ព្រះភេសជ្ជៈគ្រូ


«ស្រីភៃសជ្យគុរុវៃទូរ្យប្រភរាជ» គឺជាព្រះនាមរបស់អាទិពុទ្ធក្នុងពុទ្ធសាសនាមហាយាន។ «ភៃសជ្យ» ជាពាក្យសំស្ក្រឹតដែលត្រូវនឹងពាក្យបាលីថា «ភេសជ្ជ» មានន័យថាថ្នាំ គ្រឿងកែរោគ។ «ភៃសជ្យគុរុ» មានន័យថា «គ្រូថ្នាំ»។ រោគដែលព្រះអង្គព្យាបាលគឺទុក្ខ ថ្នាំដែលព្យាបាលគឺពាក្យប្រៀនប្រដៅរបស់ទ្រង់។

គេជឿថាគេអាចសះស្បើយពីជំងឺដោយគ្រាន់តែបានស្ទាបអង្អែលប្រតិមាឬចម្លាក់ព្រះពុទ្ធអង្គនេះ។ មានគម្ពីរដែលគេប្រែទៅជាភាសាចិននៅសតវត្សទី៤​ អំពីព្រះភៃសជ្យគុរុ ដែលបង្ហាញថាព្រះអង្គក្លាយជាព្រះពុទ្ធនៅពេលដែលព្រះសក្យមុនីគោត្តមនៅត្រឹមតែជាព្រះពោធិសត្វនៅឡើយ។ ព្រះអង្គគ្រប់គ្រងនៅស្ថានសួគ៌ខាងកើតឈ្មោះ អភិរតិ។ ព្រះអង្គមានព្រះពោធិសត្វពីរអង្គនៅហែហមគឺព្រះសូរ្យវៃរោចនចណ្ឌរោចិស និងព្រះចន្ទ្រវៃរោចនរោហិណីច ដែលជួយព្រះអង្គកម្ចាត់ទុក្ខនិងនៅឈរយាមសត្យធម៌។

«វៃទូយ៌្យប្រភរាជ» ជាព្រះនាមមួយទៀតរបស់ទ្រង់ដែលមានន័យថា «ស្ដេចពិទូរ្យដ៏មានរស្មី»។ នៅក្នុងសិលាចារឹកឯប្រាសាទបាយ័នច្រើនប្រើព្រះនាមទ្រង់ជា «ឝ្រីភៃឞជ្យគុរុវៃទូយ៌្យប្រភរាជ» ឬ «ស្រីភៃសជ្យគុរុវៃទូយ៌្យប្រភរាជ»។

រូបខាងក្រោមទី១ គឺគំនូរព្រះភៃសជ្យគុរុខាងទីបេត៍ រូបទី២ជាបដិមាព្រះភៃសជ្យគុរុសាងពីលោហៈ និងទី៣ជាសម្រង់សិលាចារឹកនៅប្រាសាទបាយ័ន។

©ចំណេះដឹងខ្លីៗអំពីសិលាចារឹកខ្មែរ

ចម្លងអត្ថបទ​ពី ចំណេះដឹងខ្លីៗអំពីសិលាចារឹកខ្មែរ៖ «ឝ្រីភៃឞជ្យគុរុវៃទូយ៌្យប្រភរាជ»។ ខ្ញុំចម្លងអត្ថបទនេះមកដោយសារ​ចង់​បង្ហាញពី​ព្រឹត្តិការណ៍​មួយ​ដែល​ទាក់ទង​នឹង​​ព្រះអង្គនេះ។ សេចក្ដីមានដូចខាង​ក្រោម៖

