ធ្វើ​បច្ចុប្បន្នភាព ៖ ប្រាសាទ​ស្នឹង​លិច


ខ្ញុំ​សរសេរ​ប្រកាស​នេះ​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​​ពី​ប្រកាស​មុន​ដែល​​សរសេរ​ពី ប្រាសាទ​ស្នឹង​កើត​-លិច ដោយ​សារ​ទទួល​ឃើញ​ឯកសារ​​ថ្មី​មួយ ​។ ប្រកាស​នេះ​​និយាយ​អំពី​ក្បាច់​ចម្លាក់​នៅ​លើ​ ផ្ដែរ នៃ​ប្រាសាទ​ស្នឹង​លិច ។

១. ផ្ដែរ​ទិស​ខាង​កើត ៖ មាន​ចម្លាក់​រឿង​កូរ​សមុទ្រ​ទឹកដោះ ។

កូរ​សមុទ្រ​ទឹក​ដោះ​ កាលព្រះ​វិស្ណុ​​បំលែង​ខ្លួន​ទៅ​ជា​អណ្ដើក​កូម៌ៈ

កូរ​សមុទ្រ​ទឹក​ដោះ​ កាល ព្រះ​វិស្ណុ ​​បម្លែង​ខ្លួន​ទៅ​ជា​ អណ្ដើក​​កូម៌ៈ

២. ផ្ដែរ​ទិស​ខាង​លិច ៖ ព្រះ​វិស្ណុ​ផ្ទំ​លើ​គជសីហ៍​នៅ​​កណ្ដាល​ ព្រះព្រហ្ម​គង់​លើ​ផ្កា​ឈូក​ដែល​ផុស​ចេញ​ពី​ផ្ចិត​ ព្រះវិស្ណុ, ឯ​នៅ​ចុង​ជើង​ ព្រះ​វិស្ណុ មាន​ស្ត្រី​ពីរ​នាក់, ស្ត្រី​ទី​មួយ​ គឺ​ព្រះ​នាង​លក្ស្មី (1) ជា​មហេសី​ធំ​ដែល​គេ​តែង​តែ​ឃើញ​ និង​ម្នាក់​ទៀត​ប្រហែល​ជា ព្រះនាង​ភូទេវី ជា​មហេសី​បន្ទាប់ ។ រឿង​នេះ​សូម​បន្ថែម​ទៀត ដោយ​សារ​មាន​រឿង ២ ផ្សេង​ទៀត​នៅ​លើ​ផ្ដែរ​តែ​មួយ​ ។ នៅ​ខាង​ឆ្វេង​ ចម្លាក់​ជា​រូប​ព្រះ​វិស្ណុ ឈាន​ ៣ ជំហាន​យក​ចក្រវាល  (ព្រាហ្មណ៍​តឿ វាមនៈ ដែល​សុំ​ដី​យក្ស ៣ ជំហាន) ។ ឯ​នៅ​ខាង​ស្ដាំ ប្រហែល​ជា រូប​ព្រះ​ក្រិស្នា សម្លាប់​នាគ​កលិយៈ និង​សត្វ​បិសាច​ផ្សេង​ៗ ដែល​ ស្ដេច​កាំសៈ ជា​មារ​បញ្ជូន​មក​សម្លាប់ ។ (2)

ព្រះវិស្ណុផ្ទំ​លើ​ ? (ជា​ទូទៅ​លើ​នាគ​អនន្តៈ)

(ឆ្វេង) – ព្រះវិស្ណុ ឈាន ៣ ជំហាន​យក​ចក្រវាល (កណ្ដាល) – ព្រះវិស្ណុ ផ្ទំ​លើ​ គជសីហ៍? (ជា​ទូទៅ​លើ​ នាគ​អនន្តៈ) (ស្ដាំ) – ព្រះ​ក្រិស្នា សម្លាប់​នាគ កលិយៈ និង​សត្វបិសាច

