ទៅលេង អយុធ្យា


កាលពីខែ​មិថុនា​ ឆ្នា​២០១៩ ខ្ញុំ​បាន​ទៅ​ស្រុក​ថៃ​ដើម្បី​ចូល​រួម​សិក្ខា​សាលា​អំពី​ការ​សិក្សា​ និង​ការ​អប់​រំ​បុរាណ​វិទ្យា​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ខ្ញុំ​ចំណាយ​ពេល​ធ្វើ​ដំណើរ​មួយ​ថ្ងៃ ប្រជុំ​មួយ​ថ្ងៃ ឯ​ថ្ងៃ​ទី​បី​ខ្ញុំ​ឈ្លៀត​ទៅ​អយុធ្យា​ដោយ​មាន​សិស្ស​ប្អូន​ម្នាក់​រៀន​នៅ​បាង​កក​ជូន​ទៅ ហើយ​ព្រឹក​ថ្ងៃ​ទី​បួន​ឆ្លៀត​បាន​ទៅ​សារមន្ទីរ​ជាតិ​ក្រុង​បាង​កក​ មុន​នឹង​ឡើង​យន្ត​ហោះ​មក​ស្រុក​ខ្មែរ​វិញ​នៅ​ពេល​រសៀល។

ព្រឹក​ថ្ងៃ​ទី​បីនោះ​ត្រូ​វងើប​ពី​ព្រលឹម​ហើយ​ជិះ​ឡាន​ម៉ោង៧កន្លះ​ទៅ​អយុធ្យា តាម​ចាំ​សំបុត្រ​ឡាន​ដូច​ ៨.០០០៛ ទៅ ១០.០០០៛ អីហ្នឹង។ ចុះ​ពី​ឡាន​ ក៏​ជិះ​ម៉ូតូ​ឌុប​ទៅ​ទិញ​សំបុត្រ​ចូល​ឧទ្យាន​គេ​ហ្នឹង។ ថ្លៃ​សំបុត្រ​ដូច​ជា​ភ្លេច​ហើយ ពេល​មួយ​ព្រឹក​ខ្ញុំ​បាន​មើល​វត្ត​មហាធាតុ វត្ត​រាជបូរណៈ និងវត្ត​ព្រះ​រាម (ប្រហែលចាំខុស​ទេដឹង) បន្ទាប់​មកពេល​ថ្ងៃ​បាន​ទៅ​វត្ត​ស្រីសាព៌េជ្រ វត្ត​ជ័យ​វឌ្ឍនារាម និង​ចុង​ក្រោយ​វត្ត​មហេយ៉ុង នៅ​ខាង​កើត​ក្រៅកំពែង​ក្រុង។ តាម​ចាំ​ដូច​ជា​ចេញ​មក​វិញនៅ​ម៉ោង​៤​រសៀល ហើយ​មក​ដល់​បាង​កក​វិញ​នៅ​ម៉ោង​៥អី​ហ្នឹង។ នៅ​ខាង​ក្រោម​ខ្ញុំ​នឹង​សរសេរ​រៀប​រាប់​ពី​ទីតាំង​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ទៅ​ដល់។

វត្តមហាធាតុ (ថៃអានថា៖ វត្ត​មហាថាត)។ តាម​ឈ្មោះហ្នឹង ធាតុ គឺ​សម្ដៅទៅដល់ «ព្រះសារីរិកធាតុនៃ​ព្រះ​សម្មា​សម្ពុទ្ធ»។ វត្ត​នេះ​ធំ មាន​ខឿនធំ​មួយ​នៅ​ចំ​កណ្ដាល​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ ស្រោប​ឥដ្ឋ (មិនច្បាស់​ដែល​ព្រោះ​គេ​មិន​ឱ្យ​ចូល​ជិត​ផង)។ វត្ត​នេះ​មាន​ចេតិយ​ច្រូងច្រាង​ មាន​ទាំង​ចេតិយ​ដែល​ទទួល​ឥទ្ធិពល​​​ពី​​ស្រីលង្កា​ផង។ វត្ត​នេះ​ល្បី​ចំពោះ​អ្នក​ទេសចរណ៍​នោះ​គឺព្រះ​កេស​ព្រះពុទ្ធ​មួយ​អង្គ​ដែល​គៀប​ជាប់​ឫស​ដើម​ពោធិ៍។

វត្តរាជបូរណៈ (ថៃអាន​ថា វត្ត​រ៉ាចបូរណៈ) ជា​វត្ត​មួយ​ដែល​មាន​សំណង់​ទ្រវែង​ (មិនដឹង​ថាជា វិហានបោត) នៅ​ខាង​មុខ​ ប្រាង្គ ធំ​មួយ​ធ្វើ​លើ​ខឿន​ខ្ពស់។ ប្រាង្គនៅ​លើ​ឃឿន​នោះ​ បើ​យើង​មើល​ទៅនឹង​ឃើញ​ថា​ទទួល​ឥទ្ធិពល​ខ្មែរ​ ក្នុងរចនា​បថ​អង្គរ​វត្ត។