កាលពី​រសៀល​ថ្ងៃទី៤ មេសា មាន​ការ​ប្រគល់ប្រតិមា​មួយ​​ដល់សារមន្ទីរជាតិ (រូបខាងក្រោម) ដោយ​អនិកជន​ខ្មែរ​ម្នាក់​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិច​។ ប្រតិមា​នោះ​ជា​ទេព​មួយ​អង្គុយ​ពែន​ភ្នែន ដៃប្រណម្យ​នៅ​លើ​ពោះ​​ដោយ​មាន​ក្ដោប​អ្វី​មួយ​ផង។ បើតាម​ការ​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​​ លោក ជា សុជាតិ អ្នកអភិរក្សប្រតិមាអំពីថ្មនៅសារមន្ទីរជាតិគិត​ថា «ប្រតិមានេះ​ទំនងធ្វើមិនទាន់រួច ហើយប្រហែល​ជា​ធ្វើ​នៅ​រោងជាង​ណា​មួយ​នៅ​ឆ្ងាយ​ពី​រាជធានី​។ ប្រតិមា​នេះទំនង​ស្ថិត​នៅ​ចុង​នៃ​រចនាបថ​បាយ័ន ប្រហែល​ពាក់កណ្ដាលសតវត្ស​ទី១៣ដល់ដើមសតវត្សទី១៤។ ឯ​វត្ថុ​ធាតុ​ដែល​ជា​ថ្មភក់នោះ ក៏មិន​មាន​សមាសធាតុ​ស្រដៀង ឬដូច​ទៅ​នឹង​ថ្ម​ដែល​គេ​យក​មក​សាង​ជា​ប្រតិមា​ព្រះ​បាទ​ជយវម្ម៌ទេវ (ទី៧) ដែរ»។ តាម​ការ​សរសេរ​នៅ​ក្នុង​បណ្ដាញ​សារព័ត៌មាន​ផ្សេងៗ (តំណភ្ជាប់មាននៅខាង​ក្រោម) ហៅ​ប្រតិមា​នេះថា​ជា «ព្រះពុទ្ធស្ដេចថ្នាំ» តែលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវធ្វើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា គិត​ថា​រូប​នេះ​គួរ​ជា​ព្រះពោធិសត្វ​​ណា​មួយ​ក្នុង​ចំណោម​ព្រះពោធិសត្វ​ទាំង​ពីរ​​ដែល​តែង​តែ​នៅ​អម​នឹង​​ព្រះភេសជ្ជៈគ្រូ ពីព្រោះ​ព្រះភេសជ្ជៈ​គ្រូ​​​​ដាក់​ដៃ​តម្រៀប​លើ​គ្នា​ដោយ​ផ្ងារ​បាត​ដៃ (របៀប​សមាធិ) ដោយ​ទ្រ «ផ្លែស្រម៉» ​លើ​ភ្នែន។ រូប​នេះមាន​កាយ​វិការ​ដូច​នឹង​រូប​ដែល​គេ​ប្រទះ​ឃើញ​​តាម​រយៈ​កំណាយ​មួយ​នៅ​ប្រាសាទ​ទន្លេស្ងួត​នៅ​ឆ្នាំ២០១៧ (អាន​របាយការណ៍​នៅ​តំណភ្ជាប់ក្រោម​បំផុត)។

ប្រតិមាដែលទើបយកមកប្រគល់ឱ្យសារមន្ទីរ

សូមអានជា​ទូទៅអំពីព្រះអង្គនេះ៖

សូមអាន​ព័ត៌មាន​អំពី​ការ​ប្រគល់ប្រតិមា​មួយ​ឱ្យសារមន្ទីរ​ជាតិ​នៅ​ថ្ងៃទី៤ មេសា ២០១៩៖

សូមអាន​ព័ត៌មាន និងរបាយការណ៍​អំពី​កំណាយ​នៅ​ប្រាសាទ​ទន្លេស្ងួត៖

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទេពកថាពុទ្ធសាសនា, ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ​ បុរាណ​វិទ្យា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

1 Responses to ព្រះភេសជ្ជៈគ្រូ

  1. Pingback: អរោគ្យសាលា | តាម៉ាប់ យាយម៉ាប់

សាសង