីដំណើរ​មួយ​នេះ អម​ជា​មួយ​រូប​ថត។

អានបន្ថែម៖

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ដំនើរកំសាន្ត, ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , , , . Bookmark the permalink.

2 Responses to ដំណើរទៅ កោះកេរ

  1. Pingback: ប្រាសាទធំ កោះកេរ | តាម៉ាប់ យាយម៉ាប់

  2. Pingback: រូបថត​ពីអង្គរ (២០១៨) | តាម៉ាប់ យាយម៉ាប់

សាសង