តាម៉ៅ ថ្មដុះ


កា​ល​ពី​ថ្ងៃអាទិត្យ (20) តុលា​ ខ្ញុំ​បាន​ទៅ ភ្នំ​តាម៉ៅ​ ម្ដង​ទៀត ប៉ុន្តែ​គោល​បំណង​ធំ​ គឺ​ទៅ​ស្វែង​រក​ប្រាសាទ​បុរាណ​ដែល​មាន​​ដល់​ទៅ 2 នៅ​ទីតាំង​នោះ ដែល​នៅ​ក្នុង​ឯក​សារ​បញ្ជាក់​ថា​ឈ្មោះ ប្រាសាទ​ភ្នំ​តា​ម៉ៅ និង​ប្រាសាទ​ថ្ម​ដុះ ។ ស្ថិត​នៅ​លើ​ភ្នំ​ពីរ​ដែល​នៅ​ជិត​គ្នា ប្រាសាទ​ទាំង​ពីរ​​នេះ​សាង​សង់​ឡើង​អំពី​ឥដ្ឋ​ក្រហម ហើយ​ប្រហែល​ជា​សាងសង់​នៅ​ពេល​វេលា​ជា​មួយ​គ្នា​ផង​ដែរ ។

phnom

តំបន់​ភ្នំ​តាម៉ៅ មាន​ភ្នំ​​ជា​ច្រើន​ផ្សេងៗ​ ទៀត

ប្រាសាទ​នៅ​លើ​ភ្នំ​តា​ម៉ៅ​​ បាន​ខូចខាត​អស់​ទៅ​ហើយ​ នៅ​សល់​តែ​ស៊ុម​ទ្វា​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង និង​ជញ្ជាំង​នៅ​ទិស​ខាង​កើត​តែ​ប៉ុណ្ណោះ ។ តាម​ក្មេង​ៗ ប្រាប់​ថា​ បាក់​បែក​ដោយ​សារ​ត្រូវគ្រាប់​បែក​ដែល​គេ​ទម្លាក់​មក​កាល​សម័យ​សង្គ្រាម ឯ​ការ​ពិត​ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ ។ តាម​ឯកសារ​បាន​បញ្ជាក់​ថា​ នៅ​លើ​ភ្នំ​នេះ​មាន​​ប៉ម​ពីរ ដែល​ប៉ម​មួយ​​ដែល​បាត់​បង់​រូប​រាង​ទាំង​ស្រុង​មាន​ផ្ដែរ​រូប​ ព្រះវិស្ណុ​ផ្ទំ ឯ​ប៉ម​ដែល​នៅ​សេសសល់​បន្តិច​បន្តួច​នោះ​មាន​ផ្ដែរ រឿង​កូរ​សមុទ្រ​ទឹក​ដោះ ។

ចំណែក​ឯ​ ប្រាសាទ​ថ្ម​ដុះ​ វិញ​​​ធ្វើ​ឡើង​ដើម្បី​គ្រប​លើ​ថ្ម​មួយ​ដុំ​ធំ​ដែល​ដុះ​ចេញ​ពី​កំពូល​រាប​ស្មើ​នៃ​ភ្នំ ដែល​តាម​ជំនឿ​អ្នក​ស្រុក​អាយ​ គឺ​មាន​ភាព​សក្ដិសិទ្ធិ​​ក្នុង​លក្ខណៈ​ជា​ថ្ម​អ្នកតា ឯ​តាម​ជំនឿ​​តាម​បែប​ព្រហ្មញ្ញសាសនា​ គឺ​ពិត​ណាស់​ថ្ម​ដុះ​ដ៏​ធំ​នេះ​តំណាង​ឲ្យ លិង្គ​ព្រះ​ឥសូរ ឬ​យើង​ហៅ​ថា លិង្គ​ធម្មជាតិ ។ ប្រាសាទ​នេះ​មាន​ទ្វា​បែរ​ទៅ​ទិស​ខាង​កើត និង​ទ្វា​បញ្ឆោត​នៅ​ពី​គ្រប់​ទិស ក៏ប៉ុន្តែ​ជញ្ជាំង​ខាង​លិច​ និង​ខាង​ត្បូង​បាន​បាក់​រលំ​អស់​ទៅ​ហើយ ។ នៅ​ពី​មុខ​ប្រាសាទ មាន​ផ្ដែរ​រូប​​ព្រះ​ឥសូរ​រាំ​វក់ និង​ពី​ក្រោម​នោះ​មាន​រូប​​ព្រះ​គណេស (បុត្រ​ព្រះ​ឥសូរ) និង​ទេវ​មួយ​ចំនួន ដែល​សឹក​​បាត់​អស់​នៅសល់​តែ​ស្នាម​ខ្លះៗ ល្មម​អាច​សម្គាល់​បាន ។ ​មាន​គំនូរ​សម័យ​ទំនើប​មួយ​ដែល​គេ​គូរ​ប្រហែល​ជា​ដើម​ទ.វ. ទី 90 ដែល​បច្ចុប្បន្ន​នេះ​រលុប​អស់​ទៅ​ហើយ ។ បច្ចុប្បន្ន​ប្រាសាទ​នេះ​មាន​សភាព​ស្ងាត់​ជ្រងំ​គ្មាន​ការ​ថែ​ទាំ​នោះ​ទេ ឯ​ជណ្ដើរ​ឡើង​ទាំង 2 លោក​អ្នក​ត្រូវ​ឡើង​តាម​ជណ្ដើរ​បង្កាន់​ដៃ​នាគ ពី​ព្រោះ​ជណ្ដើរ​បង្កាន់​ដៃ​ពស់ ពោរ​ពេញ​ដោយ​ស្លែ​ដែល​អាច​បណ្ដាល​ឲ្យ​រអិល​ កើត​មាន​ជា​គ្រោះ​ថ្នាក់ ។

cen1

CEN: ប្រាសាទភ្នំថ្មដុះ ពីមុខ ហើយនិង​ចំហៀង​ខាងលិច (​ម​.​ត ១៩៩៤)
[គំនូរ​សម័យ​ទំនើប​លើ​ប្រាសាទ​​ពេល​មិនទាន់​សឹក​រលុប]

cen2

CEN : ថ្ម​ធម្មជាតិ​តំណាង​លិង្គ​ព្រះ​សិវៈ និង ប្រាសាទ​ថ្មដុះ មើល​ពី​ចំហៀង (​ម​.​ត ១៩៩៩)​
[បច្ចុប្បន្នដើម​ឈើ និង​វល្លិ​ដុះ​ជុំ​ជិត]

***

អាន​បន្ថែម ៖

  1. CEN : និមិត្ត​រូប​ប្រាសាទ​ថ្ម​ដុះ នៅ​ខែត្រ​តាកែវ

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

1 Responses to តាម៉ៅ ថ្មដុះ

  1. Pingback: ហាង «មីលាក់ខ្លួន» ព្រែកតាមាក់ | តាម៉ាប់ យាយម៉ាប់

សាសង