៣. ផ្ដែរ​ទិស​ខាង​ត្បូង​ ៖ ​ចម្លាក់​រូប​សត្វ​តោ​ ៣ក្បាល​កំពុង​តែ​ទ្រ​មនុស្ស (ឬ​ទេវតា) ដែល​កំពុង​លេង​ចត្រង្គ (សរសេរ​លើក​មុន) ។ ជា​ការ​ពិត​ផ្ដែរ​នេះ​និយាយ​អំពី​ឈុត​មួយ​​ក្នុង​ រឿង​មហាភារតៈ ត្រង់​ពួក​បាណ្ឌភ (នៅ​ខាង​ឆ្វេង​មាន ៖ ​យុធិស្ឋិរ, ភីម, អជ៌ុន, នកុល និងសហេទេវ តាម​លំដាប់​ពី​បង​ទៅ​ប្អូន) លេង​ឡុកឡាក់ (3) ​និង​ ពួក​កោរព (​នៅ​​ខាង​ឆ្វេង​មាន ៖ ទុយ៌ោធន, សកុនី ជា​ពូ និង ទុហសាសនៈ ជាប្អូន), ពួក​បាណ្ឌភ ចាញ់​អស់​ទាំង​វាំង ទាំង​នគរ ទាំង​ខ្លួន ឯ​នាង​ទ្រៅ​ប​ទី ជា​ភរិយា ក៏​ត្រូវ ទុហសាសន សម្រាត​សំពត់​ទៀត ។ (4)

បញ្ជាក់​ផង​ដែរ​ថា រឿង​មហាភារតៈ នេះ​ជា​រឿង​ចម្បាំង​ធំ​មួយ​ដូច​នឹង​ រឿង​រាមកេរ្តិ៍​ ដែរ ខ្មែរ​សម័យ​អង្គរ​ឮជ្រួតជ្រាប​រឿង​នេះ​ណាស់ លុះ​សម័យ​ក្រោយ​មក​បែរ​ជា​ភ្លេចភ្លាំង​អស់​រលីង ។ ពួក​បាណ្ឌភ មាន​ ៥ នាក់​បង​ប្អូន ៖ យុធិស្ឋិរ (ជា​អ្នក​ធ្ងន់​ក្នុង​សច្ច និង​មាន​សទ្ធា​ជ្រះ​ថ្លា), ភីម (មាន​កម្លាំង​មហិមា), អជ៌ុន/អរជុន (ជា​អ្នក​ចម្បាំង​មាន​ថ្វីដៃ), នកុល និង​ សហទេវ/សហទេព ជា​កូន​ភ្លោះ ។ ឯ​ពួក​កោរព​មាន​បងប្អូន ១០០ នាក់ ដែល​មាន ទុយ៌ោធន/ទុរយោធន ជា​បងបង្អស់ ។

តោ​សិង្ហ​ទ្រ​ ទេវតា? លេង​ចត្រង្គ

ពួក​បាណ្ឌភ (ខាង​ឆ្វេង​) លេង​ចត្រង្គ ពួកកោរព (ខាង​ស្ដាំ), ពួក​បាណ្ឌភ ចាញ់​អស់​ទាំង​វាំង ទាំង​នគរ ទាំង​ខ្លួន ឯ​នាង​ទ្រៅ​ប​ទី ជា​ភរិយា ក៏​ត្រូវ ទុហសាសនៈ សម្រាត​សំពត់​ទៀត

***

អាន​បន្ថែម ៖

  1. CEN ៖ ទស្សន​វិស័យ​ពាក់ព័ន្ធ​​និង​ព្រះ​នាង​លក្ស្មី
  2. ប្រាសាទ​តុប​ខាង​កើត (មង្គលាថ៌)
  3. ក្នុង​សៀវភៅ​ដែល​បក​ដោយ ព្រះពិទូរ ឈឹម​ ក្រសេម ហៅ​ថា​ជា​ការ​លេង​ស្កា តែ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ ស្កា​ នោះ​ដូច​ម្ដេច​ដែរ ។ អាន ៖ ការ​លេង​ភ្នាល់​ស្កា​យ៉ាង​ធំ
  4. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ហេតុ​នាំ​ឲ្យ​កើត​​សង្គ្រាម​នៅ​កុរុក្សេត្រ

 

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , . Bookmark the permalink.

សាសង