ចម្លាក់​ទេពកថា៖ ព្រះនារាយណ៍ផ្ទំ


ព្រះនារាយណ៍ផ្ទំ ឬវិស្ណុអនន្តសាយិន (Visnu Anantasāyin) គេ​ប្រទះ​ឃើញ​ជា​ច្រើននៅក្នុង​ចម្លាក់​ខ្មែរ​ចាប់​តាំង​ពី​មុន​សម័យ​អង្គរ រហូត​ដល់​សម័យ​អង្គរ។ រូប​ខាង​ក្រោម​នេះ​បង្ហាញ​ពី​ឥទ្ធិពលទៅ​វិញ​ទៅ​មក​រវាង​​ចម្លាក់​ខ្មែរ​ក្នុងរចនាបថ​ព្រៃក្មេងនិង​ចម្លាក់ចាម​ ក្នុង​កម្លុងពេល​ជា​មួយគ្នា (សតវត្ស​ទី៧ និងទី៨)។ ចម្លាក់​ខ្មែរ​មាន​ប្រភពមក​ពីម្ដុំ​ប្រាសាទ​បាសែត ខេត្ត​បាត់ដំបង បច្ចុប្បន្ន​រក្សា​ទុក​នៅ​សារមន្ទីរជាតិ ឯ​ចម្លាក់​ចាម មាន​ប្រភព​មក​ពី​ប្រាសាទ My-Son E1 ស្ថិត​នៅភាគកណ្ដាលប្រទេសវៀតណាម ឯផ្ដែរនេះរក្សា​ទុក​នៅ​សារមន្ទីរចម្លាក់ចាម នៅដាណាង។

ចម្លាក់ខ្មែរ (ឆ្វេង) ចម្លាក់ចាម (ស្ដាំ)

ទេពកថាព្រះនារាយណ៍ផ្ទុំជាទេព​កថា​មួយដែលគេស្គាល់យ៉ាង​ច្បាស់នៅ​ក្នុង​សិល្បៈ​ខ្មែរ ជាពិសេសក្នុងចម្លាក់​ ព្រម​ទាំង​មានសិសាចារឹកបញ្ជាក់ថែមទៀត ដូចជាសិលាចារឹក​នៃ​ប្រាសាទ​​ភ្នំ បាខែង បានអត្ថាធិប្បាយថា៖ ​បទ្មនាភ (Padamanāpha) ដែលមាន​ព្រះព្រហ្មផុស​ចេញពីផ្ចិតរបស់លោក ដើម្បី​​បង្កើតលោក​ទំាងមូល​។ ទេពកថា​ព្រះនារាយណ៍​មានទំនាក់ទំនងនឹងភ្លើង​ឆេះ​កប្ប តាមការប្រែនៃអត្ថបទវាយុ (ពាយុ) បានបកស្រាយថា៖ ​គ្រោះមហន្តរាយបានចាប់ផ្តើមដោយសាររាំងស្ងួតដ៏វែង​មួយ ​ភ្លៀង​ក៏ចាប់ឈប់ធ្លាក់ដែលបណ្តាលមកពីខ្វះធម៌នៅក្នុងលោក ហើយលោក​ទាំង​មូល​ចាប់ផ្តើមឆេះ គ្រប់សត្វទាំងអស់ត្រូវស្លាប់នឹងភ្លើងឆេះ។ តាមអត្ថបទមហាភារត (Mahābhārata) បានអត្ថាធិប្បាយថា៖ នៅក្នុងពិភពលោកមានតែសមុទ្រ វត្ថុមានជីវិត និងអត់ជីវិតត្រូវបានវិនាស​អស់ នៅពេលបញ្ចប់ឆ្នាំ ៤០០០យុគ ដីនឹងលិចលង់ក្នុងទឹក។ ក្នុង​ពេលនោះ អាទិទេពមួយអង្គដែលគេហៅថា ព្រះនារាយ​ណ៍មានភ្នែកមួយ​ពាន់​ជើង​មួយ​ពាន់ បានសម្រេចចិត្តផ្ទុំកណ្តាលសមុទ្រ។ ព្រះនារាយណ៍ផ្ទុំលើនាគអនន្ត-សេស (Ananta-Sesa) ដែល​មាន​ជីវិត​អមតៈ ក្បាលមួយពាន់ ។ ព្រះនារាយណ៍​ភ្ញាក់​ពី​​ផ្ទុំ​ដោយមហិទ្ធិរិទ្ធិ (Atman) អាត្ម័ន​របស់ព្រះអង្គ ព្រះនារាយណ៍បានឃើញពិភពលោក ក្នុងខណៈនោះព្រះអង្គ​បាន​ធ្វើ​បដិហារ្យ​ដើម្បីបង្កើតជីវិតនានា ​ផ្កាឈូក​បានផុសឡើង​ចេញ​ពី​ផ្ទិត​ដោយ​ការ​​​ប្រឹងប្រែងរបស់ព្រះអង្គ​ដែលនៅក្នុងផ្កាឈូកមានព្រះព្រហ្មមុខបួន​ ដែល​នឹង​មក​ត្រួត​ត្រា​នូវការបង្កើតលោកថ្មី​។

មានអត្ថបទផ្សេងទៀតដូចជា​៖ មត្ស្យបុរាណ (Matsya-purana) មាក៌ណ្ឌេយ​បុរាណ (Mārkandeya-purana) ដែលមានសាច់រឿងដូចគ្នា ក៏ប៉ុន្តែអត្ថបទ ភាគវត​បុរាណ (Bhāgavata-purana) ដែលបានបញ្ជាក់សាច់រឿងច្បាស់លាស់។

អត្ថបទ​ដើម​ចម្លង​ទាំង​ស្រុង​ពី ភូមិខ្ញុំ៖ បដិមាសាស្ត្រ​ សិល្បៈ​ខ្មែរ

រូបថត៖ Metropolitan, New York (1) & (2)

អានបន្ថែម៖

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ទេពកថា, ទេពកថាព្រហ្មញ្ញសាសនា and tagged , , , , , . Bookmark the permalink.