ប្រាសាទនៅសំបូរព្រៃគុក


ក្រុមប្រាសាទ​សំបូរព្រៃគុក ជា​ក្រុមប្រាសាទ​ធំៗចំនួន៣ និងប្រាសាទដទៃទៀត​ដែលស្ថិត​នៅ​​តែឯង​ ឬជាក្រុម (ឧទាហរណ៍ ​ក្រុម​ប្រាសាទ​របង​រមាស)។ បើ​យើង​ពិនិត្យ​មើល​ផែន​ទី​ខាង​ក្រោម យើង​នឹង​ឃើញ​ថា ក្រុមប្រាសាទ​ធំៗ​ទាំង​៣ គឺ​ស្ថិត​នៅ​ខាង​កើត​នៃ​អូ​រ​មួ​យ​ហៅ​ថា អូរគ្រូកែ ឯ​នៅ​ខាង​លិច​អូរ​នោះ​ជា​ក្រុង​បុរាណ​ដែល​មាន​កំពែងមួយ​ជាន់​​​ព័ទ្ធ​ពី​បី​​ទិស និង​មានគូ​ទឹក​រត់​ស្រប​កំពែង​នោះ។ ជាទូទៅ សំណង់​ភាគ​ច្រើននៅទីនេះ​កសាង​នៅ​សតវត្ស​ទី៧ តែ​ក៏​អាច​​មាន​សំណង់​កសាង​នៅ​ពេល​ក្រោយ​ដែរ បើ​ផ្នែក​តាម​បដិមាសាស្ត្រ និងសិលាចារឹក។ ក្នុង​ប្រកាស​នេះ​ ខ្ញុំ​នឹង​សសេរ​ត្រួស​ៗ​ ដោយ​បង្ហាញ​តែ​ប្រាសាទ​ធំ​ៗ​នៃ​ក្រុម​ទាំង​បី​នេះ​ប៉ុណ្ណោះ ឯ​ប្រាសាទ​ដទៃ​ទៀត​នឹង​មាន​ផ្សាយ​នៅ​ប្រកាស​ក្រោយៗ។

ផែនទីសំបូរព្រៃគុក

ក្រុមប្រាសាទសំបូរ តាងដោយអក្សរ (N-Northern Group) មានកំពែងពីរជាន់ (បន្ទះ​ថ្មភក់​​សង់​លើរបង​​ឥដ្ឋ​នៅ​កំពែង​ខាង​ក្នុង និងថ្ម​បាយក្រៀម​​នៅ​កំពែង​ខាង​ក្រៅ) និងគូទឹក​មួយ​ជាន់​ទៀត។ នៅ​ក្នុង​កំពែងខាង​ក្នុង​​នេះ​មាន​ប្រាសាទ​៥ ក្នុង​នោះ​មាន​ប្រាសាទ​តែ​មួយ​គត់​ដែល​មាន​រាង​អដ្ឋកោណ (៨ ជ្រុង)។ នៅ​ចន្លោះ​កំពែងខាង​ក្នុង និង​កំពែងថ្ម​បាយ​ក្រៀមមាន​ប្រាសាទ​៥ទៀត ឯ​នៅ​ចន្លោះ​កំពែង​ថ្ម​បាយ​ក្រៀម និង​គូ​ទឹក​មាន​ប្រាសាទ​ជា​ច្រើន​ទៀត​ដែល​នៅ​សល់​រូប​រាង​ល្អ។ ខាង​ក្រោម​នេះ​ជា​រូប​ប្រាសាទដែល​គេ​តាង​ដោយ​ N1 នៅ​លើ​ខឿន​​ធំ​មួយ​ និង​មាន​ប្រាសាទ​រណ​ប​នៅ​តាម​ទិស​តូចៗ​ទាំង​បួន។ ប្រាសាទនេះ​មាន​ទំហំ​ធំ​ជាង​ប្រាសាទ​ដទៃ​ហើយ​មាន​ទ្វារ​ចូល​ពី​គ្រប់​បួនទិស តែ​គួរ​ឱ្យ​សោក​ស្ដាយ​ព្រោះ​កំពូល​ប្រាសាទ​បានបាក់​រលំ​អស់​ទៅ​ហើយ។

ក្រុមប្រាសាទតោ តាងដោយអក្សរ (C-Central Group) មានកំពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំវិញពីរ​ជាន់។ សព្វថ្ងៃនៅ​មាន​តែ​ប្រាសាទ C1 ទេដែល​នៅ​សល់​រូបរាង ក្រៅពីនេះរលំអស់​ក្លាយ​ជា​ទួលអស់​ទៅ​ហើយ។ ប្រាសាទ C1 បែរ​មុខ​ទៅ​ទិស​ខាង​កើត និង​មាន​ទ្វារ​បញ្ឆោត​ពី​គ្រប់​៣​ទិស​ដទៃ​ទៀត។ នៅ​ខាង​កើត​ដដែល​នោះ នៅ​អមសង​ខាង​ជណ្ដើរ​ឡើង​ទៅ​ប្រាសាទ យើង​ឃើញ​មាន​តោ​ថ្ម​មួយ​គូឈរ​ស្ទើរ​អង្គុយ ដែល​ជា​មូល​ហេតុ​នាំ​ឱ្យ​គេ​ហៅ​ប្រាសាទ​នេះ​ថា​ប្រាសាទ​តោ។ តាម​ការ​ពិនិត្យ​ត្រួសៗ តោ​ឆ្មាំ​នេះ​គួរ​មាន​ដល់​ទៅ​៨ (?) ព្រោះ​យើង​ឃើញ​សំណល់​ជើង​តោ​​នៅ​លើ​ជើង​ទម្រនៅ​​តាម​ច្រក​ទ្វារ​បញ្ឆោត​ផ្សេង​ទៀត។

ក្រុមប្រាសាទយាយព័ន្ធ តាង​ដោយ​អក្សរ (S-Southern Group) មាន​កំពែងពីរជាន់ (កំពែង​ខាង​ក្នុង​ជា​ឥដ្ឋ និង​កំពែង​ខាង​ក្រៅ​ជា​ថ្មបាយក្រៀម)។ នៅ​ក្នុង​កំពែង​ខាង​ក្នុង​មាន​ប្រាសាទ​សរុប៧ ក្នុង​នោះ​ប្រាសាទ៥មាន​រាង​ប្រាំបីជ្រុង។ ប្រាសាទ S1 មានរាង​បួន​ជ្រុង នៅ​ល្អ​ជាង​គេ បែរ​ទៅ​ខាង​កើត និង​មាន​ទ្វារ​បញ្ឆោត​ពី​គ្រប់​៣​ទិស​ដទៃ​ទៀត។ នៅ​ខាង​មុខ​នោះ មាន​ប្រាសាទមួយធ្វើ​ពី​ឥដ្ឋ (តាង​ដោយ​លេខ S2) ធ្វើ​គ្រប​លើ​សំណង់​មួយ​សណ្ឋាន​ជា​រោង​ធ្វើ​ពី​ថ្មភក់។ បើ​តាម​សិលាចារឹក​គគេ​មាន​តម្កល់ «ព្រះ​គោ​ប្រាក់» មួយ​នៅ​ក្នុង​នោះ។

វីដេអូអបអរខួបពីរឆ្នាំ​នៃ​ការចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិ​បេតិកភណ្ឌពិភពលោក​របស់​អង្គការ​យូនេស្កូ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៖

UNESCO: Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , , , . Bookmark the permalink.

សាសង