វត្តព្រះរាម (ថៃអានថា៖ វត្តព្រះរ៉ាម) ជា​សំណង់​មួយ​ដូច​វត្ត​រាជបូរណៈដែរ គឺ​មាន​សំណង់​ទ្រវែង​មួយ​​នៅ​ជាប់​និង​ប្រាង្គ តែម្ដង​សំណង់​ទ្រវែង​ស្ថិត​នៅ​ខាង​លិច។​ ប្រាង្គ​នេះ​រាង​ស្រដៀង​ប្រាង្គ​នៅ​ វត្ត​រាជបុរណៈ ដែរ តែ​មើល​ទៅ​ហាក់​ស្ដួច​ជាង​ ទំនង​ជា​ការ​វិវត្ត​នៃ​ទឹក​ដៃ និង​រចនា​បថ​ចម្លាក់​មកពេល​ក្រោយ​ទៀត។​

វត្តព្រះស្រីសាព៌េជ្រ (ថៃអានថា៖ វត្ត​ព្រះស៊ីសាន់ផេត) ជា​វត្ត​ដែល​មាន​ចេតិយ​ធំ​ចំនួន​បី​ធ្វើ​ពីឥដ្ឋ​លាប​កំបោរ​បាយ​អ​នៅ​ស្អាតជាប់​ល្អ សន្ធឹង​គ្នា​កើត​លិច។ នៅ​ខាង​លិច​ចេតិយ​នេះ មាន​ព្រះ​ភ្នែន​ធំ​មួយ​សព្វថ្ងៃ​សល់​តែ​ភ្នែន។ នៅ​ខាង​ត្បូង​វត្ត​នេះ សព្វថ្ងៃ​គេ​បាន​កសាងសំណង់ថ្មី​មួយ តម្កល់ព្រះពុទ្ធ​មួយ​ ហៅថា ព្រះមង្គល​បពិត្រ (ថៃអាន​ថា៖ ផ្រះ​មង្កនបភិត)។

វត្តជ័យវឌ្ឍនារាម (ថៃអានថា៖ វត្ត​ឆៃវឌ្ឍនារ៉ាម) វត្ត​នេះ​ស្ថិត​នៅ​ខាង​លិច​ក្រៅកំពែង​ក្រុង។ វត្ត​នេះ​ល្បី​ល្បាញ​មួយ​រយៈចុង​ក្រោយ​ដោយ​សារ​រឿង «បុព្វេសន្និវាស»។ កាល​ខ្ញុំ​ទៅ​នោះ ក៏​ឃើញ​គេតែង​ឈុត​សម័យ «អយុធ្យា» ថត​រូប​លេង​ដែរ។ សំណង់​​ចម្បង​នៃ​វត្ត​នេះ​ជា​ ប្រាង្គ​ ដែល​ទទួល​ឥទ្ធិពល​សិល្បៈខ្មែរ ក្នុង​រចនាបថ​អង្គរ​វត្ត​ ហើយ​មាន​ចេតិយ​ចំនួន​បួន​ស្ថិត​នៅអនុ​ទិស​ទាំង​បួន និង​ព័ទ្ធ​ជុំ​វិញដោយរោង​ទង​​។ នៅ​តាម​រោង​ទង​ទាំង​នោះ​មាន​តម្កល់​ព្រះ​ភ្នែន​ធ្វើ​ពី​ថ្ម​ភក់​ជា​ច្រើន។

វត្តមហេយ៉ុង (មហេយ+អង្គណ) ជា​វត្ត​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​។ វត្ត​នេះ​ខុស​ពី​វត្ត​ដទៃ​ព្រោះ​នៅ​មាន​ពុទ្ធបរិស័ទ​ទៅ​គោរព​បតិបត្តិ។ បើ​យើងចូលពីខាងកើត​ យើងនឹង​ឃើញ​សំណង់​រាង​ទ្រវែង​តែ​គ្មាន​​ដំបូល​ទេ។ នៅ​ក្រោយ​នេះ​មាន​ចេតិយ​ធំ​មួយ​ ដែល​គេ​ឆ្លាក់​ជា​រូប​ដំរី​ព័ទ្ធ​ជុំ​វិញ​ហាក់​ដូច​ដំរី​ទាំង​នៅ​ទ្រចេតិយ​នោះ​អញ្ចឹង​ឯង។

នេះជាផែនទីទីតាំងនៅ​អយុធ្យា​ដែលខ្ញុំ​បាន​ទៅទស្សនា សង្ឃឹម​ថា​នឹង​បាន​ទៅ​ម្ដងទៀត​មើល​ឱ្យ​បាន​សព្វ បន្តទៅសុខោទ័យ និងឈៀងម៉ៃ។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in កំសាន្ត​នៅ​បរទេស and tagged , , , , , . Bookmark the permalink.

សាសង