ប្រាសាទ​ភ្នំបូក


ភ្នំ​បូក​ ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ ភ្នំ​ទាំង​ ៣ នៃ យសោធរបុរៈ ។ ភ្នំ ២ ផ្សេង​ទៀត គឺ ភ្នំ​ក្រោម និង​ភ្នំ​បាខែង ។ នៅ​លើ​កំពូល​ភ្នំ​នេះ មាន​ប្រាសាទ​មួយ​ដែល​មាន​ប្រាង្គ​ធំ​​ ៣ ដែល​មាន​ទំហំ​ប៉ុន​គ្នា​​សង់​លើ​ខឿន​ថ្ម​ភក់ ១ និង​ ប្រាសាទ​តូច​ៗ ចំនួន ៤ (ធម្មសាលា) ធ្វើ​អំពី​ថ្ម​ភក់ ២ និង​ឥដ្ឋ ២ បែរ​មុខ​ទៅ​រក​ប្រាង្គ​ធំ​ទាំង​ ៣ ។  ប្រាង្គ​​ធំ​ៗ ទាំង ៣ នេះ ប្រាង្គ​កណ្ដាល​កសាង​ដើម្បី​ឧទ្ទិស​ដល់​ ព្រះសិវៈ, ប្រាង្គ​ខាង​ជើង​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ និង​ប្រាង្គ​ខាង​ត្បូង​ឧទ្ទិស​ដល់​ព្រះ​ព្រហ្ម ។ ក្នុង​ន័យ​សាសនា ប្រាសាទ​ភ្នំ​បូក ដែល​ត្រូវ​បាន​ស្ថាបនា​ក្នុង​រាជ្យ ព្រះបាទ​យសោវម៌្មទី ១ (889 – 899) ស្ថិត​ក្នុង​រចនាបថ​បាខែង បាន​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​គ្រប់​លំដាប់​ថ្នាក់​ទទួល​បាន​ការពារ​ពី អាទិទេព ត្រីមូតិ (ព្រះព្រហ្ម ព្រះវិស្ណុ និង​ព្រះ​សិវៈ) និង​ជា​សញ្ញា​នៃ​ការ​ឯកភាព​ជាតិ​យ៉ាង​រឹង​មាំ ។

នៅ​ពេល​ដែល​ ព្រះបាទ​យសោវម៌្មទី ១ ទ្រង់​ជ្រើស​រើស​រក​ទី​ទួល​ខ្ពស់​មួយ​សម្រាប់​ធ្វើ​ជា​ស្នូល​រាជ​ធានី​ក្នុង​ន័យ​សាសនា ព្រះ​អង្គ​បាន​ជ្រើស​រើស​យក ​ភ្នំ​បាខែង ក៏​ដោយ​សារ​ ភ្នំ​បូក​ ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក (ទន្លេសាប) និង​មាន​កម្ពស់​ខ្ពស់ (២២១ ម៉.) ឯ​ ភ្នំ​ក្រោម​ វិញ​ស្ថិត​នៅ​ជិត​នឹង​ប្រភព​ទឹក​ (ទន្លេសាប) ពេក ។ ម៉្យាង​វិញ​ទៀត ភ្នំ​បាខែង មាន​កម្ពស់​ទាប​ល្មម និង​ស្ថិត​នៅ​ចំ​កណ្ដាល​ភ្នំ​ទាំង ២ ។ ផ្ទុយ​ពី​ ​ប្រាសាទ​ភ្នំ​បាខែង ដែល​កសាង​ដើម្បី​ឧទ្ទិស​ដល់​ ព្រះសិវៈ ក្នុង​រូប​ភាព​ជា លិង្គ ដែល​មាន​នាម​ថា យសោធ​រេស្វរៈ ប្រាសាទ​ភ្នំ​បូក និង​ប្រាសាទ​ភ្នំ​ក្រោម​ត្រូវ​បាន​កសាង​ដើម្បី​ឧទ្ទិស​ដល់ អាទិទេព ​ត្រី​មូតិ ។ ប្រាសាទ​ភ្នំ​បូក និង​ប្រាសាទ​ភ្នំ​ក្រោម មាន​ប្លង់​គំរូ​ដូច​គ្នា​បេះបិទ ដោយ​គ្រាន់​តែ​ ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​ភ្នំ​ក្រោម ធំ​ជាង​ប្រាង្គ​ទាំង ២ ដែល​អម​សង​ខាង ។ ព្រះ​កេស​បដិមា ​ត្រីមូតិ ត្រូវ​បាន​ លោក Louis Delaporte នាំ​យក​ទៅ​ស្រុក​បារាំង​នៅ​ឆ្នាំ ១៨៧៣ ហើយ​សព្វ​ថ្ងៃ​តម្កល់​ទុក​នៅ​សារមន្ទីរ Guimet

ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ

បច្ចុប្បន្ន​ ប្រាសាទ​ភ្នំ​បូក​ ស្ថិត​ក្នុង​សភាព​បែក​បាក់​ជា​ដំណំ ។ ​កំពូល​នៃ​ប្រាង្គ​កណ្ដាល​ និង​ប្រាង្គ​ខាង​ត្បូង​បាន​បាក់​ធ្លាក់​ចុះ និង​រាយប៉ាយ​ពេញ​ទី​ធ្លា ។ ឯ​ប្រាង្គ​ខាង​ជើង ទោះ​ជា​ស្ថិត​ក្នុង​សភាព​ប្រសើរ​ជាង​ប្រាង្គ​ទាំង ២ ទៀត​ក៏​ដោយ ក៏​មាន​ការ​ខូចខាត​ជា​ច្រើន​ផង​ដែរ ។ ធម្មសាលា​ ២ ដែល​ធ្វើ​អំពី​ឥដ្ឋ បាន​បាក់​បែក​ខូច​អស់​ទៅ​ហើយ ចំណែក​ឯ​ ធម្មសាលា ២ ទៀត​ដែល​ធ្វើ​អំពី​ថ្ម​ភក់​ស្ថិត​​ក្នុង​សភាព​ទ្រុឌទ្រោម ដោយ​សារ​តែ​មាន​ដើម​ផ្កា​ចំ​ប៉ី ដុះ​ចំ​ពី​លើ​ ធម្មសាលា​ ទាំង ២ នេះ ។ ឯ​កំពែង​ថ្ម​បាយ​ក្រៀម និង​គោរបុរៈ​ទាំង ៤ បាន​ខូច​ខាត​បាត់​បង់​អស់​ទ្រង់​ទ្រាយ​ដើម ។

នៅ​ជ្រុង​អាគ្នេយ៍​ គោរបុរៈ ខាង​កើត​មាន​វិហារ​ពុទ្ធសាសនា​មួយ​ដែល​ត្រូវ​បាន​គេ​ស្ថាបនា​មក​ថ្មី ប្រហែល​ជា​ក្រោយ​សង្គ្រាម​ស៊ីវិល ប៉ុន្តែ​បច្ចុប្បន្ន​ពុំ​មាន​ព្រះ​សង្ឃ​គង់​នៅ​នោះ​ទេ ដោយ​​គេ​បាន​រើ​វត្ត​ទៅ​ជើង​ភ្នំ​វិញ ងាយ​ស្រួល​សម្រាប់​ចាស់​សុំ​សមាទាន​សីល​ ដោយ​មិន​ចាំ​បាច់​ឡើង​ចុះ​ភ្នំ​ច្រើន​ដង នាំ​ឲ្យ​មាន​ផល​វិបាក ។

***

អាន​ផង​ដែរ ៖ កម្សាន្ត​ភ្នំ​បូក

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , . Bookmark the permalink.

7 Responses to ប្រាសាទ​ភ្នំបូក

  1. ស្តាប់ទៅចេះប្រវត្តសាស្ត្រជាងប្រវត្តវិទូ មីសែល ត្រាណេទៅទៀត។ គួរអោយសរសើរមែនៗ!

    • ទេ ទៅមិនដល់​លោក​គ្រូមីសែល ត្រាណេ ទេ ។ ត្បិត​ខ្ញុំ​មិន​​ដែល​បាន​សិក្សា​ផ្នែក​ប្រវត្តិ​សាស្ត្រ​ឲ្យចំ និង​មិន​ដែល​សិក្សា​ក្រោម​ការបង្រៀន​របស់​គាត់ ខ្ញុំ​ចាត់​ទុកគាត់​ជា​គ្រូធំ​មួយ​ដែល​ អត្ថបទ​ខ្លី និង​សៀវភៅ​ជា​ច្រើន​របស់​គាត់​បាន​ជម្រុញ​ និង​ទាក់​ចិត្ត​ខ្ញុំ​ឲ្យ​ជាប់​នឹង​រឿង​ប្រវត្តិ​សាស្ត្រ ។ លោក​គ្រូ​គាត់​ចេះ​វិភាគ​ ចេះ​វាយ​តម្លៃ និង​ចេះ​សន្និដ្ឋាន​បាន​យ៉ាង​ល្អ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ដឹង​តែ​គោល​ៗ សើៗ នោះទេ ។

  2. Pingback: ប្រាសាទ​កុដិស្វរៈ | តាម៉ាប់ យាយម៉ាប់

  3. Pingback: មហាលិង្គ ភ្នំបូក | តាម៉ាប់ យាយម៉ាប់

  4. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

  5. Pises Say ថា:

    នេះជាការចែករំលែកចំណេះដឹងអោយកូនខ្មែរដទៃទៀត

  6. Pingback: ព្រះ​ត្រីមូត៌ិ​ នៃភ្នំ​បូក | តាម៉ាប់ យាយម៉ាប់

សាសង